ឯកអគ្គរដ្ឋទូតចិន ៖ អរគុណក្រសួងមហាផ្ទៃ ដែលបានបង្រ្កាបជនជាតិចិន ប្រព្រឹត្តិបទល្មើសបានទាន់ពេលវេលា
ភ្នំពេញ៖ ស្យុង ប៉ បានថ្លែងអំណរអគុណនិងកោតសរសើរ ចំពោះសមត្ថកិច្ចក្រសួងមហាផ្ទៃ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចសហប្រតិបត្តិការបង្រ្កាប ប្រឆាំងបទល្មើសនិងឧក្រិដ្ឋកម្ម ដែលបង្កឡើងដោយជនជាតិចិន ។ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះនៅទីស្តីការក្រសួងមហាផ្ទៃលោក ស្យុង ប៉ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ដែលចប់អាណត្តិនៅកម្ពុជាបានចូលជួបសម្តែងការគួរសមនិងជំរាបលាសម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី ។
បើតាមឯកអគ្គរដ្ឋទូតចិន ៖ “បានអំណរអគុណ ចំពោះសមត្ថកិច្ចក្រសួងមហាផ្ទៃ ដែលបានបង្រ្កាបរាល់ជនជាតិចិនដែលបានប្រព្រឹត្តិបទល្មើសបានទាន់ពេលវេលា ក្រោយពីជនជាតិចិនទាំងនោះ បានបង្កភាពអនាធិបតេយ្យ និងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ដែលជាកត្តាធ្វើឲ្យមានការព្រួយបារម្ភដល់ពលរដ្ឋខ្មែរ”។
លោក ស្យុង ប៉បានលើកឡើងថា អាជ្ញាធរកម្ពុជា បានសហប្រតិបត្តិការយ៉ាងល្អប្រសើរ លើការងារសន្តិសុខដូចជា ការបង្រ្កាបបទល្មើសផ្សេងៗ រួមមាន បទល្មើសឆ្លងដែន ការជួញដូរគ្រឿងញៀន និងការប្រព្រឹត្តអំពើពេស្យាចារផ្សេងៗ ។
ជាមួយគ្នានោះដែរ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន បានលើកសរសើរកម្ពុជាថា ជាមិត្តដ៏ល្អជាមួយរបស់ចិនលើគ្រប់វិស័យ។
លោក ស្យុង ប៉ បានលើកឡើងថា អាជ្ញាធរកម្ពុជាបានជួយលើការងារសន្តិសុខដូចជាការបង្រ្កាបបទល្មើសផ្សេងៗរួមមានបទល្មើសឆ្លងដែន ការជួញដូរគ្រឿងញៀន និងការប្រព្រឹត្តអំពើបេស្យាចារ្យផ្សេងៗនៅក្នុងទឹកដីប្រទេសកម្ពុជា ហើយរាល់ទង្វើរបស់ជនជាតិចិនទាំងនោះ បានធ្វើឲ្យមានការថ្នាំងថ្នាក់ដល់ពលរដ្ឋកម្ពុជាទាំងមូល ។
លោកឯកអគ្គរដ្ឋទូត បានបន្តថា “មានជនល្មើសជាជនជាតិចិនមួយចំនួនបានឆ្លៀតឱកាសធ្វើសកម្មភាពបទល្មើសផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ និងទឹកចិត្តរបស់ពលរដ្ឋខ្មែរ ។ តែយ៉ាងណាក្តីឯកឧត្តមបានអរគុណចំពោះក្រសួងមហាផ្ទៃ ដែលបានយកចិត្តទុកដាក់ជួយបង្រ្កាបនូវជនល្មើសដែលបានប្រព្រឹត្តបទល្មើសទាំងនេះ”។
ជាការឆ្លើយតប សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី ក៏បានសម្តែងការគាំទ្រ ដល់ការលើកឡើងរបស់លោក ស្យុង ប៉ និងសន្យាថានឹងខិតខំលើកស្ទួយ កិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែល្អប្រសើថែមទៀត ។
សម្តេចក្រឡាហោម នាយករដ្ឋមន្ត្រីស្តីទី ក៏បានថ្លែងអំណរអគុណចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលបានជួយដល់ប្រទេសកម្ពុជា នាពេលកន្លងមកនិងបច្ចុប្បន្ន ដែលជំនួយទាំងនោះ គឺផ្នែកបានជួយលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍ នៅប្រទេសកម្ពុជានាពេលនេះ៕