ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាផ្ដួចផ្ដើមរៀបចំ សេចក្ដីណែនាំមួយសម្រាប់អាស៊ាន ដើម្បីធានាថាកុមារ និងយុវជន នឹងទទួលបានការអប់រំប្រកបដោយគុណភាព និងសុវត្ថិភាព

67

 

ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានអាស៊ានប្ដូរវេន សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ បានឲ្យដឹងថា កម្ពុជាបានផ្ដួចផ្ដើមរៀបចំសេចក្ដីណែនាំអំពី «ការបើកឡើងវិញ ការងើបឡើងវិញ និងភាពធនក្នុងវិស័យអប់រំ៖ សេចក្ដីណែនាំសម្រាប់ប្រទេសអាស៊ាន» ដើម្បីធានាថា កុមារ និងយុវជនទាំងអស់ នឹងទទួលបានការអប់រំប្រកបដោយគុណភាព និងសុវត្ថិភាព។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន លើកទី២៨ នៅរាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ដើមចមដែលនាំឲ្យកម្ពុជាសម្រេចចិត្តផ្ដួចផ្ដើមរៀបចំសេចក្ដីណែនាំនេះ ក្រោយមើលឃើញពីសារៈសំខាន់នៃ ការជំរុញការកែទម្រង់ប្រព័ន្ធអប់រំ ការបណ្តុះបណ្តាលជំនាញ និងការស្តារឡើងវិញនូវការបាត់បង់ការសិក្សា (learning loss)។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ដោយមើលឃើញពីសារៈសំខាន់នៃ ការជំរុញការកែទម្រង់ប្រព័ន្ធអប់រំ ការបណ្តុះបណ្តាលជំនាញ និងការស្តារឡើងវិញនូវការបាត់បង់ការសិក្សា (learning loss) ក្នុងរយៈកាលកន្លងមកនេះ កម្ពុជាបានផ្តួចផ្តើមរៀបចំសេចក្តីណែនាំអំពី «ការបើកឡើងវិញ ការងើបឡើងវិញ និងភាពធនក្នុងវិស័យអប់រំ៖ សេចក្ដីណែនាំសម្រាប់ប្រទេសអាស៊ាន» ដើម្បីធានាថាកុមារ និងយុវជនទាំងអស់នឹងទទួលបានការអប់រំប្រកបដោយគុណភាព និង សុវត្ថិភាព»

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, បរិបថជំងឺកូវីដ-១៩ បានជំរុញការប្រែក្លាយការអប់រំជាប្រពៃណី ឲ្យទៅជាការអប់រំបែបឌីជីថលមួយជំហានរួចហើយ។ ក្នុងបរិការណ៍ នៃការវិវត្តយ៉ាងរហ័ស នៃបច្ចេកវិទ្យាឌីជីថល អាស៊ានគួរតែខិតខំបន្ថែមទៀត ក្នុងការជំរុញបរិវត្តកម្មឌីជីថល នៃប្រព័ន្ធអប់រំ។

ក្នុងន័យនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី មានសុទិដ្ឋិនិយមថា ថ្នាក់ដឹកនាំអាស៊ាននឹងចូលរួមជាមួយកម្ពុជា ក្នុងការអនុម័ត «សេចក្តីថ្លែងការណ៍ស្តីពីបរិវត្តកម្មឌីជីថល នៃប្រព័ន្ធអប់រំក្នុងតំបន់អាស៊ាន» នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង