កីឡាវាយកូនបាល់៥រូប នឹងទៅចូលរួមក្នុងព្រឹត្តិការណ៍ Davis Cup 2022
ភ្នំពេញ៖លោកជាពៅគ្រូបង្វឹកកីឡាវាយកូនបាល់កម្ពុជាបានប្រាប់ឲ្យដឹងថានៅខែតុលាខាងមុខនេះកម្ពុជានឹងបញ្ជូនកីឡាករកីឡាការិនីចំនួន៥រូបទៅចូលរួមក្នុងព្រឹត្តិការណ៍ Davis Cup 2022 ( Group IV ) នៅប្រទេសបារ៉ែន។
តាមការគ្រោងទុកចេញដំណើរនៅថ្ងៃទី១២ ខែតុលា និងត្រឡប់មកវិញនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។
លោក ជា ពៅបន្ត ថា ការចេញដំណើរគឺនឹងទៅឲ្យបានមុនការចាប់ផ្ដើមកម្មវិធីប្រកួតពី ៣ ទៅ ៤ថ្ងៃ ព្រោះក្នុងគោលបំណងហ្វឹកហាត់នៅទីនោះ ឲ្យបានសមជាមួយអាកាសធាតុ និងបានសម្រាកគ្រប់គ្រាន់។ ឆ្នាំនេះ កម្ពុជាគឺមានមហិច្ឆតាទៅប្រកួតដណ្ដើមយកជ័យជម្នះ ធ្វើយ៉ាងណាឲ្យបានឡើងមកកាន់ Group III វិញ បន្ទាប់ពីបានធ្លាក់ទៅ Group IV។
សូមបញ្ជាក់ថាកីឡាវាយកូនបាល់កម្ពុជាមិនដែលបានឡើងមកលេងនៅក្រុម២ដែល
ជាក្រុមសម្បូរទៅដោយប្រទេសខ្លាំងៗនោះទេ។កម្ពុជាឈានជើងចូលលេងព្រឹត្តិការណ៍ Davis Cupគឺនៅវិលវល់លេងនៅក្រុម៣និងក្រុម៤។
សម្រាប់ការចេញទៅលើកនេះកម្ពុជាជឿថា នឹងទទួលបានលទ្ធផលល្អមិនខាន។ហើយ កម្ពុជាមានមហិច្ឆតា ចង់ដណ្ដើមយកGroupIIIមកវិញព្រោះពេលនេះពួកគេបានប្រឹងប្រែងខ្លាំង មួយរយៈពេលមកនេះ។ ឆ្នាំនេះ គេសង្កេតឃើញថា កីឡាករ-កីឡាការិនីកម្ពុជា មានសមត្ថភាពរីកចម្រើនច្រើនជាងមុនខ្លាំង។
កីឡាករដែលត្រូវទៅប្រកួត មាន ប៊ុន កេន្នី, ឡុង សំនៀង, ឃ្លាំង ពន្លក, ក្រូសលីន ម៉ាធីវដាវីត និង ឡេង សារិនរាជ។ ក្រៅពីនេះ ក៏មានគ្រូបង្វឹក គ្រូជំនួយ គ្រូពេទ្យផ្នែកចលនា និងថ្នាក់ដឹកនាំ សរុបទាំងអស់ ៩នាក់៕