កិច្ចប្រជុំពិភាក្សា នៃគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែ តុលា ឆ្នាំ២០២២ ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានដឹកនាំមន្ត្រី ក.អ.ក. ចូលរួមកិច្ចប្រជុំពិភាក្សានៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (គ.ស.ហ.) លើសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ដែលដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងជាប្រធាន គ.ស.ហ. តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះក៏មានវត្តមានចូលរួមរបស់ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ ក.អ.ក. និងជាប្រធានគណៈកម្មាធិការប្រតិបត្តិអន្តរក្រសួងដឹកនាំការអនុវត្តផែនទីបង្ហាញផ្លូវ ផងដែរ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ ក.អ.ក. ដែលមានលេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយ IDP ជា សេនាធិការ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើការរៀបចំសេចក្តីព្រាងផែនទីបង្ហាញ ផ្លូវនេះជាខេមរភាសា និងកែសម្រួលឯកសារនេះឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយដើម្បីឆ្លើយតបទៅ នឹងតម្រូវការជាក់ស្តែង និងបរិបទនៃប្រទេសកម្ពុជា តបតាមស្មារតិកិច្ចប្រជុំ គ. ស. ហ. កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។
នៅក្នុងកិច្ចប្រជុំនេះ ក្រុមការងារលេខាធិការដ្ឋាន IDP នៃ ក. អ.ក. បានធ្វើបទបង្ហាញយ៉ាង ក្បោះក្បាយជូនអង្គប្រជុំដែលបានរៀបរាប់ពីសាវតារនៃការរៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវ, ភាពចាំបាច់ នៃការរៀបចំផែនទីបង្ហាញផ្លូវ ទិដ្ឋភាពរួមនៃការអភិវឌ្ឍវិស័យយានយន្ត និងវិស័យអេឡិចត្រូនិក, បញ្ហាប្រឈមក្នុងការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា វិធានការគន្លឹះសម្រាប់ អភិវឌ្ឍន៍វិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា, វឌ្ឍនភាពនៃការអនុវត្តវិធានការអាទិភាពដែល មានចែងក្នុងសេចក្តីព្រាងផែនទីបង្ហាញផ្លូវ, និងយន្តការស្ថាប័នសម្រាប់ការអនុវត្ត និងការតាមដាននិងវាយតម្លៃ។ គួរបញ្ជាក់ថា គំនិតផ្តួចផ្តើមចំនួន ២០ត្រូវបានដាក់ចេញនៅក្នុងសេចក្តីព្រាងផែនទីបង្ហាញ ផ្លូវនេះ ក្នុងនោះគំនិតផ្តួចផ្តើមអាទិភាពចំនួន៤ ដែលមានភាពបន្ទាន់ បាននិងកំពុងត្រូវបានអនុវត្ត បើទោះបីសេចក្តីព្រាងផែនទីបង្ហាញផ្លូវនេះមិនទាន់ត្រូវបានអនុម័តជាផ្លូវការក៏ដោយ ដែលរួមមាន (១) ការបង្កើតក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិច- ត្រូនិក (២) ការ កំណត់ទីតាំងតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ចង្កោមវិស័យយានយន្ត និងអេឡិចត្រូនិក (៣) ការសហការ ជាមួយវិស័យឯកជនដើម្បីរៀបចំកម្មវិធីបង្កើនជំនាញដល់កម្មករ និយោជិត និង (៤) ការបន្តធ្វើឱ្យ ប្រសើរឡើងនូវនីតិវិធីឡូជីស្ទីត។
ក្រោយពីការចូលរួមពិភាក្សាយ៉ាងផុលផុសពីសមាជិកអង្គប្រជុំ ជាពិសេសលើទម្រង់ រចនាសម្ព័ន្ធ ខ្លឹមសារសំខាន់ៗ និងយន្តការស្ថាប័ននៃឯកសារផែនទីបង្ហាញផ្លូវនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះការចូលរួមប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់របស់ ឯកឧត្តម លោកជំទាវ តំណាងក្រសួង និងស្ថាប័ន និងក្រុមការងារពាក់ព័ន្ធ ទាំងអស់ដែលបានធ្វើឱ្យសេចក្ដីព្រាងផែនទីបង្ហាញផ្លូវនេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ បន្ថែមទៀត ហើយដែលបន្ទាប់ពីទទួលបានការអនុម័តពីរាជរដ្ឋាភិបាលនាពេលខាងមុខ ឯកឧត្តម ជឿជាក់ថាផែនទីបង្ហាញផ្លូវនេះនឹងក្លាយជាឧបករណ៍ដ៏ស័ក្តិសិទ្ធមួយទៀតសម្រាប់ប្រើប្រាស់ក្នុងការចូលរួម ជាមួយរាជរដ្ឋាភិបាលជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ពិសេសនៅក្នុងបរិការណ៍នៃបម្រែបម្រួលនិម្មាបនកម្ម សេដ្ឋកិច្ចក្នុងតំបន់ និងក្នុងសកលលោក ក្រោយវិបត្តនៃជំងឺរាតត្បាតកូវីដ-១៩ ។
គួររំលឹកថា មុននឹងត្រូវបានដាក់ឆ្លងកិច្ចប្រជុំ គ.ហ.ស. នាថ្ងៃនេះ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ ក.អ. ក. ក៍បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សា និងប្រមូលធាតុចូលបន្ថែមពីក្រសួង ស្ថាប័នពាក់ព័ន្ធ លើសេចក្តី ព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជានេះផងដែរ។