អាជ្ញាធរមីនកម្ពុជា ប្ដេជ្ញាចិត្ដគោរពតាមផែនការ បោសសម្អាតមីន ឲ្យអស់ឆ្នាំ២០២៥ តែសូមអំពាវនាវជំនួយធនធានមនុស្ស និងបច្ចេកទេសដោយស្ម័គ្រចិត្ដ ពីអន្ដរជាតិផងដែរ
ភ្នំពេញ៖ ដោយសារតែកម្ពុជាកំពុងឆ្លើយទៅនឹងផែនការកម្ពុជាគ្មានមីន ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានអាជ្ញាធរមីនកម្ពុជា លោកទេសរដ្ឋមន្ដ្រី លី ធុជ បានឲ្យដឹងថា៖ បច្ចុប្បន្នប្រតិបត្តិករដោះមីននៅមិនទាន់គ្រប់តម្រូវការនៅ ឡើយ ដោយហេតុត្រូវការអោយមានអន្តរជាតិស្ម័គ្រចិត្តចូលបន្ថែមពីចំនួនប្រតិបត្តិករក្នុងពេលបច្ចុប្បន្ន ជួយលើវិស័យដោះមីន ពិសេសធនធាន មនុស្ស និងបច្ចេកទេស ។ លោកទេសរដ្ឋមន្ដ្រី បាន បញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលវិស័យសកម្មភាពមីន(MACC) កាលពីរសៀលថ្ងៃព្រហស្បតិ៏ ៣រោច ខែភទ្របទ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅស្នាក់ការអគ្គលេខាធិការអាជ្ញាធរមីនកម្ពុជា ដែលមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គស្នងការដ្ឋាននគរបាលជាតិ ដៃគូរអភិវឌ្ឍន៍ និងគ្រប់ប្រតិបត្តិករវិស័យសកម្មភាពមីន ចូលរួមផងដែរ ។
លោក លី ធុជ បានបញ្ជាក់ថា៖ ថវិកានៅមានការខ្វះខាតយ៉ាងច្រើនសម្រាប់ដំណើរការបោសសម្អាតមីន យ៉ាងណាក្តីធនធានមនុស្ស គឺជារឿងសំខាន់ផងដែរសម្រាប់ការរដោះមីនអោយអស់ពីកម្ពុជា។ តែថ្ងៃនេះ បើទោះបីកម្ពុជាកំពុងខ្វះខាត បែបនេះក្ដី ក៏កម្ពុជាត្រូវតែប្ដេជ្ញាចិត្ដ និងឆ្លើយតបតាមផែនការកម្ពុជាគ្មានមីន នៅឆ្នាំ២០២៥ ។ ប៉ុន្តែដើម្បីការជោគជ័យកម្ពុជាគ្មានមីនឆ្នាំ២០២៥ ក្នុងនោះ អង្គភាពស៊ីម៉ាក់បានកម្ទេចមីន និងគ្រាប់សំណល់មិនទាន់ផ្ទុះ បានជាង២លាន ៧សែនគ្រាប់ ដោយភាគច្រើន គ្រាប់សំណល់អាមេរិកអំឡុងដើមទសវត្សន៍ទី៧០ ។ ជាមួយគ្នានោះដែរ អស់រយះពេល២៥ឆ្នាំ ដែលវិស័យមួយនេះបានប្រែក្លាយដីតំបន់ដែលមានមីនទៅជាដីលែងមានហានិភ័យ និងជាដីបង្កបង្កើនផលផងដែរ ៕