កម្ពុជានឹងបង្ហាញពី សភាពការណ៍ពិតរបស់ខ្លួន ដល់បណ្ដាសមាជិកអូឡាំពិកអាស៊ី
ភ្នំពេញ៖នៅក្នុងឱកាសទទួលធ្វើម្ចាស់ផ្ទះមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ កម្ពុជានឹងលើកបង្ហាញឲ្យបណ្តាប្រទេសចលនាអូឡំពិកអាស៊ីនិងសមាជិកអូឡាំពិកដែលមកពីគ្រប់ទ្វីបទាំងអស់បានឃើញពីសភាពការណ៍ពិតសន្តិភាពនិងការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិរៀនចំស៊ីហ្គេមឆ្នាំ២០២៣
(CAMSOC)បានលើកឡើងថាឯកឧត្តមបណ្ឌិតថោងខុនបានជំរុញឲ្យគណៈកម្មការជំនាញទាំងអស់ឲ្យបានហ្មត់ចត់បំផុត ក្នុងការទទួលបដិសណ្ឋារកិច្ចជូនភ្ញៀវអន្តរជាតិ ឲ្យបានល្អបំផុត ដើម្បីឲ្យសក្តិសមនឹងកិត្តិយស សេចក្តីថ្លៃថ្នូររបស់ជាតិយើង។
ឥស្សរជនជាន់ខ្ពស់គឺមានកិត្តិយសខ្ពង់ខ្ពស់នៅប្រទេសរបស់គាត់ហើយយើងនឹងលើកបង្ហាញឲ្យពួកគាត់បានមើលឃើញពីសភាពការណ៍ពិតសន្តិភាពនិងការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេស គឺរាជធានីភ្នំពេញ ដែលបានផ្លាស់ប្តូរមុខមាត់ថ្មី។
នេះជាការរៀបចំមហាសន្និបាតដ៏ធំដែលព្រះរាជាណាចក្រកម្ពុជាមានកិត្តិយសដ៏ខ្ពង់
ខ្ពស់ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជា។ដូច្នេះកិច្ចប្រជុំថ្ងៃនេះបានត្រួតពិនិត្យបន្ថែមឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឲ្យភារកិច្ចដ៏ធំនេះ ឲ្យទទួលបានជោគជ័យ។
ឯកឧត្តមអគ្គលេខាធិការបន្ថែមថា មហាសន្និបាតនេះ នឹងមានការអញ្ជើញចូលរួមពី ៤៥ប្រទេសក្នុងអាស៊ីនិងប្រតិភូចលនាអូឡាំពិកអន្តរជាតិមកពីគ្រប់ទ្វីបផ្សេងៗទៀតក៏នឹងចូល
រួមមហាសន្និបាតនៅកម្ពុជាជាពិសេសគឺឥស្សរជនជាន់ខ្ពស់របស់រដ្ឋាភិបាលនិងប្រទេសចលនាអូឡាំពិកនានា។ ដូច្នេះ កិច្ចប្រជុំក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន ពេលនេះ គឺដើម្បីត្រៀមលក្ខណៈឲ្យបានល្អប្រសើរ ខណៈការបម្រើសេវារបស់សណ្ឋាគារ ម្ហូបអាហារ ជាដើម ក៏ត្រូវបានលើកកម្ពស់ឲ្យបានល្អប្រសើរផងដែរ។ ជារួម ពេលនេះ យើងបានត្រៀមរៀបចំរួចរាល់អស់ហើយ សម្រាប់ការទទួលភ្ញៀវអន្តរជាតិក្នុងរង្វង់៤០០នាក់។
មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី នាដើមខែក្រោយនេះ នឹងមានកម្មវិធីជាច្រើន ជាពិសេសគឺសម្តេចតេជោហ៊ុនសែននឹងអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការថ្លែងសុន្ទរកថាគន្លឹះសំខាន់ៗ ក្នុងឱកាសបើកមហាសន្និបាតនេះ។
នេះជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា ដែលទទួលរៀបចំធ្វើម្ចាស់ផ្ទះ ហើយក៏ជាការលើកកម្ពស់និងកៀរគរការគាំទ្របន្ថែមពីអន្តរជាតិព្រមទាំងបណ្តាប្រទេសទាំង
អស់ដែលបានចូលរួមផ្តល់ការឧបត្ថម្ភគាំទ្រឲ្យកាន់តែខ្លាំងក្លានៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ជាមួយគ្នានេះក្រុមប្រឹក្សាកីឡាអូឡាំពិកកម្ពុជាគឺជាម្ចាស់នៃការរៀបចំការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩ដោយកម្ពុជាទទួលបានសិទ្ធិជាផ្លូវការរួចហើយ។
កម្ពុជានឹងធ្វើបដិសណ្ឋារកិច្ចតាមរបៀបកីឡាក៏ដូចជាការរៀបចំឲ្យស្របតាមស្តង់ដារ
ទទួលខុសត្រូវខាងផ្នែកកីឡាដោយកីឡាមានឋានានុក្រមកីឡាមានបទបញ្ញត្តិកីឡាដែលអនុ
វត្តរួមគ្នារវាងម្ចាស់ផ្ទះកម្ពុជា និងអ្នករៀបចំក្រុមប្រឹក្សាអូឡាំពិកអាស៊ី។
ក្នុងពេលមហាសន្និបាតនោះ កម្ពុជានឹងបង្ហាញចេញនូវវប្បធម៌ ទេសចរណ៍ កីឡា ក្នុងកម្មវិធីជប់លៀង ដែលរៀបចំឡើងដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានគណៈកម្មាធិការជាតិCAMSOCដើម្បីរឹតចំណងសាមគ្គីភាព អបអរសាទរជាមួយនឹងបណ្តាប្រទេស និងប្រតិភូអូឡាំពិកអាស៊ី-អន្តរជាតិ។
មហាសន្និបាតនេះនឹង មានសមាជិកអូឡាំពិកអន្តរជាតិជាច្រើនរូប នឹងអញ្ជើញចូលរួម ដែលជាបុគ្គលមានឥទ្ទិពលខ្លាំងក្នុងចលនាអូឡាំពិកអន្តរជាតិ។ដូច្នេះកម្ពុជានឹងឆ្លៀតយកឱកាសដ៏កម្រនេះ ស្វែងរកការគាំទ្រលើផ្នែកសម្ភារៈ ឧបករណ៍បច្ចេកទេសបន្ថែមពីអន្តរជាតិ ដើម្បីបន្តដំណើរការអភិវឌ្ឍវិស័យកីឡាកម្ពុជា ឲ្យកាន់តែរីកចម្រើន ស្របពេលដែលកម្ពុជា កំពុងសម្រួចគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះសំខាន់ៗ២ គឺស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ និងការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩៕