ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាស៊ាន​ ថ្លែងបើកកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២

96

 

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២នេះ ក្នុងនាមជាប្រធានអាស៊ាន សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២។

កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ នឹងធ្វើឡើងក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាប័ន្ន និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនស្ត្រីនៅក្នុងអាស៊ាន»។ កិច្ចប្រជុំនឹងធ្វើឡើងក្រោមទម្រង់កូនកាត់ដោយមានអ្នកចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។ ក្នុងនោះអ្នកចូលរួមដោយផ្ទាល់មានប្រមាណ ៣០០នាក់ និងតាមប្រព័ន្ធវីដេអូប្រមាណ ៥០០នាក់ នៅវិមានសន្តិភាព។

លោក លឹម ចុកហយ អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមកិច្ចប្រជុំនេះដោយផ្ទាល់នៅវិមានសន្តិភាពផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានថ្លែងសុន្ទរកថាគន្លឹះបើកកិច្ចប្រជុំ។ លោកស្រី យ៉ាស៊ីនដា អាដែន នាយករដ្ឋមន្ត្រីនូវែលសេឡង់, លោកស្រី ផេនី វង់ សមាជិកព្រឹទ្ធសភា និងជារដ្ឋមន្ត្រីការបរទេសអូស្ត្រាលី និងលោកស្រី វីគី ហ្វ័ដ ទេសរដ្ឋមន្ត្រីកិច្ចការអភិវឌ្ឍនៃក្រសួងការបរទេសអង់គ្លេស បានឡើងធ្វើបទអន្តរាគមន៍ផងដែរ មុនឈានដល់កិច្ចពិភាក្សាចង្អៀត។

ក្នុងសុន្ទរកថាបើកកិច្ចប្រជុំនេះនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីលទ្ធផលនៃកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី១ ដែលបានធ្វើឡើងនៅឆ្នាំ២០២០។ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញមោទនភាពចំពោះការបានធ្វើជាប្រធានអាស៊ាន និងរៀបចំកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២។

ផ្អែកទៅលើប្រធានបទដែលបានដាក់ចេញក្នុងសុន្ទរកថានេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចពីតួនាដ៏សំខាន់របស់ស្ត្រីក្នុងការរួមចំណែកកសាង និងអភិវឌ្ឍន៍សង្គម ជាពិសេសការជំរុញកំណើនសេដ្ឋកិច្ច។

សម្តេចតេជោ ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនរបស់ស្ត្រីក្នុងសហគ្រិនភាព ជាពិសេសនៅតាមទីជនបទ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវកិច្ចការចាំបាច់មួយចំនួន ដែលគួរយកយកចិត្តទុកដាក់ ដើម្បីដោះស្រាយបញ្ហាប្រឈម ក៏ដូចជាបំផុសសក្តានុពលសហគ្រិនស្ត្រី និងបង្កភាពងាយស្រួលក្នុងការចាប់យកនូវកាលានុវត្តភាព និងសក្តានុពលថ្មីៗ។

អត្ថបទដែលជាប់ទាក់ទង