វ៉ូវីណាមចាប់ផ្តើមការប្រកួត ជើងឯកជាតិថ្ងៃនេះហើយ
ភ្នំពេញ៖ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២២ព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២បានចាប់ផ្ដើមប្រកួតហើយនៅអគារដំបូលទូកនៃសាកលវិទ្យាល័យភ្នំពេញ។
ការប្រកួតនេះមានរយៈពេល៣ថ្ងៃដោយចាប់ផ្ដើមពីថ្ងៃទី១៧ដល់១៩ ខែកញ្ញា ឆ្នាំ២០២២ដោយប្រើប្រាស់ថវិការបស់ក្រសួងអប់រំយុវជននិងកីឡានិងរៀបចំដោយសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា។
លោកយ៉ាំថៃសាន្តអគ្គលេខាធិការនៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានមានប្រសាសន៍នៅទីលានហ្វឹកហាត់សហព័ន្ធថាការប្រកួតជើងឯកឆ្នាំនេះសហព័ន្ធមានកីឡាករ កីឡាការិនី
ចំនួន៥៨នាក់ក្នុងនោះមានកីឡាការិនីចំនួន២៤នាក់កីឡាករចំនួន៣៤នាក់មកពី៨រាជធានីខេត្ត និងក្រសួង២គឺក្រសួងការពារជាតិព្រមទំាំងក្រសួងមហាផ្ទៃចំណែកខេត្តវិញរួមមានខេត្តប៉ៃលិន ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តព្រៃវែង និងខណ្ឌសែនសុខ។
លោកបន្តថា ការប្រកួតឆ្នាំនេះសហព័ន្ធបានដាក់ចំនួន ១៨ វិញ្ញាសាទាំងមេគុន និងប្រយុទ្ធ។វិញ្ញាសាផ្នែកមេគុនឯកត្តជនពេញវ័យមាន៩ប្រភេទដោយនារីមាន៤ប្រភេទគឺឡុងហួង្វៀង ថាប់ថឺង្វៀង មេគុនដាវនិងកាំបិតធំ។សម្រាប់បុរសមាន៥ប្រភេទនោះគឺថាប់ថឺង្វៀង
មេគុនដាវ កាំបិតធំ ងួនមួងង្វៀន និង ដំបង ។
វិញ្ញាសាមេគុនអាយុក្រោម១៦ឆ្នាំមានតែ២ប្រភេទប៉ុណ្ណោះគឺឡុងហូង្វៀង សម្រាប់នារី និងបុរស។វិញ្ញាសាប្រយុទ្ធមាន៧វិញ្ញាសាដោយនារីមាន៣វិញ្ញាសាសម្រាប់ប្រភេទអាយុ១៤ឆ្នាំគឺប្រភេទទម្ងន់៥១ដល់៥៥គីឡូក្រាមទម្ងន់៥៥ដល់៦០គីឡូក្រាមនិងទម្ងន់៥១ដល់៦០គីឡូក្រាម។ប្រយុទ្ធបុរសមាន៤ប្រភេទទម្ងន់គឺ៥១ដល់៥៥គីឡូក្រាម៦០ដល់៦៤គីឡូក្រាម៦៤ដល់៦៨គីឡូក្រាម និង ៥១ដល់៦៨គីឡូក្រាម៕