ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD)

232

ទីស្ដីការក្រសួង៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យលោកស្រី Sandrine Boucher អគ្គនាយិកាទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រសួង ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។

ជាកិច្ចចាប់ផ្តើម លោកស្រីអគ្គនាយិកា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក៏ដូចជាជម្រាបជូនអំពីកិច្ចការងារដែលទីភ្នាក់ងារអភិវឌ្ឍន៍បារាំង កំពុងគាំទ្រ និងអនុវត្តដូចមាន៖ គម្រោងលើកកម្ពស់អនាម័យ គម្រោងអភិវឌ្ឍតំបន់ទីក្រុង និងការធ្វើផែនការមេទីក្រុងជាដើម ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ ចំពោះលោកស្រីអគ្គនាយិកា និង សហការី និងបានចែករំលែកព័ត៌មានអំពីការងារសំខាន់ៗដែលក្រសួងបានសម្រេចនាពេលកន្លងមក និងទិសដៅការងារថ្មីៗ ដើម្បីជំរុញដល់ការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់ការរស់នៅ ប្រកបដោយអនាម័យ និងការប្រើប្រាស់ទឹកស្អាត ដែលតម្រូវឱ្យក្រសួងគិតគូរពីវិធីសាស្ត្រ និងរបៀបផ្សេងៗ ក្នុងការដោះស្រាយលើបញ្ហាផ្នែកទឹកកខ្វក់នេះ និងបានលើកឡើងពី ការចូលរួមរបស់កម្ពុជាក្នុងការកាត់បន្ថយការបំភាយកាបូន តាមរយៈការលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី និងការជំរុញលើកទឹកចិត្តឱ្យប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ ដើម្បីឱ្យស្របទៅតាមទិសដៅកំណត់ដោយរាជរដ្ឋាភិបាល កម្ពុជា ដូចមានចែងក្នុងផែនការយុទ្ធសាស្ត្ររយៈពេលវែង ស្តីពីអាព្យាក្រឹតកាបូនឆ្នាំ២០៥០។ បច្ចុប្បន្ននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិនិត្យលទ្ធភាពស្វែងរកដៃគូសហការសិក្សាលើគម្រោងអភិវឌ្ឍ ផ្លូវរថភ្លើងល្បឿនលឿន ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះលើការប្រើប្រាស់យានយន្តបានផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងផងដែរអំពីការបង្កើតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ចូនកាលពីឆ្នាំ២០២១ ក្នុងន័យកសាងសមត្ថភាពជូនដល់អ្នកជំនាន់ថ្មី និងបានស្នើឱ្យមានការចូលរួមពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំងក្នុងការសិក្សាលទ្ធភាពផ្ដល់ជូនវគ្គបណ្ដុះបណ្ដាលជំនាញខ្លីៗដល់សិស្សនិស្សិត ដែលកំពុងសិក្សាជំនាញពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូនផងដែរ។

អត្ថបទដែលជាប់ទាក់ទង