ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ណយ ផាណា៖ ការហាត់នៅចិនគឺ ជាឧិ៍កាសបង្កើនបច្ចេកទេស

101

ភ្នំពេញ៖អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជានិងជាគ្រូបង្វឹកក្រុមជម្រើសជាតិផងនោះលោកណយ ផាណាបានចាត់ទុកការបញ្ជូនអត្តពលិកជម្រើស
ជាតិទៅហ្វឹកហាត់រយៈពេលវែងនៅសាធារណរដ្ឋប្រជាមានិតចិនគឺជាឱកាសដ៏ល្អដើម្បីដុសខាត់សមត្ថភាព និងជំរុញបច្ចេកទេស ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
ការបង្ហាញសុទិដ្ឋិនិយមនេះ បន្ទាប់ពីសហព័ន្ធ បានបញ្ជូនកីឡាករកាយសម្ព័ន្ធប្រភេទ Artistic ចំនួន ១០នាក់ រួមជាមួយគ្រូជំនួយម្នាក់ ធ្វើដំណើរជាមួយក្រុមជម្រើសជាតិ ១១ប្រភេទកីឡាផ្សេងទៀត ទៅហ្វឹកហាត់នៅប្រទេសចិន។
លោកបានបន្ដថាកាលពីឆ្នាំ២០១៧និងឆ្នាំ២០១៩សហព័ន្ធក៏ធ្លាប់បានបញ្ជូនកីឡាករទៅហ្វឹកហាត់នៅចិនដែរ ប៉ុន្តែការបញ្ជូនមានការគាំទ្រលក្ខណៈផ្សេងពោលគឺផ្ទុយពីលើកនេះ ដែលបញ្ជូនទៅដោយមានកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនិងរដ្ឋាភិបាលហើយក៏មានការគាំទ្រ និងជំរុញពីថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ CAMSOC, NOCC និងក្រសួងអប់រំ យុវជន និងកីឡា។

លោកបានលើកឡើងថាបើយើងនិយាយពីការចូលរួមហ្វឹកហាត់រយៈពេលវែងនៅចិនពេលនេះ ទោះបីយើងពិនិត្យឃើញថា រយៈពេលនេះ វាមិនបានពេញក្នុង១ឆ្នាំក៏ពិតមែន តែវាជាសក្ដានុពលមួយសម្រាប់ជំរុញនិងបង្កើននូវលក្ខណៈបច្ចេកទេសបានច្រើន។ជាក្ដីរំពឹង
របស់យើង ក្រុមកីឡាកាយសម្ព័ន្ធ Artistic នឹងធ្វើបានល្អប្រសើរ សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣។

ប្រសិនក្រោយស៊ីហ្គេមឆ្នាំ២០២៣កីឡាករអាចត្រឡប់ទៅហ្វឹកហាត់នៅចិនវិញទៀតនោះនឹងបង្កើនបច្ចេកទេសរបស់ពួកគេកាន់តែពេញលេញថែមទៀត។លោកថាប្រសិនបើសិនក្នុងគម្រោងផែនការហ្វឹកហាត់បានរយៈពេល២ឆ្នាំមែនបើនិយាយពីលក្ខណៈបច្ចេកទេសយើងពេញលេញរយៈពេល២ឆ្នាំគឺពេញលេញតែម្ដង។តែបើរយៈពេលនេះមើលទៅរាងខ្លីបន្ដិចក៏ពិតមែន តែវាជាចំណុចសំខាន់មួយ ដើម្បីយើងត្រៀមឆ្នាំ២០២៣។
លោក ណយ ផាណា ក៏បានផ្ដាំផ្ញើដល់កីឡាកររបស់លោក ត្រូវយកចិត្តទុកដាក់ និងអត់ធ្មត់ឲ្យបានខ្ពស់ ដើម្បីក្រេបយកចំណេះដឹង បទពិសោធន៍ អ្វីដែលថ្មីៗ និងអ្វីដែលជាគោលដៅសម្រាប់ឆ្នាំ២០២៣ឲ្យទទួលបានលទ្ធផលល្អសម្រាប់ប្រទេសជាតិទាំងអស់គ្នា។ លើសពីនេះ លោកក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល និងរដ្ឋាភិបាល នៃប្រទេសទាំងពីរដែលជំរុញឲ្យមានកិច្ចសហប្រតិបត្តិការនិងជំនួយឥតសំណងផ្នែកបច្ចេក
ទេសកីឡា ដល់ក្រុមជម្រើសជាតិកម្ពុជានេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង