ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ជឿជាក់យ៉ាងមុតមាំថា កិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី ២នឹងបន្តក្លាយជា វេទិកាសម្រាប់ការបំផុស និង ជំរុញទឹកចិត្តដល់ស្ត្រី នៅក្នុងតំបន់អាស៊ាន

59

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ (2nd ASEAN WOMEN LEADERS’ SUMMIT 2022) ធ្វើឡើងដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ នៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី។

ជាថ្មីម្ដងទៀត, សម្តេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម, លោកជំទាវ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងប្រទេសជាដៃគូ ដែលបានថ្លែងបទអន្តរាគមន៍ និង សុន្ទរកថា ដ៏មានអត្ថន័យ ដែលបានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្ត និង ឆន្ទៈដ៏មុតមាំ ក្នុងដំណើរឆ្ពោះទៅមុខជា មួយគ្នាក្នុងការបំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន ស្របតាមប្រធានបទរបស់យើង ក្នុងថ្ងៃនេះ។ ការទទួលស្គាល់ភាពចាំបាច់ នៃការពង្រឹងសហគ្រិនភាព និងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ ស្ត្រី គឺជាការបោះជំហានទៅមុខយ៉ាងសំខាន់ ។ ក្នុងស្មារតីនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្ស និង មានកម្លាំងចិត្ត ប្រកបដោយសុទិដ្ឋិនិយម ដោយបានសង្កេតឃើញថា យើងមានទស្សនៈវិស័យដូចគ្នា និងមានជំហររួមគ្នា ក្នុងការបន្តលើកកម្ពស់សមភាពយេនឌ័រ, ការផ្ដល់សិទ្ធិអំណាច និង ការគាំទ្រដល់ ស្ត្រី ដែលជាគុណតម្លៃដ៏វិសេស-វិសាល សម្រាប់ការអភិវឌ្ឍសហគមន៍អាស៊ានទាំងមូល ជាពិសេសក្នុង បរិការណ៍នៃការស្ដារសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញ ប្រកបដោយចីរភាព បរិយាបន្ន និង ភាពរឹងមាំ ក្រោយ ពីវិបត្តិនៃជំងឺកូវីដ-១៩ ។

ដោយស្ត្រី គឺជាស្នូលនៃគ្រួសារ និង សហគមន៍, «បើស្ត្រីរឹងមាំ, គ្រួសារ និងសហគមន៍អាស៊ាន របស់យើង ក៏រឹងមាំដូចគ្នាដែរ» ។ ក្នុងន័យនេះ, ការលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី គឺជាកិច្ចការមួយ ដ៏សំខាន់ ដែលអាចផ្តល់ និង បង្កើនឱកាសដល់ស្រ្តីក្នុងការចូលរួមនៅក្នុងសកម្មភាពសេដ្ឋកិច្ច ដើម្បី លើកកម្ពស់ជីវភាពរបស់ខ្លួន និង គ្រួសារ ក៏ដូចជាការចូលរួមក្នុងការអភិវឌ្ឍ និងការធ្វើសមាហរណកម្ម សង្គម-សេដ្ឋកិច្ចអាស៊ាន របស់យើងឱ្យកាន់តែមានភាពប្រសើរឡើង ។

ដើម្បីឱ្យស្ត្រីអាចចូលរួមក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ចបានយ៉ាងពេញលេញ និងទូលំទូលាយ, ការពង្រឹងសមត្ថភាព និងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី គឺជាកត្តាចាំបាច់ និង មិនអាចខ្វះបាន ។ ក្នុងន័យនេះ, រដ្ឋាភិបាលនៃបណ្ដាប្រទេសអាស៊ានទាំងអស់ មានកាតព្វកិច្ចធានាឱ្យបាននូវសមភាព សម្រាប់ស្រ្តី ក្នុងការទទួលបានការអប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ, ភាពជាម្ចាស់លើការ គ្រប់គ្រងធនធានហិរញ្ញវត្ថុ, សិទ្ធិចូលរួមក្នុងការសម្រេចចិត្ត និង ភាពជាអ្នកដឹកនាំ ដើម្បីឱ្យស្ត្រីគ្រប់រូប មានឱកាសពេញលេញ ទាំងក្នុងទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, ពាណិជ្ជកម្ម និង ទិដ្ឋភាពនយោបាយ ។

សម្តេចតេជោ ជឿជាក់យ៉ាងមុតមាំថា កិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី ២ . នាថ្ងៃនេះ នឹងបន្តក្លាយជា វេទិកាសម្រាប់ការបំផុស និង ជំរុញទឹកចិត្តដល់ស្ត្រី នៅក្នុងតំបន់អាស៊ាន ។ ខ្ញុំសូមលើកទឹកចិត្តឱ្យអាស៊ាន បន្តរៀបចំកិច្ចប្រជុំកំពូលនេះ នៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីជាសក្ខីភាពនៃការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹក នៃបណ្តាប្រទេសអាស៊ាន នៅក្នុងបុព្វហេតុនៃការសម្រេចឱ្យបាននូវសមភាពយេនឌ័រនៅក្នុងប្រទេស និង ក្នុងតំបន់ ។ ជាពិសេស, សម្តេចនាយករដ្ឋមន្រ្តី មានជំនឿយ៉ាងមុតមាំថា សេចក្តីថ្លែងការណ៍ ស្ដីពី «ការកសាងអនាគត ប្រកបដោយចីរភាព បរិយាបន្ន និង កាន់តែរឹងមាំ៖ ការបំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន» ដែលយើងបានពិភាក្សានាថ្ងៃនេះ នឹងទទួលបានការគាំទ្រ និង ការអនុម័តលើ នៅក្នុងកិច្ចប្រជុំកំពូល អាស៊ាន លើកទី ៤០ និងទី ៤១ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង