ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌទួលគោក សម្រេចលុបបំបាត់ទីតាំងជួសជុលកែច្នៃម៉ូតូគ្រប់ប្រភេទនៅតំបន់ឃ្លាំងរំសេវ

156

ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោកបានដាក់បទបញ្ជា អោយរដ្ឋបាលខណ្ឌទួលគោកចេញសេចក្តីជូនដំណឹង ដោយត្រូវលុបបំបាត់អោយអស់ចំពោះទីតាំងដែលជួសជុល កែច្នៃម៉ូតូគ្រប់ប្រភេទនៅតំបន់ឃ្លាំងរំសេវ ព្រោះវាជាដើមចមបង្កើតអោយមានបទល្មើសព្រហ្មទណ្ឌ

  ការដាក់បទបញ្ជាបែបនេះរបស់លោក ជា ពិសី បានធ្វើឡើងនាព្រឹកថ្ងៃទី៣០ កញ្ញា ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤០របស់ក្រុមប្រឹក្សាខណ្ឌទួលគោក នៅសាលាខណ្ឌទួលគោក ក្រោមវត្តមានលោកម៉ែន សិរីប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក

  លោក ជា ពិសី បានមានប្រសាសន៍លើកឡើងថា៖ ដើម្បីអោយនៅមុខគ្រឹះស្ថានសិក្សារបស់រដ្ឋនានានៅក្នុងមូលដ្ឋានខណ្ឌទួលគោកមានសោភណ្ឌភាពនិងសណ្តាប់ធ្នាប់ល្អ លោកស្នើអោយលុបបំបាត់អោយអស់ចំពោះការលក់ដូរនៅមុខសាលាទាំងនេះ បន្ថែមពីនេះទៀតចំពោះការបើកអាជីវកម្ម ជួសជុល កែច្នៃម៉ូតូគ្រប់ប្រភេទនៅតំបន់ឃ្លាំងរំសេវ គឺមិនអនុញ្ញាតអោយធ្វើអាជីវកម្មទៀតទេ ដោយហេតុថា ទីតាំងខ្លះជាទីតាំងកែច្នៃ ឈួសលេខតួលេខម៉ាស៊ីនម៉ូតូ ដែលជាដើមចមបង្កើតអោយមានបទល្មើសព្រហ្មទណ្ឌ    

    លោក ក៏បានបញ្ជាក់ផងដែរថា៖ ម៉ូតូដែលត្រូវចោរលួច ប្លន់ មានជីភីអេស មកបាត់សញ្ញានៅតំបន់ឃ្លាំងរំសេវនេះតែបើឃើញក៏ឃើញតែជីភីអេស ម៉ូតូត្រូវបានគេយកទៅបាត់។ ដូច្នេះយើងត្រូវលុបបំបាត់ការបើកអាជីវកម្ម ជួសជុលកែច្នៃម៉ូតូគ្រប់ប្រភេទនៅតំបន់ឃ្លាំងរំសេវនេះ ដោយទី១ វាកាត់បន្ថយបទល្មើសព្រហ្មទណ្ឌ លួច ប្លន់ម៉ូតូ ហើយទី២ទៀតវាធ្វើអោយមូលដ្ឋានយើង សោភណ្ឌភាពនិងសណ្តាប់ធ្នាប់ល្អ

   លោក ជា ពិសី បានបន្ថែមទៀតថា សម្រាប់កុងស៊ីបញ្ចាំនៅក្នុងមូលដ្ឋានខណ្ឌទួលគោក មានចំនួន៥៤ទាំង ក្នុងចំនួននេះ សុទ្ធតែមានច្បាប់ ប៉ុន្តែមិនមានច្បាប់ទីតាំងពីអាជ្ញាធរនោះទេ។ កុងស៊ីបញ្ចាំខ្លះ យកការប្រាក់ស្រេចតែចិត្ត មិនបានអនុវត្តទៅតាមក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុឡើយ ពោលគឺអា ប្រជាពលរដ្ឋតតែម្តង ដោយឡែកសម្រាប់ល្បែងស៊ីសងនៅក្នុងមូលដ្ឋានខណ្ឌទួលគោក យើងបានពិនិត្យចំនួន១១៥ទីតាំង បង្ក្រាបបានចំនួន៤ទីតាំងនិងឃាត់ខ្លួនមនុស្សបានចំនួន១១នាក់៕

 

អត្ថបទដែលជាប់ទាក់ទង