ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី វាយតម្លៃខ្ពស់ចំពោះកម្ពុជា ក្នុងការត្រៀមធ្វើមហាសន្និបាត

105

ភ្នំពេញ៖មហាសន្និបាត OCA ចាប់ពីថ្ងៃទី០១ដល់០៥ ខែតុលា ឆ្នាំ២០២២ ខាងមុខ នៅសណ្ឋាគារសុខា រ៉េស៊ីដង់ រាជធានីភ្នំពេញ។
ឯកឧត្តមបណ្ឌិតថោង ខុនប្រធានគណៈកម្មការរៀបចំមហាសន្និបាតក្រុមប្រឹក្សាកីឡា
អូឡាំពិកអាស៊ី លើកទី៤១ (41st OCA General Assembly) បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារចុងក្រោយសម្រាប់ការត្រៀមរៀបចំមហាសន្និបាតដ៏ធំនេះ
កាលពីថ្ងៃទី២៩កញ្ញា។
កិច្ចប្រជុំចុងក្រោយម្សិលម៉ិញនេះមានការចូលរួមពីតំណាងក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីគឺ លោក Tony Tarraf ប្រធានផ្នែកអភិវឌ្ឍន៍អត្តពលិក និងគម្រោងពិសេសរបស់ OCA បានធ្វើការវាយតម្លៃខ្ពស់ចំពោះការត្រៀមលក្ខណៈសម្បត្តិធ្វើម្ចាស់ផ្ទះរបស់កម្ពុជាដែលបានត្រៀមខ្លួនរួចរាល់ ដើម្បីរៀបចំមហាសន្និបាត OCA នាដើមខែតុលាខាងមុខ។
កិច្ចប្រជុំត្រួតពិនិត្យការងាររបស់គ្រប់គណៈកម្មការជំនាញពិសេសពាក់ព័ន្ធការទទួល
បដិសណ្ឋារកិច្ច ការស្នាក់នៅ ហូបចុក និងដោះស្រាយគ្រប់បញ្ហាបន្ដិចបន្ដួច ក្រោមកិច្ចសហការរវាងគណៈកម្មការអន្ដរក្រសួងជាមួយគ្រប់ក្រសួងស្ថាប័ននិងអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌជ្រោយចង្វារ ដើម្បីធានាបានការរៀបចំមហាសន្និបាតនេះ ប្រកបដោយភាពជោគជ័យ សុវត្ថិភាព និងភាពកក់ក្ដៅ ដល់ភ្ញៀវចូលរួមទាំងអស់។
ឯកឧត្ដមវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣
(CAMSOC)បញ្ជាក់ថាការងាររៀបចំការដឹកជញ្ជូនការទទួលបដិសណ្ឋារកិច្ចពីព្រលានយន្ដហោះ សម្រាប់ភ្ញៀវទាំងអស់ទាំងភ្ញៀវកម្រិតVVIP,VIPនិងប្រតិភូទាំងអស់គឺបានរៀបចំរួចហើយ។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីក្រុមបច្ចេកទេស តំណាង OCA ចូលរួមដែរ ហើយគេបានវាយតម្លៃខ្ពស់ ចំពោះការត្រៀមលក្ខណៈរបស់កម្ពុជា ពិសេសតំណាង OCA នៅទីនេះបានបញ្ជាក់ថាកម្ពុជាហាក់បីដូចជាមានបទពិសោធន៍ខ្ពស់ក្នុងការទទួលរៀបចំកម្មវិធីអន្ដរជាតិធំៗ ដែលមានភាពគ្រប់ជ្រុងជ្រោយ ផ្ដល់នូវទំនុកចិត្ត និងជាទីកក់ក្ដៅរបស់ពួកគេ។
