ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិញ្ញាសារាំ“Breakdance” នឹងមានក្នុងស៊ីហ្គេម២០២៣ ជាលើកដំបូង

113

ភ្នំពេញ៖ក្បាច់រាំ“Breakdance”នឹងក្លាយទៅជាវិញ្ញាសាប្រកួតផ្លូវការក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
ពេលនេះសហព័ន្ធកីឡារាំកម្ពុជា បាននឹងកំពុងដំណើរការជ្រើសរើសអត្តពលិកកម្ពុជា ដោយបើកចំហមួយ លើការប្រកួតក្បាច់រាំ “Break dance” បន្ទាប់ពីសហព័ន្ធកីឡារាំកម្ពុជា បានចុះអនុស្សរណៈមួយ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ជាមួយសាលារបាំជប៉ុន D.O.D. លើការជួយផ្តល់គ្រូបង្វឹកកម្រិតខ្ពស់ ផ្នែក Breaking Dance ដើម្បីជួយបង្វឹកកីឡាករ-កីឡាការិនី Breaking Dance កម្ពុជា ត្រៀមចូលរួមប្រកួតស៊ីហ្គេម លើកទី៣២។

នេះគឺជាលើកទី១ សម្រាប់កម្ពុជា ក្នុងការចូលរួមប្រកួតលើវិញ្ញាសា “Breakdance” នៅស៊ីហ្គេម ហើយការជ្រើសរើសកីឡាករ-កីឡាការិនី ក៏ត្រូវបានរៀបចំឡើងនៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែតុលា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា (NTSC) និងនៅអង្គការ Tiny Toones។
អ្នកស្រីហង្សស៊ីម៉នអគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជាបានមានប្រសាសន៍ថាចំពោះវិញ្ញាសា Breaking Dance សហព័ន្ធ បានសហការជាមួយសាលារៀនបង្ហាត់រាំ D.O.D របស់ជប៉ុនដែលគាត់បានជួយឧបត្ថម្ភក្នុងការផ្ដល់គ្រូបង្វឹកហើយនឹងបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅប្រទេសជប៉ុន»។

ការជ្រើសរើសកីឡាករ-កីឡាការិនីទាំងអស់ គឺជាអតីតកីឡាករកីឡាការិនីមកពីអង្គការ Tiny Toones។ ហេតុនេះពេលនេះ ពួកគាត់បានចូលរួមប្រកួតដើម្បីក្លាយជាកីឡាករ-កីឡាការិនីជម្រើសជាតិ ដើម្បីចូលរួមប្រកួតស៊ីហ្គេម។
អ្នកស្រីបានបន្ថែមទៀតថា កីឡាករ-កីឡាការិនី ៤នាក់ (បុរស ២នាក់, នារី ២នាក់) នឹងត្រូវជ្រើសរើសពីគ្រូជប៉ុនហើយនឹងហ្វឹកហាត់នៅកម្ពុជារយៈពេល២ខែរួចទើបចេញទៅបោះជំរំហ្វឹកហាត់ក្នុងប្រទេសជប៉ុន រយៈពេល ៣ខែបន្ថែមទៀត មុនស៊ីហ្គេម ២០២៣ មកដល់ ក្រោមការណែនាំដោយផ្ទាល់ពីអ្នករាំកំពូលៗរបស់ប្រទេសជប៉ុន រួមទាំងក្រុមរាំ Mortal Kombat។
ចំពោះគោលការណ៍របស់គ្រូជប៉ុន គាត់នឹងជ្រើសរើសបុរស ២នាក់ នារី ២នាក់។ គឺ មានន័យថា ជ្រើសរើសចំនួន ៤នាក់ ដែលគាត់យកទៅបង្វឹក ដើម្បីត្រៀមស៊ីហ្គេម។ ប៉ុន្តែ ក្នុងវិញ្ញាសាស៊ីហ្គេម គឺក្នុងមួយប្រទេស មានការចូលរួមតែ ២នាក់ប៉ុណ្ណោះគឺបុរស ១នាក់ ហើយនិងនារី ១នាក់ សម្រាប់វិញ្ញាសា Breakingdance ។

គ្រូជប៉ុននិងសហព័ន្ធត្រូវតែបណ្ដុះបណ្ដាលឲ្យបាន៤នាក់ដើម្បីផ្លាស់ប្ដូរពេលមានបញ្ហាអ្វីមួយកើតឡើងយើងមានអ្នកបម្រុងចូលរួមទៀត។ក្រោយពីការជ្រើសរើសរួចហើយខាងជប៉ុន គាត់នឹងបញ្ជូនគ្រូបង្វឹកមកកម្ពុជា ដើម្បីបង្វឹកនៅកម្ពុជាយើងសិន ហើយនៅខែមករា នឹងបញ្ចូនពួកគាត់ទៅហ្វឹកហាត់នៅប្រទេសជប៉ុន ចំនួន៣ខែទៀត។
វិញ្ញាសា“Breakdance”នៃប្រភេទកីឡារាំនេះបានចាប់ផ្ដើមដាក់ឲ្យប្រកួតជាលើកដំបូង
ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣០ឆ្នាំ២០១៩នៅប្រទេសហ្វីលីពីនដោយពេលនោះ មាន ៥ប្រទេសចូលរួម គឺម្ចាស់ផ្ទះហ្វីលីពីន, វៀតណាម, សិង្ហបុរី, ឥណ្ឌូនេស៊ី និងថៃ។
Breakdance បានអភិវឌ្ឍពីការរាំតាមដងផ្លូវ រហូតដល់ក្លាយទៅជាការប្រកួតប្រជែង ខណៈវិញ្ញាសា“breakdance”ក៏ត្រូវបានដាក់បញ្ជូលទៅក្នុងការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នាទីក្រុងប៉ារីស (2024 Summer Olympics) ដែលនឹងប្រារព្ធឡើងនៅឆ្នាំ២០២៤ ៕

អត្ថបទដែលជាប់ទាក់ទង