ជនសង្ស័យបាញ់ សម្លាប់គូរដណ្តឹងរបស់ខ្លួន ត្រូវបញ្ជូនខ្លួនមកកម្ពុជាហេីយ
ភ្នំពេញ៖ ជនដៃដល់បាញ់សម្លាប់គូរដណ្តឹងរបស់ខ្លួន កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ ក្រោយពីគេចខ្លួនទៅថៃ។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ក្រោយពីទទួលបានបទបញ្ជាដឺម៉ឺងម៉ាត់ របស់ឯកឧត្តម នាយឧត្តមសេនីយ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌ បានសហការជាមួយលោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង ចុះទៅជួបប្រជុំជាមួយភាគីតម្រួតថៃ ។ ដោយមានកិច្ចសហប្រតិបត្តិការល្អពីភាគីតម្រួតថៃ ទើបនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២២ នៅវេលាម៉ោង ១៦ កម្លាំងតម្រួតថៃ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ យឺន វ៉ាន់ដេត នៅក្នុងទឹកដីខេត្តចន្ទបុរី ប្រទេសថៃ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៤១៨ គ១ ដ.ច.ន ចុះថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២០ របស់លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។
គួររលឹកផងដែរថា នៅវេលាម៉ោង ១៩និង៤៥នាទី នាយប់ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ជនសង្ស័យ ឈ្មោះ យឺន វ៉ាន់ដេត បានឈ្លោះប្រកែកគ្នាជាមួយគូរដណ្តឹងឈ្មោះ ស៊ុន ឌីណា អាយុ ២៦ឆ្នាំ ជានិសិ្សតពេទ្យបញ្ចប់សញ្ញាបត្របរិញ្ញាផ្នែកឡាបូ និងប្រកបមុខររបរ លក់ឡេតាមអនទ្បាញ ស្នាក់នៅផ្ទះកើតហេតុលេខH-03 ផ្លូវលំ (ក្នុងបុរីរំចេកអូដឹម) សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយសាររឿងប្រចន្ទ ហើយក៏មានការផ្ទុះអាវុធមួយគ្រាប់បណ្តាលឲ្យចំផ្ទាល់ខាងឆ្វេងធ្លាយមកកញ្ចឹងក ។ លុះដល់វេលាម៉ោង ១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ជនសង្ស័យបីជនរងគ្រោះចេញមកខាងក្រៅបន្ទប់ ហើយបានហៅកង់បីឥណ្ឌាដឹកជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តែដោយសភាពរបួសធ្ងន់ពេក ជនរងគ្រោះត្រូវស្លាប់នៅពេលបញ្ចូនទៅដល់មន្ទីរពេទ្យ ។ ជនសង្ស័យក៏បានរត់គេចខ្លួនទៅប្រទេសថៃរហូតដល់ពេលឃាត់ខ្លួននេះតែម្ដង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់ជូននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ រៀបចំបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ស្អែក ដើម្បីផ្តន្ទាទោសតាមច្បាប់៕