ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកួតកីឡាជាតិលើកទី៣ កីឡារាំដាក់៤វិញ្ញាសា

100

ភ្នំពេញ៖សម្រាប់ការប្រកួតកីឡាជាតិលើកទី៣នាខែវិច្ឆិកាខាងមុខនេះសហព័ន្ធកីឡារាំកម្ពុជាបញ្ជាក់ឲ្យដឹងថានឹងដាក់៤វិញ្ញាសាឲ្យប្រកួត ។
អ្នកស្រី ហង្ស ស៊ីម៉ន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា បាន បញ្ជាក់ថា វិញ្ញាសាទាំង៤នេះ អាចនឹងមានផលប៉ះពាល់ខ្លះៗសម្រាប់ការត្រៀមព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។ បើតាមនិយាមបច្ចេកទេសរបស់សហព័ន្ធកីឡារាំអន្តរជាតិ គឺសហព័ន្ធកីឡារាំកម្ពុជា ត្រូវដាក់១៤វិញ្ញាសា ឲ្យប្រកួតប្រជែងរាល់ព្រឹត្តិការណ៍ប្រកួត។
លោកស្រីបន្តថាវិញ្ញាសាទាំង១៤គឺសុទ្ធតែវិញ្ញាសាមានសក្តានុពលក្នុងការដណ្តើមមេដាយ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ស្របតាមការកំណត់ទិសដៅ និងមានផែនការច្បាស់លាស់ គឺសហព័ន្ធបានតម្រូវឲ្យកីឡាករ កីឡាការិនីចង្វាក់ Latin Dance ហ្វឹកហាត់តែវិញ្ញាសា Latin Dance ខណៈចង្វាក់ Standard Dance ហ្វឹកហាត់តែ Standard Dance និង Break Dance ហ្វឹកហាត់តែ Break Dance តែប៉ុណ្ណោះ ដើម្បីឲ្យពួកគាត់ត្រៀមខ្លួនបានល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ។

តែសម្រាប់កីឡាជាតិលើកទី៣ឆ្នាំ២០២២នេះគឺជាការចូលរួមដំបូងសម្រាប់សហព័ន្ធកីឡារាំ ក្នុងការសម្រួចសិទ្ធផលទាំងអត្តពលិក និងមន្រ្តីបច្ចេកទេសក្នុងទិសដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ប៉ុន្តែក្រសួងអប់រំយុវជននិងកីឡាអនុញ្ញាតតែ៤វិញ្ញាសាក្នុងចំណោម១៤វិញ្ញាសា។ ដូច្នេះធ្វើអោយប៉ះពាល់ដល់អត្តពលិកដែលហ្វឹកហាត់វិញ្ញាសាផ្សេងទៀតមិនបានចូលរួមប្រ
កួតបង្កើនសមត្ថភាព។
ទោះជាយ៉ាងណាក៏អ្នកស្រីហង្សស៊ីម៉នក៏បានជម្រុញ១០វិញ្ញាសាដែលមិនបានចូលរួមប្រកួត ត្រូវតែបន្តការហ្វឹកហាត់អោយខ្លាំង ត្រៀមចូលរួមការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ដែលគ្រោងនឹងរៀបចំ នាដើមខែវិច្ឆិកាខាងមុខនេះ និងត្រៀមចូលរួមការប្រកួតជើងឯក ដែលរៀបចំដោយសហព័ន្ធកីឡារាំអាស៊ី នាទីក្រុងណូយ ប្រទេសវៀតណាម។
ក្រោយបញ្ចប់ការប្រកួតជើងឯកកីឡាជាតិលើកទី៣និងជើងឯកស៊ីនៅប្រទេសវៀតណាម សហព័ន្ធកីឡារាំ នឹងបញ្ជូនកីឡាករ កីឡាការិនី ទៅហ្វឹកហាត់រយៈពេលវែង នៅប្រទេសចិន នៅចុងខែធ្នូ ឆ្នាំ២០២២ រហូតដល់ខែមេសា ឆ្នាំ២០២៣ ទើបបញ្ចប់ និងមកត្រឡប់មកកម្ពុជាវិញ ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣។

ការចេញទៅហ្វឹកហាត់នៅចិនគឺភាគីចិននឹងទទួលរ៉ាប់រងការស្នាក់នៅហូបចុកនិង
សន្យាផ្តល់គ្រូជំនាញកម្រិតខ្ពស់ ធ្វើការបង្ហាត់បង្រៀនដល់អត្តពលិកកម្ពុជា។
សូមបញ្ជាក់ថាកាលពីថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២២កន្លងទៅក្រោមជំនួយឥតសំណង
របស់រដ្ឋាភិបាល និងប្រជាជនចិន ដល់ក្រុមជម្រើសជាតិកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលចិនCamsocបានបញ្ជូនប្រតិភូគ្រូបង្វឹកនិងអត្តពលិកជម្រើសជាតិកម្ពុជា សរុប១៦១នាក់លើ១២ប្រភេទកីឡាបានចេញទៅហ្វឹកហាត់នៅប្រទេសចិន រយៈពេល៦ខែ រហូតដល់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។
៤វិញ្ញាសាដែលសហព័ន្ធរាំដាក់ក្នុងកម្មវិធីប្រកួតកីឡាជាតិរួមមាន Latin Five Dances, Standard Five Dances, Breaking Dance B Boy 1 និងBreaking Dance B Girl 1 ដោយមានអត្តពលិកមកពី ៤ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្តក្រុង ចូលរួមប្រកួត ក្នុងនោះមាន ក្រសួងមហាផ្ទៃ កងទ័ពជើងទឹក ខេត្តកំពង់ចាម និងខេត្តកណ្តាល៕

អត្ថបទដែលជាប់ទាក់ទង