ពុំបានពិភាក្សាក្នុងការប្រមូលពន្ធ លើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងស្រុកទេ គឺកិច្ចពិភាក្សាបានផ្តោត លើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិចឆ្លងកាត់ព្រំដែន
ភ្នំពេញ៖ បន្ទាប់ពីការរិះគន់ពីមន្រ្តីជាន់ខ្ពស់មួយចំនួន និងលើបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយរួចមក ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៨ខែកញ្ញា បានសេចក្តីបំភ្លឺបន្ថែមសម្រាប់សាធារណជន អំពីលទ្ធផលនៃកិច្ចប្រជុំស្តីពី “សារពើពន្ធអេឡិចត្រូនិក (E-Tax)” កាលពីព្រឹកថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨ កន្លងទៅ ។
ក្រសួងសេដ្ឋកិច្ច បានប្រកាសថា កិច្ចប្រជុំពុំបានពិភាក្សាផ្តោតទៅលើយន្តការ ឬកំណត់ជាពេលវេលាក្នុងការប្រមូលពន្ធ លើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬអនឡាញក្នុងស្រុកទេ ។ នៅក្នុងទិដ្ឋភាព E-Tax កិច្ចពិភាក្សាបានផ្តោតលើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចឆ្លងកាត់ព្រំដែន ដែលក្រុមហ៊ុនផ្គត់ផ្គង់សេវាឌីជីថលស្ថិតនៅក្រៅប្រទេស និងដែលអាចនាំឲ្យមានផលប៉ះពាល់អវិជ្ជមាន ដល់ការប្រកួតប្រជែងជាមួយពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកក្នុងស្រុក ក្នុងគោលបំណងដើម្បីការពារ និងលើកស្ទួយពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។