ជំនួបពិភាក្សាការងារទ្វេរភាគីរវាង សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីគុយបា
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេរភាគីជាមួយ ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា នៅវិមានសន្តិភាព នាល្ងាច ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ។
នៅក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម នាយករដ្ឋមន្ត្រីគុយបា បានផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមក ទាក់ទងនឹងបញ្ហាតំបន់ផង និងបញ្ហាពិភពលោកផង។ លើសពីនោះទៀត ឯកឧត្តមនាយករដ្ឋមន្ត្រីគុយបា បានគោរពសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដីជាទីបំផុតសម្រាប់ឯកឧត្តម និងប្រតិភូមកកាន់កម្ពុជា ។
ឯកឧត្តម ម៉ានូអែល គោរពជម្រាបជូនសម្ដេចតេជោ អំពីស្ថានភាពទូទៅនៅប្រទេសគុយបា ដែលរួមមាន៖ ស្ថានភាព និងការគ្រប់គ្រងជំងឺកូវីដ-១៩, ស្ថានភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចនៅប្រទេសគុយបា។
ឯកឧត្តម ម៉ានូអែល ក៏បានសំដែងនៅឆន្ទៈ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងឡើង នោះគឺឈរលើមូលដ្ឋាន នៃទំនាក់ទំនងដែលមានស្រាប់, ជំរុញការអនុវត្តនូវរាល់អនុស្សារណៈទាំងឡាយណា ដែលបានចុះហត្ថលេខាហើយ ក្នុងនោះរួមមានទាំងវិស័យអប់រំ វិស័យសុខាភិបាល វិស័យវប្បធម៌ និងវិស័យដទៃទៀត។ ក្នុងជំនួបនេះឯកឧត្តមនាយករដ្ឋមន្ត្រីគុយបា ក៏បានអរគុណកម្ពុជាដែលបានផ្ដល់អង្ករចំនួន៦ពាន់តោនមកដល់ប្រទេសគុយបាផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពចំពោះអ្វីដែលបានលើកឡើងដោយឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីគុយបា ហើយសម្ដេច ក៏បានលើកឡើងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែង និងភាពជោគជ័យដែលប្រទេសគុយបា បានទទួល នោះគឺការស្រាវជ្រាវលើវិស័យសុខាភិបាល, ការផលិតបាននូវវ៉ាក់សាំង សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ ក្នុងន័យនេះ សម្ដេចតេជោ បានស្នើសុំឱ្យគុយបា ពិនិត្យពិចារណា ជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេស លើវិស័យសុខាភិបាលនេះ និងវិស័យដទៃទៀតដែលជារួមមាន៖ វិស័យកីឡា វិស័យវិនិយោគ និងវិស័យព័ត៌មានជាដើម។
ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះរដ្ឋាភិបាល និងប្រជាជនគុយបា ដែលកន្លងមក បានជួយដល់កម្ពុជា ជាពិសេស នៅពេលដែលកម្ពុជា បានទទួលនូវផលលំបាកជាខ្លាំងបំផុត គឺនៅពេលដែលកម្ពុជា ត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលគុយបា បានផ្ដល់នូវការឧបត្ថម្ភលើវិស័យសុខាភិបាល និងវិស័យដទៃទៀត ដល់កម្ពុជា ៕