ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកដ្ឋានពន្ធដារ ៩ខែដើមឆ្នាំ២០២២ ប្រមូលចំណូលពន្ធបានជាង៩០% អាចលើសផែនការច្បាប់ថវិកាជាតិ

79

ភ្នំពេញ៖ រយៈពេល៩ខែ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ បានជាង៩៥%នៃផែនការច្បាប់ថវិកាជាតិ ដែលស្មើនឹងជាង ២,៦០០លានដុល្លារ ដែលអាចនឹងលើស ផែនការ ប្រមាណ១០ ទៅ១៥ភាគរយ ។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារ។
លោក គង់ វិបុល រដ្ឋមន្ដ្រីអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នេះ បានបញ្ជាក់ក្នុងឱកាសដែលលោកអញ្ជើញចូលរួមកម្មវិធី ស្ដីពី «បច្ចុប្បន្នភាពសារពើពន្ធ និងសវនកម្មរបស់សភាពពាណិជ្ជកម្មអាមេរិក» ដែលរៀបចំដោយ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham Cambodia) នាសណ្ឋាគារ Raffles Hotel Le Royal នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ បានជាង៩៥ភាគរយ នៃផែនការច្បាប់ថវិកាជាតិ ដែលបានកំណត់ឲ្យអគ្គនាយកដ្ឋានពន្ធដារ ធ្វើការប្រមូលចំណូលពន្ធ នៅក្នុងឆ្នាំ២០២២ឲ្យបានចំនួន ២,៨០០លានដុល្លារ ។

លោកបញ្ជាក់ថា នៅឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ នឹងប្រមូលចំណូលពន្ធ បានលើសពីផែនការ ប្រមាណ១០ ទៅ១៥ភាគរយ ដោយការកើនឡើងនៃការប្រមូលចំណូលពន្ធដារនេះ គឺដោយសារតែការកែទម្រង់ នៃផ្នែកប្រព័ន្ធពន្ធដារ លើគ្រប់វិស័យទាំងការផ្តល់សេវា ដល់អ្នកជាប់ពន្ធ, ការផ្តល់សេវា ការចុះបញ្ជីបានល្អ, ការធ្វើសវនាកម្មបានល្អ ការគ្រប់គ្រងបំណុល និងដោះស្រាយបញ្ហានានា ដែលធ្វើឲ្យអ្នកជាប់ពន្ធទាំងអស់ មានភាពងាយស្រួល ក្នុងការបង់ពន្ធ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានលើកទឹកចិត្ដឲ្យអាជីវកម្មខ្នាតតូចទាំងអស់ មកចុះបញ្ជី ដើម្បីមកបង់ពន្ធឲ្យបានត្រឹមត្រូវ ជៀសវាងការគេចវេសមិនមកបង់ពន្ធ ដែលអាចនឹងបង្កហានិភ័យនាពេលខាងមុខ ឬនាំឲ្យប៉ះពាល់ដល់គៀងគរវិនិយោគិនបរទេសមកវិនិយោ គបន្ថែមនៅកម្ពុជា ដោយសារភាពធូររលុកនៃច្បាប់ ដែលបង្ហាញពីភាពមិនស្មើភាពគ្នាក្នុងការបង់ពន្ធ។
លោកបញ្ជាក់ថា ក្នុងអំឡុងពេលកូវីដ១៩ អគ្គនាយកដ្ឋានពន្ធដារ មិនមានការបង្កើនតម្លៃពន្ធ ឬបង្កើតពន្ធថ្មីនោះទេ គឺមានតែផ្ដល់ការលើកទឹកចិត្ដ ដល់គ្រប់វិស័យ ដើម្បីសម្រួលដល់ការងារមួយចំនួន ក្នុងន័យធ្វើយ៉ាងណាផ្តល់លទ្ធភាពអោយក្រុមហ៊ុន និងសហគ្រាសអាចរក្សាស្ថេរភាពអាជីវកម្មរបស់ខ្លួនក្នុងអំឡុងពេលជួបវិបត្តិជាសកលកាលពីពេលកន្លងមក។

បើមើលពីប្រភពចំណូលប្រភេទពន្ធសំខាន់ៗ ក្នុងឆមាសទី១ឆ្នាំ ២០២២នេះកន្លងទៅ បានរក្សាកំណើនក្នុងរង្វង់ ២៥% ទៅ ៤៤% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២១ ក្នុងនោះពន្ធលើប្រាក់ចំណូលកើនឡើង ២៧% អាករលើតម្លៃបន្ថែមកើន ៣៣% ពន្ធលើប្រាក់បៀវត្សកើន ២៥% អាករពិសេសកើន ៣៤% និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យកើន ៤៤%។
រំលឹកថា៖ សម្រាប់ឆ្នាំ ២០២១កន្លងទៅ អគ្គនាយកដ្ឋានពន្ធដារ សម្រេចនូវការប្រមូលចំណូលពន្ធសរុប ២ពាន់ ៧រយលានដុល្លារអាមេរិក ដែលស្មើនឹង ១២៤% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០២១៕ សំរិត

អត្ថបទដែលជាប់ទាក់ទង