ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឃ្លាំង ហួត៖ បង្ក្រាបទីតាំងបញ្ចាំខុសច្បាប់ នៅខណ្ឌទួលគោក បានសរុប៥៤ទីតាំង ដកហូតរថយន្ត និងម៉ូតូជាង១ពាន់គ្រឿង, ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធចូលរួមសហការទប់ស្កាត់ និងបង្ក្រាបទីតាំងបញ្ចាំខុសច្បាប់ និងល្បែងស៊ីសងឲ្យអស់

133

 

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌទួលគោក លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែក និងអាជ្ញាធរពាក់ព័ន្ធ ក្នុងដែនសមត្ថកិច្ចខណ្ឌទួលគោក ត្រូវរួមសហការគ្នាឲ្យបានល្អបំផុត ដើម្បីបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំខុសច្បាប់ឲ្យដូចភ្លៀងរលឹម ធ្វើយ៉ាងណាឱ្យតំបន់មួយនេះមានភាពល្អប្រសើរឡើងវិញ។

លោក ឃ្លាំង ហួត បានណែនាំយ៉ាងម៉ឺងម៉ាត់ ឲ្យគណៈបញ្ជាការឯកភាពខណ្ឌទូលគោក ត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំខុសច្បាប់ឲ្យអស់ពីមូលដ្ឋាន តាមរយៈការតាមដានស្រាវជ្រាវ ដោយដាក់ការសង្ស័យទៅលើទីតាំង ដែលយើងទទួលបានព័ត៌មានថា អាចនឹងមានការប្រព្រឹត្តបទល្មើសខាងលើ ទៅតាមប្រសាសន៍ណែនាំរបស់អភិបាលរាជធានីភ្នំពេញ ក៏ដូចជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញថ្លែងបែបនេះបានធ្វើឡើងនៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ដោយមានការចូលរួមពីលោកអធិការអធិការរងនរគបាល មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ មេប៉ុស្តិ៍ ចៅសង្កាត់ និងមេភូមិជាច្រើននាក់ទៀត។

លោក ឃ្លាំង ហួត បានបន្តទៀតថា ចំពោះការអនុវត្តលើការបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំនេះ គណៈបញ្ជាការឯកភាពខណ្ឌ ក៏ដូចជាមន្ត្រីពាក់ព័ន្ធត្រូវធ្វើរបាយការណ៍ជាប្រចាំមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីតាមដាន និងពិនិត្យ ធ្វើយ៉ាងណាឲ្យការងារបង្ក្រាប និងទប់ស្កាត់នេះ ប្រព្រឹត្តទៅប្រកបដោយរលូន និងមានប្រសិទ្ធភាពបំផុត។

អភិបាលរងរាជធានីភ្នំពេញ ក៏បានបញ្ជាក់ផងដែរថា «កិច្ចការងារនេះ ពិតជាទទួលបាននូវការសាទរយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ ដែលនេះជាកម្លាំងចិត្តមួយ នាំឲ្យយើងទទួលបានជោគជ័យ ក្នុងយុទ្ធនាការនៃការបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំខុសច្បាប់ទាំងនេះ»។

លោកស្នើឲ្យការអនុវត្តត្រូវតែធ្វើឡើងដោយឈរលើគោលការណ៍ បំរើផលប្រយោជន៍ប្រជាពលរដ្ឋ មានន័យថា កុងស៊ីបញ្ចាំខុសច្បាប់ បញ្ចាំទ្រព្យសម្បត្តិ ចោរត្រូវតែលុបបំបាត់ ហើយលើកទឹកចិត្តចំពោះកុងស៊ីបញ្ចាំស្របច្បាប់។

ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំនេះ លោក ជា ពិសី អភិបាលខណ្ឌទួលគោកបានឲ្យដឹងថា លទ្ធផលការងារ ដែលអនុវត្តកន្លងមក រួមមាន ៖ ឆែកឆេរត្រួតពិនិត្យ និងបង្ក្រាបទីតាំងទទួលបញ្ចាំ និងទទួលប្រាតិភោគ ដោយអនុប្បទាន ក្នុងមូលដ្ឋានខណ្ឌទួលគោក សរុបចំនួន ៥៤ទីតាំង នៅសង្កាត់ទឹកល្អកទី៣ ក្នុងនោះ៖ បង្ក្រាបទីតាំងទទួលបញ្ចាំ (ទ្រព្យបញ្ចាំមិនប្រក្រតី) ចំនួន១៦ទីតាំង ឃាត់ខ្លួន ១០នាក់ និងដកហូតម៉ូតូ ១.២៥៣គ្រឿង, រថយន្ត ១៤គ្រឿង, កង់បី ៩គ្រឿង និង ម៉ូតូ PassApp ១២គ្រឿង បញ្ជូនទៅរក្សាទុកនៅឃ្លាំងក្រុមហ៊ុន OCIC ជ្រោយចង្វារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងទីតាំងចំនួន៣៤ ត្រួតពិនិត្យឃើញមានច្បាប់អនុញ្ញាត និងទទួលទ្រព្យបញ្ចាំត្រឹមត្រូវ តាមនីតិវិធី។

សូមបញ្ជាក់ថា បើគិតពីថ្ងៃទី១៧ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ អាជ្ញាធររាជធានីភ្នំពេញ បានត្រួតពិនិត្យ និងបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ សរុបចំនួន១៣៣៨ទីតាំង។ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសកុងស៊ីបញ្ចាំខុសច្បាប់ សរុបចំនួន ៧៤ទីតាំង៕

អត្ថបទដែលជាប់ទាក់ទង