ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ព្រមានដកអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលមិនទទួលខុសត្រូវ លើតួនាទីបណ្តោយឱ្យល្បែងស៉ីសង រីកសាយភាយ​ ក្នុងមូលដ្ឋានរបស់ខ្លួន

144

 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឱ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ។ សម្តេតេជោ បានព្រមានដកអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រូបណាដែលមិនទទួលខុសត្រូវ លើតួនាទីបណ្តោយឱ្យល្បែងស៉ីសង រីកសាយភាយ​ ក្នុងមូលដ្ឋានរបស់ខ្លួន។

សារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ អំពាវនាវដល់អាជ្ញាធរថ្នាក់ក្រោមជាតិ សមត្ថកិច្ច និងប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេសកម្ពុជា។

សម្តេចតេជោ បានថ្លែងថា “ខ្ញុំសូមចេញបញ្ជាដោយម៉ឺងម៉ាត់បំផុត សូមចាត់វិធានការដាច់ណាត់ និងទាន់ពេលវេលាបំផុត។ ខ្ញុំមិនស្ទាក់ស្ទើរជាមួយនឹងការដកចេញពីមុខតំណែងនូវអភិបាលរាជធានី-ខេត្ត អភិបាលស្រុក ខណ្ឌ ក្រុង ឬមន្ត្រីនគរបាលថ្នាក់ណាក៏ដោយ ដែលរកឃើញថាមិនទទួលខុសត្រូវរបស់ខ្លួន។ ខ្ញុំសូមជម្រាបជូនថា មិនអាចបណ្តោយសភាពការណ៍បង្កឡើងបែបអនាធិបតេយ្យ នៅក្នុងបនល្បែងទៀតទេត្រូវម៉ឺងម៉ាត់ ត្រូវតែដាច់ខាត។ ល្បែងស៉ីសងទាំងនេះមិនបានចំណេញដល់សេដ្ឋកិច្ចជាតិនោះទេ ផ្ទុយទៅវិញបាននាំឱ្យប្រជាពលរដ្ឋដែលងប់ងុលនឹងល្បែងត្រូវលក់គោ លក់ក្របី ផ្ទះសម្បែង ដោយសារតែល្បែងនេះ”។

សម្តេច បានដាក់បញ្ជាឱ្យបិទរាល់ហាងកាហ្វេ ហាងគុយទាវ និងគ្រប់ទីតាំងទាំងអស់ ដែលបើកឱ្យមានលេងល្បែងស៉ីសង។ ត្រូវធ្វើវិធានការនេះឱ្យដាច់ណាត់បំផុត ហើយវាគ្មានការចាំបាច់មករំខាននាយករដ្ឋមន្ត្រីនោះទេ។ ប្រសិនបើអស់លោកអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ យកការទទួលខុសត្រូវមួយក្នុងឋានៈជាគណៈបញ្ជាការឯកភាព ដែលបញ្ជាទៅលើកម្លាំងនគរបាលជាតិ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា តែបញ្ហានៅត្រង់អស់លោក ចំណោទបញ្ហាតើច្រវាចិញ្ចឹមឆ្តោ ឬយ៉ាងណា? ហើយសម្តេចតេជោ ក៏បានអំពាវនាវទៅកាន់អ្នកធ្វើអាជីវកម្មទាំងឡាយ បើមិនចង់ឱ្យអាជីវកម្មរបស់ខ្លួន ត្រូវបិទទ្វារទេនោះ ត្រូវដកខ្លួនចេញជាបន្ទាន់ពីល្បែងស៉ីសងខុសច្បាប់។ បទបញ្ជានេះគឺដើម្បីនាំមកនូវសេចក្តីសុខ សុភមង្គលជូនប្រជាពលរដ្ឋ និងបញ្ចៀសកុំឱ្យមានចោរឆក់ ចោរប្លន់ ក្នុងសង្គមដោយសារតែល្បែងស៉ីសង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មុខសញ្ញាល្បែងដែលត្រូវបង្ក្រាបរាប់ទាំងឆ្នោតឡូតូ និងកន្ទុយលេខផងដែរ៕


អត្ថបទដែលជាប់ទាក់ទង