មកទល់ពេលនេះគឺមានប្រតិភូចំនួន៣០៦នាក់ហើយដែលជាភ្ញៀវផ្លូវការត្រៀមចូលរួមមហាសន្និបាត OCA នៅកម្ពុជា ដែលមកពីបណ្ដាប្រទេសសមាជិក និងចលនាអូឡាំពិកអាស៊ី ៤៥ប្រទេសបូករួមទាំងប្រទេសចូលរួមសង្កេតការណ៍១០ប្រទេសទៀតហើយក៏មានខ្សែរាជវង្ស ដែលជាព្រះអង្គម្ចាស់នឹងយាងចូលរួមទៀតផងដែលសុទ្ធតែមានឋានៈខ្ពង់ខ្ពស់ក្នុងជួរាជរដ្ឋាភិបាលពិសេសមកពីបណ្ដាប្រទេសមជ្ឈឹមបូពា៍ក្នុងនោះក៏មានព្រះអង្គម្ចាស់ទាយាទរបស់ប្រ
ទេសប៊ូតាន់ ។ កត្តានេះហើយដែលធ្វើឲ្យកម្ពុជា បានត្រៀមខ្លួន និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការងារទទួលបដិសណ្ឋារកិច្ច។
ឯកឧត្តមបន្ថែមថានេះជាពេលវេលាដែលយើងត្រូវស្វែងរកការគាំទ្រពីចលនាអូឡាំពិកក្នុងទ្វីបអាស៊ីរបស់យើងដើម្បីឲ្យកម្ពុជាក្លាយជាប្រទេសដែលធ្វើម្ចាស់ផ្ទះស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ឲ្យទទួលបានជោគជ័យ ។
អ្វីដែលយើងចង់បានយើងដឹងហើយការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី និងសម្ដេចពិជ័យសេនា ទៀ បាញ់ បានយកចិត្តទុកដាក់និងផ្ដល់នូវភាពកក់ក្ដៅ ក្នុងការចង្អុលបង្ហាញ និងការរៀបចំការទទួលភ្ញៀវនេះឲ្យបានល្អ ថ្លៃថ្នូរក្នុងនាមម្ចាស់ផ្ទះ ប្រកបដោយកិត្តិយសជាតិផ្សព្វផ្សាយទៅក្រៅប្រទេសឲ្យកេរ្ដិ៍ឈ្មោះកម្ពុជាកាន់តែលេចត្រដែត និងជំរុញការអភិវឌ្ឍន៍ជាតិ សេដ្ឋកិច្ច សង្គមរបស់យើងថែមទៀត។
អ្វីដែលពិសេស គឺការផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលនឹងអញ្ជើញថ្លែងសន្ទរកថាបើកមហាសន្និបាត នាថ្ងៃទី០៤ ខែតុលាដើម្បីបង្ហាញនូវសុច្ឆន្ទៈដ៏ខ្លាំងក្លារបស់រាជរដ្ឋាភិបាលក្នុងការកសាងក៏ដូចជាជំរុញចលនាកីឡាជាតិនិងចលនាកីឡាអូឡាំពិកហើយក៏ជាសន្ទរកថាគន្លឹះបង្ហាញជូននូវសក្ដានុពល
របស់រាជរដ្ឋាភិបាលចំពោះនយោបាយកីឡាជាតិជាមួយចលនាអូឡាំពិកអន្ដរជាតិដើម្បី
កសាងសង់ពិភពលោកមួយដ៏ល្អប្រសើរ តាមពាក្យស្លោករបស់អូឡាំពិក “Sports Build Better World” ដែលបានន័យថា កីឡាគឺបានកសាងពិភពលោកមួយឲ្យមានសុខដុមរមនាផងដែរ។
តាមរយៈនេះ កម្ពុជាបានត្រៀមធ្វើការងារជាច្រើន ទាំងការងារកីឡា នយោបាយកីឡា ការទូតកីឡា ក៏ដូចជាការទាក់ទាញនូវចំណាប់អារម្មណ៍របស់ប្រតិភូនិងភ្ញៀវចូលរួមទាំងអស់។ ជាក់ស្ដែងក្រៅពីដំណើរការនូវមហាសន្និបាតខាងលើ ក៏នឹងមានរៀបចំនូវពិព័រណ៌ទេសចរណ៍ និងដំណើរទស្សនកិច្ចទស្សនាទេសចរណ៍ទៅតំបន់អង្គរទៀតផង៕

អត្ថបទដែលជាប់ទាក់ទង