ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងសួរសុខទុក នាយទាហាន នាយទាហានរង និងមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ

82

 

ភ្នំពេញ ៖ រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងសួរសុខទុក នាយទាហាន នាយទាហានរង និងមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើរបាយការណ៍ពីសកម្មភាពការងារ ការពារសន្តិសុខ សុវត្ថិភាពក្នុងខេត្តព្រះសីហនុ និងការអនុវត្តតួនាទីភារកិច្ចក្នុងការចុះការបង្ក្រាប ការជួញដូរមនុស្ស ជួញដូរពលកម្ម និងការជួញដូរផ្លូវភេទ និងការងារសង្គមមួយចំនួនផ្សេងទៀតប្រកបដោយជោគជ័យ ដោយមានការចង្អុលបង្ហាញពីឯកឧត្តមអភិបាលខេត្ត និងបានការយកចិត្តទុកដាក់ដល់កងកម្លាំងកងរាជអាវុធហត្ថ ព្រមទាំងបានផ្តល់អនុសាសន៍ល្អៗដល់កងកម្លាំងរាជអាវុធហត្ថរបស់យើងក្នុងការចូលរួមសហការការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាលការចែករំលែកបទពិសោធន៍ការងាររយៈពេលកន្លងមកមានដូចជា៖
១.ការបង្ក្រាបល្បែស៊ីសងខុសច្បាប់គ្រប់ទម្រង់
២.បង្ក្រាប និងស្រាវជ្រាវការជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ
៣.ការត្រួតពិនិត្យអត្តពលកម្មបរទេសខុសច្បាប់នៅខេត្តព្រះសីហនុ។ល។

ឯកឧត្តមបានលើកឡើងថា ចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ នៅខេត្តរបស់យើងមានពាក្យបណ្តឹងចំនួន២៥៣បណ្តឹង ប្តឹងតាមរយៈផេកសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផេកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ហតឡាញខេត្ត ដែលមានកម្លាំងថ្នាក់ជាតិចូលរួមសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត បានធ្វើការបង្ក្រាប ស្រាវជ្រាវបំបែកករណីបានជាបន្តបន្ទាប់ ដោយមិនទាន់មានបណ្តឹងថ្មីទៀតទេ។ ទន្ទឹមនោះយើងនៅតែមានការគិតគូរ ក្នុងការបង្ការទប់ស្កាត់ ដោយយើងត្រូវរួមគ្នាពន្លត់ភ្លើងកុំបន្តបក់ផ្សែង។ ត្រូវធ្វើការតាមដានស្រាវជ្រាវនៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងជួញដូរផ្លូវភេទ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ទន្ទឹមនឹងការបើកឱ្យដំណើរការសាងល្បងផ្លូវល្បឿនលឿនរយៈពេលមួយខែ គឺភ្ញៀវទេសចរ បានធ្វើដំណើរតាមផ្លូវល្បឿនលឿនមកកាន់ខេត្តព្រះសីហនុមានការកើនឡើង ពិសេសនៅចុងសប្តាហ៍ ក្នុងនោះឯកឧត្តមបានស្នើសុំឱ្យលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ត្រូវបង្កើនកម្លាំងយាមល្បាតនៅតាមគោលដៅនានា ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចររបស់យើង។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃចំពោះមេបញ្ជាការ មេបញ្ជាការរង និងពលអាវុធហត្ថ ដែលបានចូលរួមបំពេញការងារការពារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរក្នុងពិធីបុណ្យផ្សេងៗបានល្អ ដោយស្មារតីទទួលខុសត្រូវក្នុងការដឹកនាំ និងការចូលរួមពីមន្ត្រីក្រោមឱវាទទទួលបានជោគជ័យ។

ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ដ បានឧបត្ថម្ភថវិកា ចំនួន២០,០០០,០០០រៀល ដើម្បីជាការលើកទឹកចិត្តដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុផងដែរ៕

អត្ថបទដែលជាប់ទាក់ទង