ការពង្រឹងការតភ្ជាប់ ឆ្ពោះទៅរកចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ ២០២៥
ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្ដីពីការតភ្ជាប់អាស៊ានលើកទី១៣ នៅរាជធានីភ្នំពេញ ដោយសហការរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិង អាស៊ីបូព៌ា និងលេខាធិការដ្ឋានអាស៊ាន។ នេះជាលើកដំបូងដែលសន្និសីទនេះត្រូវបានរៀបចំឡើងវិញ ដោយផ្ទាល់នៅបន្ទាប់ពីការលុបចោលនូវការរឹតបន្តឹងនៃការធ្វើដំណើរ ដោយការរីករាលដាល នៃជំងឺ កូវីដ-១៩ និងមានអ្នកចូលរួមជាង ១៦០នាក់ រួមមាន៖ សមាជិកនៃគណៈកម្មាធិការសម្របសម្រួល ស្តីពីការតភ្ជាប់អាស៊ាន (ASEAN Connectivity Coordinating Committee) តំណាងមកពី ស្ថាប័ន និងអង្គភាពតាមវិស័យនានារបស់អាស៊ាន ដៃគូអាស៊ាន អង្គភាពពហុភាគី ព្រមទាំងវិស័យឯកជន។
ក្រោមមូលបទ “ការលើកកម្ពស់ការតភ្ជាប់ឆ្ពោះទៅរកចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់រឹងមាំ” វាគ្មិនដែលបានអញ្ជើញមកពីមជ្ឈដ្ឋាន នានា ពីស្ថាប័នរដ្ឋ ក្រុមបញ្ញាជន អង្គភាពប្រឹក្សាយោបល់ និងធនាគារអភិវឌ្ឍន៍ពហុជាតិ បានធ្វើការ ផ្លាស់ប្តូរទស្សនៈលើបញ្ហាបច្ចុប្បន្ននិងនិន្នាការដែលកំពុងលេចឡើង ក្នុងបរិបទនៃការងើបឡើងវិញ ក្រោយជំងឺរាតត្បាត ក៏ដូចជាបញ្ហាប្រឈមដែលអាស៊ានជួបប្រទះក្នុងការអភិវឌ្ឍរបៀបវារៈនៃការ តភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥។ សន្និសីទក៏បានពិភាក្សាអំពីវិធីសាស្ត្រពង្រឹងភាពជាដៃគូស្តីពីការ តភ្ជាប់អាស៊ានជាមួយភាគីពាក់ព័ន្ធផ្សេងៗ ព្រមទាំងការលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធប្រកបដោយ ចីរភាព ការអភិវឌ្ឍទីក្រុងឆ្លាតវៃ និងភាពច្នៃប្រឌិតក្នុងវិស័យឌីជីថល ដែលអាចបង្កើតនិងពង្រឹងបណ្ដាញ ការងារតំបន់ ដើម្បីរួមចំណែកដល់ការកសាងសហគមន៍អាស៊ានមួយប្រកបដោយបរិយាប័ន្ន ភាពធន់រឹងមាំ និងការតភ្ជាប់គ្នាយ៉ាងល្អ។
តាមរយៈសុន្ទរកថាគន្លឹះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់នូវភាពចាំបាច់នៃការលើកកម្ពស់ការតភ្ជាប់តំបន់។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា អនាគតនៃតំបន់នេះនឹងពឹងផ្អែកលើឧត្តមភាពប្រកួតប្រជែង តំបន់របស់យើង ដែលអាចកើតមានឡើងបានដោយការតភ្ជាប់យ៉ាងល្អនៅក្នុងតំបន់ដែលមាន សកម្មភាពរួមគ្នា។ សង្វាក់ផ្គត់ផ្គង់តំបន់របស់យើងតម្រូវរក្សានូវភាពស័ក្ដិសិទ្ធិនិងភាពធន់រឹងមាំ។
អាស៊ានត្រូវទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍របស់ខ្លួន ដើម្បីផ្ដើមគំនិតផ្តួចផ្ដើមស្ដីពីការតភ្ជាប់និង គម្រោងសហប្រតិបត្តិការនានាពេញក្នុងតំបន់។ សម្រាប់អាស៊ាន អភិក្រមនេះគឺការទាញយកឲ្យ បានជាអតិបរមានូវការបំពេញគ្នាទៅវិញទៅមករវាងគំនិតផ្តួចផ្តើមនានាដែល មានស្រាប់ស្តីពីការ តភ្ជាប់ ដើម្បីចំរាញ់យកតម្លៃបន្ថែមដែលចាំបាច់។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ អំពីការចូលជាធរមាននៃកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដែលជាកិច្ច ព្រមព្រៀងពាណិជ្ជកម្មដ៏ធំសម្បើម និងដែលដឹកនាំសេដ្ឋកិច្ចតំបន់របស់យើង។ នៅមានភាពចាំបាច់ ក្នុងការតម្រែតម្រង់ទិសផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ (MPAC 2025) ដើម្បីធានា ថា ផែនការមេនេះនឹងដើរតួនាទីជាចំណុចស្នូលក្នុងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងគំនិតផ្តួចផ្ដើមផ្សេងៗ នៅក្នុងតំបន់ ក្នុងការទ្រទ្រង់អាស៊ានដែលប្រកបដោយភាពធន់រឹងមាំ ចិរភាព និងបរិយ៉ាប័ន្ន។
អគ្គលេខាធិការអាស៊ាន ឯកឧត្តម លឹម ចុកហុយ (Lim Jock Hoi) បានគូសបញ្ជាក់នូវភាពចាំបាច់ អាស៊ានក្នុងការប្រែក្លាយតំបន់នេះជាតំបន់ដែលមានភាពធន់រឹងមាំ អាចបត់បែនបាន និងមានភាព ឆ្លើយតបនឹងតម្រូវការនៃការផ្លាស់ប្ដូរជានិច្ចកាល។ ឯកឧត្តមអគ្គលេខាធិការបានបន្ថែមថា “ខណៈពេលដែលយើងបន្តរៀបចំផែនការសម្រាប់អនាគត យើងក៏ត្រូវកសាងនូវភាពភ្ជាប់គ្នារវាងអនាគត ជាមួយសកម្មភាពដែលយើងកំពុងធ្វើនៅក្នុងពេលបច្ចុប្បន្ន ។ ឯកឧត្តមអគ្គលេខាធិការបានមាន ប្រសាសន៍បន្ថែមទៀតថា អាស៊ានត្រូវតែធ្វើការជាមួយដៃគូទាំងអស់ ទោះសម្រាប់រយៈពេលខ្លី មធ្យម និងវែង និងបានពន្យល់ថា ធនធានទាំងអស់ដែលដៃគូរបស់យើងបានប្រើប្រាស់នៅក្នុងការ វិនិយោគក្នុងតំបន់យើងនេះ នឹងផ្តល់អត្ថប្រយោជន៍ទៅពួកគេវិញទៅតាមទំហំដែលធនធានទាំងនោះ បានផ្ដល់ផលប្រយោជន៍មកអាស៊ាន។
ជាមួយគ្នានេះដែរ លោកសាស្ត្រាចារ្យ ហ៊ីដេតូស៊ី នីស៊ីមូរ៉ា (Hidetoshi Nishimura) ប្រធានវិទ្យាស្ថាន ស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាស៊ីបូព៌ា បានរំលេចអំពីសារសំខាន់នៃការតភ្ជាប់ផ្នែកឌីជីថល ក្នុងការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ (MPAC 2025)។ លោកសាស្ត្រាចារ្យ បានយោងទៅលើការងាររបស់វិទ្យាស្ថានស្រាវជ្រាវ ស្តីពីផែនការអភិវឌ្ឍអាស៊ីគ្រប់ជ្រុងជ្រោយ ដំណាក់កាលទី៣ ដែលផែនការនេះបានគូសបញ្ជាក់យុទ្ធសាស្ត្រ សម្រាប់បង្កើតនូវសេដ្ឋកិច្ចមួយ ដែលប្រកបដោយសមាហរណកម្ម នវានុវត្តន៍ បរិយាប័ន្ន និងចិរភាពច្រើនជាងមុន នៅក្នុងតំបន់ អាស៊ាន និងអាស៊ីបូព៌ា តាមរយៈការលើកស្ទួយការតភ្ជាប់ផ្នែករូបវ័ន្ត និងផ្នែកឌីជីថលនៅក្នុងតំបន់។ លោកសាស្ដ្រាចារ្យបានបន្ថែមថា “ខ្ញុំជឿជាក់យ៉ាងខ្លាំងថា ផែនការអភិវឌ្ឍអាស៊ីគ្រប់ជ្រុងជ្រោយ ដំណាក់កាលទី៣នេះ នឹងរួមចំណែកធ្វើឲ្យការតភ្ជាប់តំបន់អាស៊ានក្រោយឆ្នាំ២០២៥ កាន់តែស៊ីជម្រៅ”។
សន្និសីទស្តីពីការតភ្ជាប់អាស៊ាន ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានសារសំខាន់ ដែលបានចាប់ផ្ដើម ប្រព្រឹត្តឡើងដំបូងនៅឆ្នាំ២០១០ ហើយសន្និសីទនេះនឹងបន្តជាវេទិកាមួយសម្រាប់ឲ្យដៃគូពាក់ព័ន្ធ ទាំងអស់អាចស្គាល់ និងកំណត់នូវវិស័យនៃកិច្ចសហប្រតិបត្តិការប្រកបដោយសក្ដានុពល ដើម្បីធ្វើ ឲ្យប្រសើរឡើងនូវការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ និងរបៀបវារៈការតភ្ជាប់ អាស៊ានកាន់តែទូលំទូលាយ៕