ក្រសួងការងារ ជូនដំណឹង ស្តីពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យដឹងថា ក្រសួងបានបន្ដ សម្របសម្រួលវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ស្របតាមតួនាទីដែលមានចែងក្នុងច្បាប់ជាធរមាន ក៏ដូចជាស្របតាមស្មារតីចង់បាន របស់តំណាងភាគីកម្មករនិយោជិត ដែលចង់ជួបចរចាជាមួយក្រុមហ៊ុនផ្ទាល់។
នៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ នេះ ក្រសួងបានបន្តអញ្ជើញគូភាគីវិវាទមកជួបប្រជុំដោះស្រាយ ជាលើកទី១៩ ដោយមានឯកឧត្តម ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ប. ជាអ្នកសម្របសម្រួល និងជាប្រធានអង្គប្រជុំ, តំណាងភាគីកម្មករនិយោជិត រួមមាន លោកស្រី វី សុវណ្ណឌី, និងលោកស្រី ហៃ សុភាព និងតំណាងភាគីនិយោជក រួមមាន លោកស្រី ឌី សីហា និងលោកស្រី រស់ ប៊ុនឡេង។
ឆ្លងតាមរយៈកិច្ចពិភាក្សាយ៉ាងផុសផុល ភាគីទាំងពីរនៅតែមិនទាន់រកឃើញដំណោះស្រាយដែលភាគី ទាំងពីរអាចទទួលយកបាន ព្រោះភាគីតំណាងកម្មករនិយោជិតនៅតែបន្តទាមទារឱ្យយកចូលធ្វើការវិញ រីឯភាគី តំណាងនិយោជកមិនអាចទទួលឱ្យចូលធ្វើការវិញបានឡើយ។ ដូច្នេះ ភាគីទាំងពីរឯកភាពកំណត់កាលបរិច្ឆេទ ប្រជុំបន្ទាប់ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០នាទី ដើម្បីមានឱកាសពិចារណាឡើងវិញ អំពីលទ្ធភាពនៃការសម្បទានគ្នាទៅវិញទៅមកដែលអាចឈានទៅបញ្ចប់វិវាទនេះ។
ជាថ្មីម្តងទៀត ក្រសួងស្នើឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទ ការងារនេះ, បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី, ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងត្រូវរក្សាភាពស្ងប់ស្ងាត់។
ក្រសួងក៏សូមជម្រាប ជូនបុគ្គលផ្សេងទៀតដែលមិនពាក់ព័ន្ធ នឹងករណីវិវាទនេះ សូមកុំចូលរួមក្នុងការតវ៉ា។ យោងតាមនីតិវិធីច្បាប់ ប្រសិនបើវិវាទការងារនេះមិនអាចស្វែងរក ដំណោះស្រាយបានដោយការផ្សះផ្សា នីតិវិធីបន្ទាប់គឺអាចបញ្ជូនទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ៕