ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងវប្បធម៌ បើកដំណើរការ កម្មវិធីបើកមហោស្រព ល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២ ក្រោមប្រធានបទ «វប្បធម៌សន្តិភាព»

109

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ បានបើកដំណើរការ កម្មវិធីបើកមហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២ ក្រោមប្រធានបទ «វប្បធម៌សន្តិភាព» ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

កម្មវិធីនេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣ ដលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ស្អែកនេះ នៅរោងមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព ដោយមានវត្តមានរបស់ក្រុមសិល្បករល្ខោនបាសាក់ជាច្រើន ដែលមកពីបណ្តារាជធានី-ខេត្ត ដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែងសមត្ថភាពរបស់ខ្លួនលើវិធីសាស្ត្រនៃការដឹកនាំរឿង, សិល្ប៍វិធីនៃការតាក់តែងនិពន្ធ និងសមត្ថភាពនៃការសម្តែង។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងថែររក្សា ការពារ និងលើកស្ទួយសិល្បៈ ល្ខោនបាសាក់ ដែលជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ បានថ្លែងនូវការកោតសសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សប្បុរសជន ដៃគូអភិវឌ្ឍ និងវិស័យឯកជន ដែលបានចូលរួមយ៉ាងជិតស្និត និងឧបត្ថម្ភគាំទ្រកន្លងមក ដែលនេះគឺជាការចូលរួមយ៉ាងសកម្មដើម្បីជួយគាំទ្រ លើកស្ទួយ វិស័យសិល្បៈទស្សនីយភាព ពិសេសល្ខោនបាសាក់ ឱ្យចាប់ផ្តើមមានសកម្មភាពឡើងវិញ។

លោកជំទាវបណ្ឌិតសភាចារ្យ បានបន្តថា «ក្រោមការខិតខំ និងយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ដោយមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាសេនាធិកា ខ្ញុំសូមចាត់ទុកថា “មហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២” នាពេលនេះ មិនត្រឹមតែជាវេទិកាសម្រាប់ការបញ្ចេញនូវសមត្ថភាព និងទេពកោសល្យរបស់ក្រុមនីមួយៗតែប៉ុណ្ណោះទេ ប៉ុន្តែនេះគឺជាពេលវេលាមួយដ៏សំខាន់សម្រាប់សិល្បករទាំងក្នុង និងក្រៅប្រព័ន្ធ មានឱកាសបានជួបជុំគ្នា និងផ្លាស់ប្តូរនូវបទពិសោធន៍ថ្មីៗរវាងគ្នានិងគ្នា។ បន្ថែមអំពីនេះ ខ្ញុំជឿជាក់ថា នេះគឺវេទិកាមួយដ៏សំខាន់សម្រាប់ផ្សព្វផ្សាយជូនទៅដល់មហាជនគ្រប់ស្រទាប់ថ្នាក់បានទស្សនា និងស្វែងយល់បន្តិចម្តងៗអំពីទម្រង់សិល្បៈខ្មែរជាច្រើន ដែលទាមទារឱ្យមានការចូលរួមយកចិត្តទុកដាក់ ថែរក្សាការពារ និងលើកស្ទួយ»។

បើតាមលោកជំទាវបណ្ឌិតសភាចារ្យសម្រាប់ជាទិសដៅការងារទៅថ្ងៃមុខ ដើម្បីពង្រឹង និងពង្រីកវិសាលភាពនៃវិស័យសិល្បៈទស្សនីយភាពនៅកម្ពុជា ក្នុងនាមជាថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពវប្បធម៌ ក្នុងគោលបំណងថែរក្សា និងលើកស្ទួយសិល្បៈល្ខោនបាសាក់។ ជាពិសេស ការបង្កើតឱ្យមានមហោស្រព ឬព្រឹត្តិការណ៍វប្បធម៌នានា គឺជាការផ្សព្វផ្សាយ និងផ្តល់ឱកាសដល់សហគមន៍ យុវជន យុវនារី ដើម្បីចូលរួមថែរក្សា ការពារនូវសម្បត្តិវប្បធម៌ជាតិរបស់ខ្លួន ដូចពាក្យថា «កិច្ចថែរក្សាការពារបេតិកភណ្ឌវប្បធម៌ គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»៕

អត្ថបទដែលជាប់ទាក់ទង