មជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតនៅខេត្តបាត់ដំបង ចាប់ផ្តើមបម្រើសេវាជូនពលរដ្ឋ
បាត់ដំបង៖ ការប្រយុទ្ធនឹងជំងឺឆ្កែឆ្កួត គឺជាកិច្ចការមួយសំខាន់ ដែលក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ផ្តោតការយកចិត្តទុកដាក់។ ជាក់ស្តែង នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ មជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតខេត្តបាត់ដំបង ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដោយលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល ។
លោកស្រីអគ្គនាយកបច្ចេកទេសសុខាភិបាល បានថ្លែងនូវការគោរព និងរំលឹកគុណូបការ:ដ៏ថ្លៃថ្លាបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់នូវកិច្ចគាំពារសុខភាព និងសង្គមជាតិសម្រាប់ប្រជាជនកម្ពុជា ដែលធ្វើឲ្យប្រទេសរីកចម្រើន និងការរស់នៅ របស់ប្រជាជនបានប្រកបដោយសុខសន្តិភាព ពេញលេញ ដូចបច្ចុប្បន្ននេះ។
លើសពីនេះ លោកស្រី បានបញ្ជាក់ថា ៖ក្រសួងសុខាភិបាល បានដាក់គោលដៅកាត់បន្ថយ ឱ្យនៅកំរិតអប្បរមា នូវជំងឺដែលចម្លងតាមរយៈសត្វឆ្កែឆ្កួតដ៏គួរឱ្យខ្លាចនេះ ដោយជំងឺនេះនឹងបន្តសម្លាប់ជីវិតមនុស្សជាច្រើន នាក់ក្នុង១ឆ្នាំៗ។ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលមាន លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាប្រធានក្រុមប្រឹក្សាទំនាក់ទំនង (Conseil de Liaison) បានផ្តល់ថ្នាំបង្ការដល់អ្នករងគ្រោះ ដោយសត្វខាំប្រមាណជាង ២២០០០នាក់ក្នុង១ឆ្នាំ ដែលក្នុងនោះភាគច្រើនជាកុមារ។ ថ្នាំបង្ការជំងឺឆ្កែឆ្កួត មានប្រសិទ្ធភាពខ្ពស់ណាស់ ប៉ុន្តែក្នុងករណីឆ្លងជំងឺឆ្កែឆ្កួត ហើយមានចេញជារោគសញ្ញានោះ គឺការវិវត្តទៅរកសេចក្តីស្លាប់ ក៏ខ្ពស់ណាស់ដែរ ប្រសិនបើមិនបានទទួលថ្នាំបង្ការ ក្រោយសត្វខាំទេនោះ។ អ្នករងគ្រោះដោយសត្វខាំ នៅក្នុងបណ្តាខេត្តនានា ដូចជាខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តពោធិសាត់ ពិបាកក្នុងការស្វែងរកសេវាដល់រាជធានីភ្នំពេញ ដែលមានចម្ងាយឆ្ងាយ ហើយត្រូវការពេលធ្វើដំណើរក៏យូរដែរ។ ដូច្នេះ ការដាក់ឲ្យប្រើប្រាស់ មជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតនាថ្ងៃនេះ គឺជាការអនុវត្តន៍តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៦ នៃរដ្ឋសភា ក្នុងការបង្ខិតសេវាបងការជំងឺ ឲ្យកាន់តែខិតទៅជិត ប្រជាពលរដ្ឋនៅពេលដែលពួកគាត់ ត្រូវការ អាចមកមជ្ឈមណ្ឌលនេះ បានដោយពុំចាំបាច់ធ្វើណើរទៅឆ្ងាយ ដូចពេលមុនៗទៀតនោះឡើយ។
