លោក សួន ស៊ីណេត ៖ ព្រោះតែស្រឡាញ់រទេះគោបុរាណ ទិញមកតាំងនៅផ្ទះលេងៗសោះ ក្លាយជាអាជីវករមានអតិថិជនត្រូវការរទះច្រើន
កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋក្នុងគ្រួសារមួយ ដោយមានទឹកចិត្តស្រឡាញ់រទេះ គោចាស់ៗ បុរាណ ដែលធ្វើអំពីឈើប្រណីតៗ ក៍មានគំនិតទិញរទេះគោយកមកដាក់តាំងមុខផ្ទះលេងៗក្រោយ មកក៍មាន អ្នកមកមកសុំទិញ ជាបន្តបន្ទាប់ទើបគាត់ ក៏ក្លាយជាអាជីវករលក់រទេះគោបុរាណៗតែម្តង ។
លោក សួន ស៊ីណេត ជាអាជីវករលក់រទះគោខ្មែរបុរាណចាស់ៗ មានទីលំនៅ ភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បាននិយាយថា៖ ដោយមានចិត្តស្រលាញ់រទេះគោខ្មែរបុរាណ ដែលជាកេរ្តិ៍ដំណែលរបស់ដូនតាខ្មែ រដែលបច្ចុប្បន្នស្ទើរតែបាត់អស់ទៅហើយនោះ ដោយសារតែគ្មានការផលិតឡើងវិញ ព្រោះប្រជាពលរដ្ឋ បានបោះបង់រទេះគោ ធ្វើពីឈើសំរាប់អូសទាញដោយគោ ក្របីងាកមកប្រើកម្លាំងម៉ាស៊ីន មកប្រើសម្រាប់ការងារ កសិកម្ម ការអូសទាញ និងដឹកជញ្ជូន មានដូចជាគោយន្ត ឬត្រាក់ទ័រ ជំនួសវិញ ទើបពីដំបូងឡើយលោកគ្រាន់តែមានគំនិតទិញរទេះគោចាស់ៗមកដាក់តាំងមុខផ្ទះគ្រាន់តែលំអរមើលតែប៉ុណ្ណោះ។ ក្រោយមកក៏មានអ្នកធ្វើដំណើរឃើញ និងមានទឹកចិត្តស្រឡាញ់ ដូចគាត់ដែរ ក៍សុំទិញជាបន្តបន្ទាប់គាត់ ហើយគាត់ក៏ចាប់ផ្ដើមទិញរទះគោចាស់ៗមកជួសជុលលក់ ប៉ុន្តែកម្រទិញបានទាំងមូលណាស់ គឺទិញបានជាបំណែកៗ បែកបាក់យកមកជួសជុលដាក់តាំងលក់តែម្ដង ។
លោក នួន ស៊ីណេត បានយល់ថា៖ រទេះគោចាស់ៗ គឺផលិតឡើងពីឈើប្រណិតៗ មានដូចជា ,សុក្រំ, ធ្នង់ ,នាងនួន និងគ្រញូង ជាដើម ដែលធ្វើឲ្យគាត់កាន់តែមានកម្លាំងចិត្តប្រមូលទិញបន្ថែមទៀត ។ ចំណែកអតិថិជនដែលបានទិញរទេះគោពីបុរាណពីគាត់ គឺភាគច្រើនទិញយកទៅដាក់តាំងលម្អនៅមុខផ្ទះ នៅតាមមុខភោជនីយដ្ឋាន អាហារដ្ឋាន ឬតាមស្ថានីយលក់ប្រេងឥន្ធនៈជាដើម ។ បច្ចុប្បន្ន មានអតិថិជនខេត្តបាត់ដំបង កុំម្ម៉ង់ឲ្យគាត់កែច្នៃ រទេះនោះអោយមានសោភ័ណ្ឌភាពថែមទៀត ដូចជាធ្វើជាក្បាលនាគ សម្រាប់ដាក់នៅតាម ចុងព្រែក ចុងភ្នាក់ដៃ និង និងនៅ ចុងចន្ទោល ដែលការតុបតែងបែបនេះ គឺអ្នកទិញ យកទៅ សម្រាប់បំរើអោយកម្មវិធី បំបួសនាគ ពិធីបុណ្យទានផ្សេងៗ និងរៀបអាពាហ៍ ពិពាហ៍ ជាដើម ។
លោក ហឺន សំបឿន ជាជាងជួសជុលរទេះគោអោយម្ចាស់ផ្ទះខាងលើ ក៏បាននិយាយអផោដឹងថាៈលោកត្រូវបានអ្នកលក់រទេះគោ អោយគាត់កែច្នៃប៉ះប៉ូវ រទះឈើចាស់ៗទាំងនោះ ដែលបាក់បែកតភ្ជាប់គ្នា គឺ មានការលំបាកខ្លះៗដែរ ដោយសារថាឈើខ្លះបាក់បែកទៅហើយ យើងយកមកកែច្នៃតភ្ជាប់គ្នា ទម្រាំតែចេញបានរទេះមួយៗ គឺជួបការលំបាកណាស់ដែរ ។
លោក នួន ស៊ីណេត សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានរទេះចាស់ៗ ទុកចោលតាមភូមិ តាមព្រៃ សូមយកមករក្សាទុក នៅកន្លែងដែលមានសុវត្ថិភាពដើម្បីទុកជាវត្ថុបុរាណ អោយកូនចៅបានស្គាល់ទៅថ្ងៃក្រោយ និងបើបងប្អូនណាចង់ទិញរទេះបុរាណខាងលើ សូមទាក់ទង មកលោកនៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដែលរទេះគោ១គ្រឿងៗមានតម្លៃលក់ពី៣០០ទៅ៤៥០ដុល្លារ ៕