អ៊ុយក្រែនឈានទៅដល់ការផ្តាច់ ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ ក្រោយទទួលរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក
បរទេស ៖ កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបាននិយាយថា លោកកំពុង ដាក់សំណើទៅប្រធានាធិបតីលោក Volodymyr Zelenskiy ដើម្បីកាត់ផ្តាច់ទំនាក់ទំនងការទូតជាផ្លូវការ ជាមួយទីក្រុង Tehran ក្រោយពីការវាយប្រហាររបស់រុស្ស៊ីជាបន្តបន្ទាប់ដោយប្រើប្រាស់អ្វីដែលទីក្រុង Kyiv និយាយថាជាយន្តហោះគ្មានមនុស្សបើកផលិតដោយអ៊ីរ៉ង់។
កាលពីថ្ងៃចន្ទ រុស្ស៊ីបានបាញ់បង្ហោះយន្តហោះ គ្មានមនុស្សបើកប្រភេទ “kamikaze” រាប់សិបគ្រឿង លើគោលដៅនានាក្នុងប្រទេសអ៊ុយក្រែន ដោយបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់ ផលិតថាមពល និងបានសម្លាប់ជនស៊ីវិលជាច្រើននាក់។ និងបាននិយាយថា ការវាយប្រហារត្រូវបានធ្វើឡើងដោយយន្តហោះគ្មានមនុស្សបើកប្រភេទ Shahed-136 ផលិតដោយអ៊ីរ៉ង់។ ប៉ុន្តែទីក្រុង Tehran បដិសេធថា មិនបានផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកឡើយ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយថា ក្រុង Kyiv ប្រាកដណាស់ថា យន្តហោះគ្មានមនុស្សបើកទាំងនោះជារបស់អ៊ីរ៉ង់ ហើយនឹងត្រៀមខ្លួនជាស្រេចដើម្បីចែករំលែក “កញ្ចប់ភស្តុតាង” ដល់ប្រទេសមហាអំណាចអឺរ៉ុបដែលមានការសង្ស័យ។ លោក Kuleba បានប្រាប់ សន្និសីទសារព័ត៌មានថា “ទីក្រុង Tehran ទទួលខុសត្រូវទាំងស្រុងចំពោះការបំផ្លាញទំនាក់ទំនង ជាមួយអ៊ុយក្រែន”។ “ខ្ញុំកំពុងដាក់សំណើមួយទៅប្រធានាធិបតីអ៊ុយក្រែន ដើម្បីផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់”។
លោក Kuleba ក៏បាននិយាយទៀតថា លោកបានទទូចឲ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ “ក្នុងការជួយរុស្ស៊ីដើម្បីសម្លាប់ជនជាតិអ៊ុយក្រែន” ៕