គួរកត់សម្គាល់ថា មជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតនៅខេត្តបាត់ដំបងនេះ គឺដោយមានកិច្ចសហការ រវាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជាមួយមន្ទីរសុខាភិបាលខេត្ត និងអនុវត្តតាមនិយាមបច្ចេកទេសបង្ការជំងឺ ដូចនៅវិទ្យាស្ថានប៉ាស្ទ័រ នៅភ្នំពេញដែរ ដើម្បីអាចការពារប្រជាជន ក្នុងខេត្តបាត់ដំបងផ្ទាល់ ក៏ដូចជា ក្នុងខេត្តជិតខាងនានា ដែលពួកគាត់អាចស្វែងរក សេវាបានឆាប់ជាងការធ្វើដំណើរឆ្ងាយពេក។
លោកស្រី ក៏បានថ្លែងអំណរគុណ ដល់វិទ្យាស្ថានប៉ាស្ទ័រ ចំពោះកិច្ចសហការដ៏មានសារប្រយោជន៍នេះ ដែលជាប្រយោជន៍ដល់ប្រជាជនកម្ពុជា ហើយជាក់ស្តែងថ្ងៃនេះ ដែលយើងទាំងអស់គ្នាបាន និងកំពុងចូលរួមក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលនេះស្រាប់ ដើម្បីបម្រើសេចក្តីត្រូវការជូនប្រជាពលរដ្ឋ មជ្ឈមណ្ឌលនេះ ត្រូវបានដំណើរការតាំងពីខែកក្កដា ឆ្នាំ២០១៨ ដោយបានការឯកភាព ពីមន្ទីរសុខាភិបាលខេត្ត និងប្រើប្រាស់អគារអតីតមជ្ឈមណ្ឌលផ្តល់ឈាមខេត្តបាត់ដំបង ស្ថិតក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្ត។
មជ្ឈមណ្ឌលនេះក៏មានគោលដៅបណ្តុះបណ្តាល ផ្តល់ចំណេះដឹង និងផ្សព្វផ្សាយជូនដល់អាជ្ញាធរ និងប្រជាពលរដ្ឋអំពីជំងឺឆ្កែឆ្កួត និងអំពីវិធីចៀសវាងផ្សេងៗអំពីជំងឺនេះផងដែរ។ ក្នុងន័យនេះលោកស្រី បានស្នើជំរុញឱ្យ មានការគាំទ្រពីផ្នែកផ្សេងៗទៀត និងពីប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់មជ្ឈមណ្ឌលនេះ ឱ្យបានច្រើន ដើម្បីជាផលប្រយោជន៍ ការពារជំងឺឆ្កែឆ្កួត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
គួររំលឹកថា នៅរាជធានីភ្នំពេញ មានមជ្ឈមណ្ឌលបែបនេះ២កន្លែង គឺនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងនៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ។ រីឯមជ្ឈមណ្ឌលដែលសម្ពោដាក់ប្រើប្រាស់នៅខេត្តបាត់ដំបងនាថ្ងៃនេះ គឺជាមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតទី៣ ។
លោកស្រី ញឹក សាគន្ធ អភិបាលរងខេត្តបាត់ដំបង បានសម្តែងនូវការគាំទ្រ ក្នុងនាមអាជ្ញាធរខេត្ត ហើយអំពាវនាវ ឲ្យប្រជាពលរដ្ឋមកប្រើប្រាស់សេវា ចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត នៅទីនេះផងដែរ។
លោកប្រធានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺលោកបណ្ឌិត Didier FONTENILLE ក៏បានសំដែងនូវអំណរគុណ ជូនដល់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលជានិច្ចកាលតែងតែគាំទ្រ លើកទឹកចិត្ត និងជម្រុញ កិច្ចសហប្រតិបត្តិការ ចេញជាផ្លែផ្កាដូចយើងបានឃើញ នូវសមិទ្ធផលនាថ្ងៃនេះស្រាប់ ហើយនឹងបន្តសកម្មភាព បង្កា្ករជំងឺឆ្កែឆ្កួតនេះ ឲ្យកាន់តែទូលំទូលាយលាយថែមទៀត៕