ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ជាង៧ពាន់គ្រួសារ នៅស្រុក,ក្រុងចំនួន៥ ក្នុងខេត្ដបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរ ជួយជន្លៀស មកទីទួលសុវត្ថិភាព

1,135

បន្ទាយមានជ័យ៖ នៅរាត្រីថ្ងៃទី២៨ កញ្ញា២០២២ ក្រុមជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ នៅបន្ទាយមានជ័យ បានបន្ដជួយជន្លៀសពលរដ្ឋមកទីទួលសុវត្ថិភាព និងផ្ដល់អំណោយសង្គ្រោះបន្ទាន់ផងដែរ ។
លោកទេសរដ្ឋមន្ត្រី គន់ គីម កំពុងបន្តចុះពិនិត្យនិងនាំស្បៀង និងសួរទុក្ខពលរដ្ឋរងការជន់លិចប៉ះពាល់ដល់ប្រជា ពលរដ្ឋជាង ៧ពាន់គ្រួសារ កំពុងជួបគ្រោះទឹក ជំនន់ និងស្លាប់ ៤នាក់ក្នុងបន្ទាយ មានជ័យ
ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន លើការងារគ្រោះម ហន្តរាយ នារសៀលថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២២ បន្តចុះពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងខេត្តបន្ទាយមានជ័យ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា៖ ក្រុង-ស្រុកទាំង៥ កំពុងជួបគ្រោះទឹកជំនន់នោះរួមមាន មានស្រុកសិរីសោភ័ណ ស្រុកមង្គលបូរី ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ និងស្រុកម៉ាឡៃ។

លោកបន្ដថា ទឹកជំនន់នេះ ប៉ះពាល់ពលរដ្ឋសរុបចំនួន ៧,៤៩១គ្រួសារ ស្មើនឹងប្រមាណ ៣៣,០០០នាក់ និងបានជម្លៀសទៅទីទួលសុវត្ថិភាពចំនួន ២៩៧គ្រួសារ និងប៉ះពាល់ស្រូវជាង ២៦,០០០ហិកតា, ដំឡូងមីជាង ៩០០ហិកតា, វត្តអារាមចំនួន ២២, សាលារៀន៤១, មណ្ឌលសុខភាពចំនួន៣ និងផ្លូវចំនួន ២៧៣កន្លែង ស្មើនឹងប្រវែង ១៧២,២៣៣ម៉ែត្រ។
ក្នុងដំណើរចុះពិនិត្យស្ថានភាពលិចលង់នេះ ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញពិនិត្យ លំនៅឋាននិងសាកសួរសុកទុកបងប្អូនប្រជាពលរដ្ឋរងគ្រោះការជន់លិចតាមខ្នងផ្ទះហើយឯកឧត្តម ទេសរដ្ឋមន្ត្រីនិងក្រុមការងារ ក៏បានជូនស្បៀងអាហារជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅចែកជូនប្រជាពលរដ្ឋដែលនៅតបន់រងគ្រោះនោះផងដែរ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានពាំនាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខជូនពលរដ្ឋរងគ្រោះទាំងអស់ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

លោកទេសរដ្ឋមន្ត្រី អនុប្រធានទី១ ក៏បានចូលរួមសម្តែងការសោកស្តាយចំពោះផលប៉ះពាល់ ក៏ដូចជាការខូចខាតផលដំណាំរបស់ប្រជាពលរដ្ឋពីគ្រោះទឹកជំនន់នាពេលនេះ។ អ្វីដែលត្រូវយកចិត្តទុកដាក់នៅពេលនេះ គឺត្រូវរក្សាសុខភាព រក្សាអាយុជីវិតពីគ្រោះទឹកជំនន់។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញមន្ត្រីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ត្រូវត្រៀមជានិច្ច ក្នុងការចុះជួយសង្គ្រោះពលរដ្ឋពីគ្រោះទឹកជំនន់ រួមទាំងបញ្ជូនពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា៕. សំរិត

អត្ថបទដែលជាប់ទាក់ទង