លើកទម្ងន់៖ សម្រេចដាក់៦វិញ្ញាសា សម្រាប់ការប្រកួតកីឡាជាតិលើកទី៣
ភ្នំពេញ៖សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានសម្រេចដាក់៦វិញ្ញាសាសម្រាប់ការប្រកួតកីឡាជាតិលើកទី៣ដែលនឹងរៀបចំធ្វើនាខែវិច្ឆិកាខាងមុខនេះ។
បើតាមការឲ្យដឹងពីលោកសំ សុខយីដែលជាអគ្គលេខាធិការរបស់សហព័ន្ធនោះថា
ក្នុងចំណោម៦ វិញ្ញាសា ផ្នែកបុរស ៣វិញ្ញាសា ផ្នែកនារី ៣វិញ្ញាសា និងមានកីឡាករកីឡាការិនី ចូលរួមសរុប៣២នាក់មកពី៧រាជធានីខេត្តនិងក្រសួងមួយរួមទាំងមន្រ្តីបច្ចេកទេស២០នាក់។
លោកបន្តថាកីឡាជាតិលើកទី៣នេះគឺជាចំណុចនៃការវាស់ស្ទង់សមត្ថភាពដល់អត្ត
ពលិកនៅតាមបណ្ដារាជធានីខេត្តនិង ក្រសួងស្ថាប័នដែលចូលរួមជាពិសេសផ្សព្វផ្សាយកីឡា លើកទម្ងន់ទៅកាន់មហាជនយុវជននិងបណ្តារាជាធានីខេត្តអោយកាន់តែមានសកម្មភាពផុសផុល ហ្វឹកហាត់ប្រភេទកីឡាមួយនេះ ពីព្រោះទូទាំងប្រទេសកម្ពុជាមានក្លឹបហាត់ប្រាណច្រើន។
ព្រឹត្តិការណ៍កីឡាជាតិនេះ ក៏ជាផែនការយុទ្ធសាស្រ្តមួយ ក្នុងចំណោមផែនការធំៗ របស់សហព័ន្ធ ត្រៀមស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជាដែរ គឺស្វែងរកកីឡាករ កីឡាការិនីដែលមានសមត្ថភាពយកមកហ្វឹកហាត់គ្រូជំនាញរបស់សហព័ន្ធនិងក្រុមជម្រើស
ជាតិ។
ការធ្វើបែបនេះដោយសារសហព័ន្ធពិនិត្យឃើញថាក្លឹបហាត់ប្រាណច្រើនច្បាស់ជាមានកីឡាករឆ្នើមគ្រាន់តែសហព័ន្ធមិនទាន់រកបានហើយនៅពេលរកបានសហព័ន្ធនឹងបញ្ជូនគ្រូជំនាញ ទៅបង្វឹកបន្ថែមអោយត្រូវស្តង់ដាបច្ចេកទេសអន្តរជាតិ ដើម្បីធ្វើការប្រៀបធៀបគ្នាឬក៏ប្រកួតប្រជែងជាមួយកីឡាករកីឡាការិនីជម្រើសរើសជាតិដែលហ្វឹកហាត់នៅប្រទេសចិនស្វែងរកអ្នកមានសិទ្ធផលល្អជាង និងក្លាយទៅជាបេក្ខភាពក្រុមជម្រើសជាតិតែម្ដង។
នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមកម្ពុជាត្រូវការកីឡាករដ៏ល្អមានវ័យក្មេងសម្រាប់ត្រៀមក្រោយព្រឹត្តិការណ៍កីឡាស៊ីហ្គេមពីព្រោះស៊ីហ្គេមចប់យើងក៏មានការប្រកួតកម្រិតអន្តរជាតិផ្សេងៗទៀត រួមនិងស៊ីហ្គេម លើកក្រោយៗទៀតផង។
ខេត្តជាគោលដៅចម្បងរបស់សហព័ន្ធ គឺខេត្តជាប់តំបន់ឆ្នេរសមុទ្រ ដូចជា ខេត្តកែប ខេត្តកំពតខេត្តព្រះសីហនុនិងខេត្តកោះកុង។ការជ្រើសរើសខេត្តប៉ែកនិរតីនេះដោយសារសហព័ន្ធបានសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារៀបចំការប្រកួតក្នុងពិធីបុណ្យសមុទ្រជារៀងរាល់ខែធ្នូបន្ថែមលើការប្រកួតថ្នាក់ជាតិការប្រកួតអបអរឆ្លងឆ្នាំនិងការប្រកួត
ផ្សេងៗទៀតអោយបានមួយឆ្នាំ២ទៅ៣ដងសម្រាប់កីឡាករកីឡាការិនីធ្វើការប្រកួតអោយកាន់តែពុះកញ្ជ្រោល និងបង្កើនសមត្ថភាពអោយកាន់តែមានទំនុកចិត្ត។
ជាមួយគ្នានេះសហព័ន្ធក៏បានយកចិត្តទុកដាក់ដុសខាត់មន្ត្រីបច្ចេកទេសអាជ្ញាកណ្តាល ចៅក្រមផងដែរ ពីព្រោះស៊ីហ្គេម នៅកម្ពុជា ពួកគាត់ក៏ជាចំណែកមួយដ៏សំខាន់ ចូលរួមរៀបចំ កាត់សេចក្តីព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដំបូងរបស់កម្ពុជាអោយទទួលបានជោគជ័យក្នុងនាមជាម្ចាស់ផ្ទះជាពិសេសអោយស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា «ប្រជាពលរដ្ឋម្នាក់ គប្បីលេងកីឡាឲ្យបានមួយមុខប្រចាំជីវិត»។លោកសំសុខយីអំពាវនាវស្វែងរកការចូលរួមពីដៃគូអភិវឌ្ឍ ជាពិសេស វិស័យឯកជន ក៏ដូចជាបណ្ដាក្រុមហ៊ុននានា ក្នុងការឧបត្ថម្ភគាំទ្រ ឲ្យមានការប្រកួតជាច្រើនជារៀងរាល់ឆ្នាំ។
សម្រាប់ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២នេះ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចដាក់៣៥ប្រភេទកីឡាអោយប្រកួតប្រជែងក្នុងនោះសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានត្រៀម៦ប្រភេទទម្ងន់ លើ៦វិញ្ញាសា បុរស ៣ទម្ងន់ នារី ៣ទម្ងន់៕