ប្រមុខសហព័ន្ធកីឡាវ៉ូវីណាម នឹងស្នើសុំទូរទស្សន៍ ក្នុងស្រុករៀបចំសង្វៀនប្រកួត
ភ្នំពេញ៖ប្រមុខសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាលោកអ៊ូរតនាបានប្រកាសថានឹងធ្វើការស្នើសុំទៅបណ្ដាស្ថានីយទូរទស្សន៍ក្នុងស្រុកបង្កើតឲ្យមានសង្វៀនប្រកួតបន្ថែមឲ្យលើសពីរដងក្នុងមួយឆ្នាំ ដើម្បីអោយកីឡាករ កីឡាការិនី បង្កើនសិទ្ធផល បន្សាំខ្លួន ពង្រឹងសមត្ថភាពស្មារតី ជាពិសេសបច្ចេកទេស និងយុទ្ធសាស្រ្តលើវិញ្ញាសាប្រយុទ្ធ។
លោកបន្តថាការប្រកួតជើងឯកជាតិនិងព្រឹត្តិការណ៍កីឡាជាតិលើកទី៣នាពេលខាង
មុខនេះគឺមិនគ្រប់គ្រាន់សម្រាប់អត្តពលិកដុសខាត់សមត្ថភាពនោះទេ។ការប្រកួតកាន់តែច្រើននឹងធ្វើឲ្យកីឡាករ កីឡាការិនីមានភាពជឿជាក់និងមានស្មារតីប្រយុទ្ធកាន់តែល្អប្រសើរនៅលើ
ទីលានត្រៀមធ្វើការប្រកួតនៅក្នុងព្រឹត្តិការណ៍កម្រិតអន្តរជាតិនានាជាពិសេសព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ ផ្ទះប្រកបដោយជោគជ័យ។
រាល់ការប្រកួតនីមួយៗគឺសហព័ន្ធតែងតែអោយមន្ត្រីបច្ចេកទេសមួយរូបពិនិត្យមើលពីសិទ្ធផលកម្លាំងកាយការបញ្ចេញស្នៀតបញ្ចេញក្បាច់ហើយឲ្យកែឲ្យត្រូវទៅតាមអ្វីដែលបាន
ហ្វឹកហាត់ ដើម្បីធានាឲ្យបានថា យើងនឹងទទួលបានលទ្ធផលល្អ ពីការប្រកួត។ ក្នុងនោះ សហព័ន្ធក៏បានត្រៀមដាក់មន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាល ចៅក្រម ចូលរួមរៀបចំ និងកាត់សេចក្តីដូចគ្នាដើម្បីអោយពួគគេទទួលបានបទពិសោធន៍និងបន្សាំខ្លួនជាពិសេសឯករាជលើការរៀបចំព្រឹត្តិការណ៍ប្រកួតដោយខ្លួនឯង អោយបានញឹកញាប់មុនស៊ីហ្គេម។
ជាមួយគ្នានេះ លោក អ៊ូ រតនា ក៏បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្ដល់កីឡាករ កីឡាការិនីជម្រើសជាតិ រហូតទៅដល់ ៣៣នាក់ កំពុងហ្វឹកហាត់យ៉ាងសស្រាក់សស្រាំ ដោយក្នុងមួយវិញ្ញាសា មានកីឡាករ កីឡាការិនីពី ២ ទៅ៣នាក់ដើម្បីត្រៀមធ្វើការប្រកួតប្រជែងជើងឯកអាស៊ីអាគ្នេយ៍នាខែមីនាឆ្នាំ២០២៣ខាងមុខ។ នេះ គឺជាការឆ្លុះបញ្ចាំង និងពិនិត្យមើលពីសិទ្ធផល សមត្ថភាពចុងក្រោយ អោយបានល្អប្រសើរ ប្រកបដោយទំនុកចិត្តខ្ពស់ ដើម្បីធានាអោយបានថា កីឡាករ កីឡាការិនី មានលទ្ធភាពគ្រប់គ្រាន់ អាចដណ្តើមបានមេដាយ ៩គ្រឿង ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ជាប្រវត្តិសាស្រ្តដំបូង របស់ព្រះរាជាណាចក្រកម្ពុជា តាមសន្ទស្សន៍ដែល Camsoc ដាក់ជូន គឺមេដាយមាស ៩គ្រឿង។
ការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍នាខែមីនាឆ្នាំ២០២៣ដែលកម្ពុជាធ្វើជា
ម្ចាស់ផ្ទះ នឹងអញ្ជើញបណ្ដាប្រទេសជាសមាជិកចូលរួមទាំងអស់ រួមមាន ឥណ្ឌូនេស៊ី វៀតណាម ថៃ មីយ៉ានម៉ា ឡាវ ហ្វីលីពីន និងសមាជិកថ្មីបន្ថែម ២ទៀត គឺម៉ាឡេស៊ី និងទីម័រ៕