ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រយះពេលមួយខែ​កញ្ញា​នេះ ក្រុម​ការងារ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ ឃាត់បានយានយន្តបាន ៧១៥​ គ្រឿង​ ដើម្បីធ្វើការ​ត្រួតពិនិត្យ

436

 

ខេត្តព្រះវិហារ៖ អ្នកបើកបរ​ល្មើស​ច្បាប់​ចរាចរណ៍ផ្លូវគោក​ លើដងផ្លូវជាតិលេខ៦២​ ខេត្ត​ព្រះ​វិហារ​ នៅតែបន្កកើតមានស្ទើរជារៀងរាល់ថ្ងៃ បើទោះបីជា​ក្រុម​​ការងារ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេសខេត្ត សហការ​ជាមួយ​អាជ្ញាធរស្រុក​ បានដាក់កម្លាំងប្រចាំការស្ទាក់ចាប់​ ទាំងយប់​ ទាំងថ្ងៃក្តី ។

   នេះបើតាមការបញ្ជាក់ពីលោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ដែលបានអោយដឹងនៅព្រឹកថ្ងៃទី២៨ កញ្ញា ២០១៨នេះ ។លោកបន្តថា នៅរយះពេលមួយខែកញ្ញា​ ឆ្នាំ២០១៨នេះ​ ​ពោលគឺចាប់ពីថ្ងៃសៅរ៍ ១៤កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ដល់ថ្ងៃ អង្គារ ០១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨​ ក្រុម​ការងារ​ខេត្តចុះអនុវត្តន៍ច្បាប់ចរាចរណ៍គោក ដោយសហការ​ជាមួយ​អាជ្ញាធរស្រុក​ បានឃាត់យានយន្តចំនួន​ ៧១៥គ្រឿង​ ដើម្បី​ត្រួត​ពិនិត្យ​ និង​ធ្វើ​ការ​ផាក​ពិន័យតាមច្បាប់។ ​ 

    លោកបន្តទៀតថា បើយោងតាមរបាយការណ៍ពី ក្រុម​ការងារ​ទាំង​ពីរ​គោល​ដៅ​ដែល​បាន​ឈរ​ជើង​លើ​ដងផ្លូវ​ជាតិ​លេខ​៦២ បានឲ្យដឹងថា ក្នុងរយៈ​ពេលមួយខែកញ្ញា ឆ្នាំ២០១៨នេះ​​ ក្រុម​ការងារ​ខេត្ត​ ឃាត់យានយន្តបានចំនួន​ ៧១៥គ្រឿង​ ក្នុងនោះ បានពិនិត្យឃើញថាត្រឹមត្រូវចំនួន ២៣៨ គ្រឿង រថយន្តត្រូវបានកាត់ទ្រុង ចំនួន ០៧ គ្រឿង រថយន្តដឹកសំពីងសំពោងចំនួន ៩៧ គ្រឿង ខ្វះឯកសារ ចំនួន ២៥២ គ្រឿង ឯកសារក្លែងក្លាយចំនួន ១៦ គ្រឿង ដោះរានខាងក្រោយ ចំនួន ១៩ គ្រឿង គ្មានបណ្ណបើកបរ ចំនួន ៤៩ នាក់បណ្ណបើកបរក្លែងក្លាយ ចំនួន ១៨ នាក់រថយន្តគ្មានផ្លាកលេខចំនួន ១៩ គ្រឿង ។

    បច្ចុប្បន្ន​យានយន្ត​ទាំងនោះ​ ក្រុម​ការងារ​បានធ្វើការ​ផាក​ពិន័យ​ និង​ធ្វើ​ការ​អប់រំ​ណែនាំ​តាមនីតិវិធី។

      គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដែរអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ កាលពី ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះ សម្តេចតេជោ បានដាក់ឱសានវាទ ចាប់ពីម៉ោង០០យប់ថ្ងៃទី៩កុម្ភៈ តទៅ គ្មានវត្តមានឡាន តទ្រុង លើដងផ្លូវទៀតឡើយ។ បើមាននៅតំបន់ណា ភូមិសាស្ត្រណា ចៅហ្វាយខេត្ត និងក្រុងនោះ ជាអ្នកទទួលខុសត្រូវ។ បើនរណាមកតវ៉ាឬអ្នកកាង ទោះជាឋានៈណាក៏ដោយ ក៏ធ្លាក់បុណ្យស័ក្តិទាំងអស់ និងបញ្ចូលព្រៃសតែម្តង៕

អត្ថបទដែលជាប់ទាក់ទង