ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៩ខែ ឆ្នាំនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានជាង ២ .០២៦ លានដុល្លារអាមេរិក

45

 

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានថ្លែអថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២ នេះ អគរ ប្រមូលចំណូលបានចំនួន ៨ ២៥៨,៧ ប៊ីលានរៀល ស្មើនឹង ២ ០២៦,៨ លានដុល្លារអាមេរិក ដែលតួលេខនេះត្រូវជាប្រមាណ ៧៨,៨% នៃផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ លទ្ធផលចំណូលនេះកើនឡើង ១ ៣៧៧,៣ ប៊ីលានរៀលដែលត្រូវជាប្រមាណ ២០%។

នាថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានប្រារព្ធកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយនិងរដ្ឋាកររយៈពេល ៩ខែ ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានមានប្រសាសន៍ថា ចំណូលតាមប្រភេទពន្ធនិងអាករ រួមមាន អាករពិសេសមានចំនួន ៣ ១៤៥,៣ ប៊ីលានរៀល (ត្រូវជា ៣៨,១% នៃចំណូលសរុប), អាករលើតម្លៃបន្ថែមមានចំនួន ៣ ១០៤,៧ ប៊ីលានរៀល (ត្រូវជា ៣៧,៦% នៃចំណូលសរុប), ពន្ធគយមានចំនួន ១ ៥៥៩,៦ ប៊ីលានរៀល (ត្រូវជា ១៨,៩% នៃចំណូលសរុប), អាករបន្ថែមលើផលិតផលប្រេងមានចំនួន ២៨១,២ ប៊ីលានរៀល (ត្រូវជា ៣,៤% នៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមានចំនួន ១៦៧,៩ ប៊ីលានរៀល (ត្រូវជា ២% នៃចំណូលសរុប)។ ចំពោះចំណូលតាមក្រុមទំនិញ ឃើញថា យានយន្តនិងគ្រឿងចក្រមានចំនួន ៣ ៨៨៩,៦ ប៊ីលានរៀល (ត្រូវជា ៤៧,១% នៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ២ ២០៦,៩ ប៊ីលានរៀល (ត្រូវជា ២៦,៧% នៃចំណូលសរុប), ផលិតផលតេលសិលាមានចំនួន ១ ៦៨៣,៦ ប៊ីលានរៀល (ត្រូវជា ២០,៤% នៃចំណូលសរុប), និងសម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន ៤៧៨,៥ ប៊ីលានរៀល (ត្រូវជា ៥,៨% នៃចំណូលសរុប)។

ទំហំនៃការនាំចេញក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២១ មានដូចខាងក្រោម៖
• ការនាំចេញផលិតផលកាត់ដេរមានចំនួន ១០ ២៥៧,០៣ លានដុល្លារអាមេរិក កើនឡើងប្រមាណ ២ ០១៥,៣១ លានដុល្លារអាមេរិក ស្មើនឹង ២៤,៥%,
• ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង កង់ គ្រឿងបន្លាស់រថយន្ត អំពូលលម្អ ផលិតផលពីឈើ កុងផ្លាកេ ផលិតផលពីប្លាស្ទិក ស្បែកសត្វកែច្នៃ និងផលិតផលផ្សេងៗទៀត) មានចំនួន ៤ ១៨៧,៥ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៨០៨,២ លានដុល្លារអាមេរិក ស្មើនឹង ២៣,៩%,
• ការនាំចេញកសិផលមានចំនួន ២ ២២៧,៥ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១២២,៣ លានដុល្លារអាមេរិក ស្មើនឹង ៥,៨% ដែលក្នុងនោះ ស្រូវនាំចេញមានតម្លៃ ៥០៣,៦ លានដុល្លារអាមេរិក ថយចុះប្រមាណ ៩១,២ លានដុល្លារអាមេរិក (១៥,៣%), ការនាំចេញអង្ករមានតម្លៃ ២៩១,៥ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៥,១ លានដុល្លារអាមេរិក (១,៨%), កៅស៊ូនាំចេញមានតម្លៃ ២៧២,៨ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៧ លានដុល្លារអាមេរិក (២,៦%), និងកសិផលផ្សេងទៀតមានតម្លៃ ១ ១៥៩,៧ លានដុល្លារអាមេរិក កើនឡើង ២០១,៥ លានដុល្លារអាមេរិក (២១%)។

បន្ថែមពីលើការងារប្រមូលចំណូល អគរ ក៏សម្រេចបាននូវវឌ្ឍនភាពល្អប្រសើរលើការងារសំខាន់ៗមួយចំនួន ដែលមានចែងក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២២ ដូចជា៖ (១). ការពង្រឹងការងារបច្ចេកទេសនិងការអនុវត្តច្បាប់, (២). ការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ, (៣). ការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម, (៤). ការងារសវនកម្មនិងការគ្រប់គ្រងហានិភ័យ, (៥). ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការធ្វើទំនើបកម្មនិងសាមញ្ញកម្មនីតិវិធីគយ, (៦). ការធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ននានា, និង (៧). ការអភិវឌ្ឍធនធានមនុស្សនិងស្ថាប័ន។

ដើម្បីធានាបាននូវលទ្ធផលល្អប្រសើរក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់អង្គភាពនាពេលខាងមុខបន្តទៀត ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានក្រើនរម្លឹកនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ទាំង ៥ ចំណុចរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងនាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលគយ អគារសាលាជាតិគយ និងអគារសារមន្ទីរគយ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ និងមតិណែនាំទាំងឡាយរបស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានផ្ដល់កន្លងមក ពិសេសមតិណែនាំថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គយនិងរដ្ឋាករប្រចាំឆ្នាំ២០២១ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ និងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០២២ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានផ្ដល់ការណែនាំបន្ថែមដល់មន្រ្តីក្រោមឱវាទ អគរ ទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តការងារពង្រឹងអភិបាលកិច្ច, ការកៀរគរចំណូល, និងការងារចំពោះមុខមួយចំនួនទៀតដែលរួមមាន (១).ពង្រឹងអនុលោមភាពការបំពេញបែបបទបញ្ចេញទំនិញពីគយ, (២).ពង្រឹងប្រសិទ្ធភាពការងារបច្ចេកទេសគយ, (៣).បន្តការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធនិងបន្លំពន្ធទាំងនៅដើមទី កណ្តាលទី និងចុងទីលើទំនិញចម្រុះដូចភ្លៀងរលឹមប្រកបដោយប្រសិទ្ធភាព, (៤).ជំរុញការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសឱ្យកាន់តែសកម្មថែមទៀត, (៥).ផ្តល់សេវាល្អនិងរហ័សជូនធុរជនពាក់ព័ន្ធ, (៦).រៀបចំកែលម្អសមាសភាពសមាជិកក្រុមការងារមួយចំនួនដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ, (៧).ត្រៀមរៀបចំកិច្ចប្រជុំជាតិនិងអន្តរជាតិសំខាន់ៗមួយចំនួន, (៨).ត្រៀមរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅ អគរ, និង (៩).រៀបចំទិសដៅផែនការសកម្មភាពការងារដែលត្រូវអនុវត្តក្នុងឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង