ស៊ីហ្គេមឆ្នាំ២០២៣៖ ប្រើអ្នកស្ម័គ្រចិត្តពី ៥.០០០ ទៅ១០.០០០នាក់
ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានចាត់ទុកអ្នកស្ម័គ្រចិត្ត គឺជា DNA Of The Gamesព្រោះគេ គឺជាមនុស្សដ៏សំខាន់ដើម្បីគ្រប់គ្រងនិងដឹកនាំសកម្មភាពក្នុងព្រឹត្តិការណ៍ស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ប្រកបដោយស្នាមញញឹម និងកិត្តិយសជាតិ ក្នុងនាមជាម្ចាស់ផ្ទះ។
នេះជាការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការអ្នកស្ម័គ្រចិត្ត ដែលធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នេះ។
កិច្ចប្រជុំនេះបានធ្វើការវាយតម្លៃខ្ពស់ចំពោះគណៈកម្មការអ្នកស្ម័គ្រចិត្តដែលបានរៀបចំផែនការកាលវិភាគនិងការបែងចែករចនាសម្ព័ន្ធមានលក្ខណៈច្បាស់លាស់និងគ្រប់ជ្រុង
ជ្រោយ ក្រោមការដឹកនាំរបស់ឯកឧត្ដម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា។បន្ថែមលើនេះគណៈអចិន្ដ្រៃយ៍CAMSOCក៏បានពិភាក្សាគ្នានិងផ្ដល់នូវមតិយោបល់ជាច្រើន ដើម្បីជាធាតុចូលបន្ថែម ក្នុងការដឹកនាំអ្នកស្ម័គ្រចិត្តនេះផងដែរ។
ឯកឧត្តមរដ្ឋមន្ដ្រី ថោង ខុន អ្នកស្ម័គ្រចិត្តដែល CAMSOC បានត្រៀម គឺចន្លោះពី ៥ពាន់ ទៅ ១ម៉ឺននាក់ ដែលអាស្រ័យលើតម្រូវការជាក់ស្ដែងរបស់គណៈកម្មការជំនាញនីមួយៗ និង CAMSOC ទាំងមូល។
ក្នុងនោះគណៈកម្មការអ្នកស្ម័គ្រិចិត្ត បានទទួលការចុះឈ្មោះសម្រាប់ធ្វើជាជនបង្គោល នៃក្រុមអ្នកស្ម័គ្រចិត្ត គឺមានចំនួនជាង៥០០នាក់ហើយក៏ចាប់ផ្ដើមហាត់សមជាបណ្ដើរៗផងដែរ ដែលចំនួននេះ អាចគ្រប់គ្រាន់ក្នុងការដឹកនាំអ្នកស្ម័គ្រចិត្តចន្លោះពី ៥ពាន់នាក់ឡើង។
អ្វីដែលត្រូវចាប់អារម្មណ៍គឺគណៈកម្មការស្ម័គ្រចិត្តជាអ្នកគ្រប់គ្រប់និងដឹកនាំអ្នកស្ម័គ្រ
ចិត្តទាំងអស់ដែលជាសរសៃឬក៏ជាចរន្ដនៃការគ្រប់គ្រងនិងដឹកនាំសកម្មភាពនៃព្រឹត្តិការណ៍ស៊ីហ្គេមដែលគេហៅអ្នកស្ម័គ្រចិត្តគឺជាDNA Of The Gamesបានន័យថាគឺជាអ្នកគ្រប់គ្រងប្រព័ន្ធការងារនៃហ្គេមនិងជាចលនារបស់ហ្គេមទាំងអស់។គេចាត់ទុកអ្នកស្ម័គ្រចិត្តគឺជាមនុស្សសំខាន់ ហើយគេជំរុញនិងផ្ដល់កម្លាំងចិត្តឲ្យច្រើនណាស់ហើយយើងបានរៀបចំអ្នកស្ម័គ្រចិត្តរបស់
យើងឲ្យគាត់ទទួលបាននូវមោទនភាពរបស់គាត់ដូចជាការផ្ដល់ជូននូវកិត្តិយសជូនគាត់និងសម្ភារផ្សេងៗ។
ឯកឧត្តមបណ្ឌិត ថោង ខុន បានណែនាំការងារជាច្រើនទៀត។ ពិសេសអ្នកស្ម័គ្រចិត្ត ឯកឧត្តមបានជំរុញឲ្យរៀនអំពីការសង្គ្រោះបឋមឬសង្គ្រោះបន្ទាន់គឺម្នាក់ៗត្រូវមានជំនាញក្នុងចំណោមអ្នកស្ម័គ្រចិត្តទាំងអស់ដើម្បីមានលទ្ធភាពអាចជួយសង្គ្រោះជីវិតនិងបញ្ហាកើតឡើងគ្រប់ទីកន្លែងទាំងអស់ នៃព្រឹត្តិការណ៍របស់យើង ព្រោះព្រឹត្តិការណ៍របស់យើងមនុស្សច្រើន មនុស្សរាប់លាននាក់។អ៊ីចឹងយើងត្រូវតែមានស្មារតីជួយគ្នាទៅវិញទៅមកនិងរៀបចំឲ្យមានសមត្ថភាពរបស់អ្នកស្ម័គ្រចិត្ត។ គាត់រាយគ្នាគ្រប់កន្លែង យើងហៅថា DNA OF THE Games បានន័យថាគាត់នៅរាយគ្នាគ្រប់សារពាង្គកាយនៃគណៈកម្មការរបស់យើងនិងព្រឹត្តិការណ៍
ទាំងមូល»។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន ។
តាមរយៈកិច្ចប្រជុំខាងលើ គណៈអចិន្ដ្រៃយ៍ CAMSOC សង្ឃឹមយ៉ាងមុតមាំថា នឹងមានអ្នកស្ម័គ្រចិត្តគ្រប់គ្រាន់និងមានគុណភាពខ្ពស់ក្នុងការបម្រើសេវាដល់ព្រឹត្តិការណ៍ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ដែលជាមុខមាត់និងកិត្តិយសជាតិក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះព្រោះអ្នកស្ម័គ្រចិត្តគឺជាអ្នកដែលផ្ដល់នូវស្នាមញញឹមមុនគេនៅពេលទទួលស្វាគមន៍ភ្ញៀវអញ្ជើញមកដល់និងជាអ្នកផ្ដល់នូវស្នាមញញឹមចុងក្រោយគេ មុនពេលប្រតិភូ កីឡាករ-កីឡាការិនី និងភ្ញៀវទាំងអស់ត្រឡប់ទៅវិញ៕