ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ណុប ចាន់ណារិន្ទ ៖ ការធ្វើអធិការកិច្ច លើសេវាសាធារណៈនៅថ្នាក់ក្រោមជាតិ គឺជាការពង្រឹង អភិបាលកិច្ចល្អ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធិភាពរបស់រាជរដ្ឋាភិបាល

100

ក្រចេះ៖ ក្នុងដំណើរការងារចុះបំពេញបេសកម្ម អធិការកិច្ចនៅតាមមន្ទីរ ក្រុង-ស្រុក ចំណុះឲ្យរដ្ឋបាល ខេត្តក្រចេះ កាល ពីពេលម្សិលមិញ ២០២២ លោក ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ថា ៖ ការធ្វើអធិការកិច្ច គឺជាការត្រួតពិនិត្យតាមដានការអនុវត្តច្បាប់ ទប់ស្កាត់អំពើពុករ លួយ ភាពអយុត្តិធម៌ក្នុងសង្គម ការពារសិទ្ធិរបស់ពលរដ្ឋ និងសុវត្ថិភាពសាធារណៈ ពោលគឺពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល ។

តាំងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម ណុប ចាន់ណារិន្ទ បានថ្លែងអំណរគុណភាពចំពោះរដ្ឋបាលខេត្ត និងអង្គភាពមន្ទីរ ក្រុង-ស្រុក ជុំវិញខេត្ត ដែលបានសហការ ផ្តល់ជាឯកសារ និងការបំភ្លឺនានាជាមួយប្រតិភូដែលបានចុះរធ្វើអធិការកិច្ចនាពេលនេះ ។
លោក ណុប ចាន់ណារិន្ទ បញ្ជាក់ថា៖ បេសកកម្មរបស់ក្រុមការងារនាពេលនេះ គឺជាជ្រុងមួយដើម្បីត្រួតពិនិត្យទៅលើសេវាសាធារណៈនៅតាមមន្ទីរជំនាញ ក្រុង-ស្រុក រដ្ឋបាលខេត្ត និងគ្រឹះស្ថានសាធារណៈ បន្ទាប់ពីកិច្ចការមួយចំនួនត្រូវបានរាជរដ្ឋាភិបាលធ្វើប្រតិភូកម្មទៅឲ្យថ្នាក់ក្រោមជាតិអនុវត្តន៍ ។ ហេតុនេះ ក្នុងនាមជាស្ថាប័នអធិការកិច្ចរាជរដ្ឋាភិបាល ចាំបាច់ណាស់ត្រូវពិនិត្យជាប់ជាប្រចាំ ថាតើអង្គភាពណា បានអនុវត្តន៍ចំគោលដៅ ?  ដើម្បីចូលរួមក្នុងយន្តការកាត់បន្ថយ និងទប់ស្កាត់អំពើពុករលួយ ។
លោក ណុប ចាន់ណារិន្ទ បញ្ជាក់ទៀតថា អំពើពុករលួយធ្វើឲ្យប៉ះពាល់ជាអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាតិ ដូចជាការបាត់បង់ថវិការដ្ឋ ទ្រព្យសម្បត្តិសាធារ ណៈ រាំងស្ទះការអភិវឌ្ឍសេដ្ឋកិច្ច បង្កឧបស័គ្តដល់ធុរកិច្ច និងការបាត់បង់ដល់ការប្រកួតប្រជែងដោយសេរី និងយុត្តិធម៌ ពិសេសរំខានដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿមកលើរាជរដ្ឋាភិបាល ។
ទន្ទឹមនឹងភារកិច្ចសំខាន់ៗខាងលើនេះលោក ណុប ចាន់ណារិន្ទ បន្ថែមថា យើងក៏នៅមានជាយន្តការ រួមគ្នាជាសារវន្ត័ចំនួន៣ គឺ ការបង្ការទប់ស្កាត់ជាមុន ការពង្រឹងការអនុវត្តន៍ច្បាប់ និងការចូលរួមពីមហាជន ។
សូមបញ្ជាក់ថា: លោក ណុប ចាន់ណារិន្ទ  បានចុះបំពេញការងារ តាមលិខិតបេសកកម្មរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ដើម្បីដឹកនាំប្រតិភូចុះធ្វើអធិការកិច្ចតាមអង្គភាពនានា ចំណុះឲ្យរដ្ឋបាលខេត្តក្រចេះ នឹងដើម្បីរៀបចំជារបាយការណ៍លទ្ធផលការងារគោរពជូនប្រមុខរាជរដ្ឋាភិបាល តាមឋានុក្រម  ពិនិត្យសម្រេច ដើម្បីលើកសរសើរចំពោះអង្គភាពដែលអនុវត្តន៍បានល្អ  និងធ្វើការកែលំអបន្ទាន់ចំពោះអង្គភាពដែលមានការខ្វះខាត ចំពោះករណីមិនអនុវត្តន៍ ត្រូវបន្តតាមនីតិវិធី ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង