ឯកឧត្ដម ថោង ខុន ទទួលបានគ្រឿង ឥស្សរិយយសថ្នាក់ខ្ពស់បំផុត «ខ្សែកមាស» ពី OCA
(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានទទួលគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត «ខ្សែកមាស» ពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) ចំពោះការលះបង់ និងការខិតខំប្រឹងប្រែង ក្នុងការជំរុញចលនាអូឡាំពិកកម្ពុជា ក៏ដូចជាចលនាអូឡាំពិកអន្ដរជាតិ។
គ្រឿងឥស្សរិយយសថ្នាក់ខ្ពស់នេះ ប្រគល់ដោយលោក Raja Randhir Singh ប្រធានស្ដីទី OCA ដែលធ្វើឡើងក្រោមពិធីបើកមហាសន្និបាត OCA លើកទី៤១ នៅសណ្ឋាគារសុខារ៉េស៊ីដង់ ដែលធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ នេះ។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងថា «ឯកឧត្តមបណ្ឌិត ថោង ខុន បានទទួលនូវគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត «ខ្សែកមាស» ដែលផ្ដល់ដោយក្រុមប្រឹក្សាអូឡាំពិកអាស៊ី គឺបានផ្ដល់នូវកិត្តិយសជូនដល់ការលះបង់ផ្ទាល់របស់ឯកឧត្តម ចំពោះចលនាអូឡាំពិក ក៏ដូចជាកីឡា ដែលឯកឧត្តមជាអ្នកកសាងនូវចលនាអូឡាំពិកកម្ពុជាបានរីកចម្រើន ដូចជាទិដ្ឋភាពកន្លងមកនេះ រហូតដល់ទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍អន្ដរជាតិធំៗ គឺការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ី ឆ្នាំ២០២៩»។
បន្ទាប់ពីទទួលបាននូវគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់ខាងលើ ឯកឧត្ដម ថោង ខុន បានថ្លែងថា ការទទួលបាននូវគ្រឿងឥស្សរិយយសនេះ គឺជាការផ្ដល់នូវកិត្តិយសសម្រាប់ប្រទេសកម្ពុជា ហើយក៏ជាការផ្ដល់នូវកិត្តិយសសម្រាប់កីឡាករ-កីឡាការិនី គ្រូបង្វឹក សហព័ន្ធកីឡាជាតិ និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអ្នកចូលរួមក្នុងចលនាអូឡាំពិកទាំងអស់ ដែលបានគាំទ្រចលនាអូឡាំពិកកម្ពុជា។
ទន្ទឹមជាមួយគ្នា ឯកឧត្ដម វ៉ាត់ ចំរើន បានសម្ដែងនូវការអបអរសាទរ ចំពោះឯកឧត្ដម ថោង ខុន ដែលត្រូវបានក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីផ្ដល់នូវ «ខ្សែកមាស» ដែលជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតរបស់ OCA ដែលជាកម្លាំងចលករដ៏សំខាន់មួយទៀត សម្រាប់ជំរុញដល់ការអភិវឌ្ឍវិស័យកីឡាជាតិ និងចលនាអូឡាំពិក៕