មេដឹកនាំកីឡា២៨ប្រទេសជួបគ្នា នៅស្រីលង្កាជ ជែកគ្នារឿងប្រឆាំងដូពីង
ភ្នំពេញ;មេដឹកនាំកីឡាចំនួន២៨ប្រទេស ដែលមកពីទ្វីបអាស៊ី និង ទ្វីបអូសេអានី កំពុងតែជួបគ្នានៅទីក្រុងកូឡុំបូប្រទេសស្រីលង្កា ដើម្បីជួបប្រជុំគ្នាលើកទី១៥ ស្ដីពីការប្រឆាំងសារធាតុលើកម្លាំងនៅក្នុងកីឡា(Anti-Doping In Sport) ។
ការប្រជុំធ្វើពីថ្ងៃទី១៨ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៩មិថុនា ។ ភាគីកម្ពុជាដឹកនាំដោយលោកប៊ូ ជុំសេរីអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា និង លោកប៉ុន សុខប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលជាស្ថាប័នមានតួនាទីគ្រប់គ្រងកីឡាជម្រើសជាតិ ព្រមទាំងអភិវឌ្ឍន៍ និង បំប៉នកីឡាជម្រើសជាតិ ។
សព្វថ្ងៃនេះការប្រឆាំងសារធាតុលើកម្លាំងនៅក្នុងកីឡា បានក្លាយជាវាក្យស័ព្ទដ៏សំខាន់មួយ នូវគ្រប់ព្រឹត្តិការណ៍ប្រកួតនានាទាំងកម្រិតជាតិ និង កម្រិតអន្តរជាតិ ។សម្រាប់អ្នកដែលមិនដណ្ដើមបានមេដាយវា មិនជាបញ្ហាឡើយតែសម្រាប់អ្នកបានមេដាយបន្ទាប់ពីបញ្ចប់ការប្រកួតភ្លាមៗ គឺត្រូវអ្នកទទួលខុសត្រុវខាងត្រួតពិនិត្យរកមើលសារធាតុ លើកកម្លាំងនៅក្នុងកីឡាត្រួតពិនិត្យទឹកនោមភ្លាមៗដែរ ក្រែងលោមានសំណាកអ្វីដែលបង្ហាញថាអត្តពលិករូបនោះ បានលួចប្រើប្រាស់សារធាតុលើកម្លាំងដែលក្នុងកីឡាបានហាមឃាត់ ។
លោកប៉ុន សុខបានរាយការណ៍ពីទីក្រុងកូឡុំបូមកថា កម្ពុជាគឺជាប្រទេសហត្ថលេខីមួយ ក្នុងការប្រឆាំងការប្រើប្រាស់សារធាតុលើកកម្លាំងនៅក្នុងកីឡា។ ជាមួយគ្នានេះកម្ពុជាក៏បានបង្កើតស្ថាប័នថ្នាក់ជាតិមួយ ប្រឆាំងនឹងការប្រើប្រាស់សារធាតុលើកកម្លាំងក្នុងកីឡាដែរ ។សូម្បីតែការប្រកួតកីឡាថ្នាក់ជាតិក៏កម្ពុជាត្រួតពិនិត្យដូពីង ទៅលើអ្នកដែលដណ្ដើមបានមេដាយដែរ ៕