ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយអាជ្ញាធរខេត្តសៀមរាប

87

សៀមរាប៖ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តសៀមរាប ប្រមាណជាង២ពាន់នាក់។

សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្តសៀមរាបទាំងអស់ដែលបានខិតខំបម្រើការងារអភិវឌ្ឍន៍ខេត្តអោយទទួលលទ្ធផលល្អប្រសើររហូតមកដល់ពេលនេះ។

សម្តេចតេជោក៏បានថ្លែងដោយក្តីមោទនភាពចំពោះភាពជោគជ័យនៃការទប់ស្កាត់ជំងឺកូវិដ-១៩ របស់ប្រទេសកម្ពុជាតាមរយ:ការដាក់ចេញនូវយុទ្ធសាស្ត្រចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព ដែលធ្វើអោយយើងមានឱកាសបើកដំណើរប្រទេសជាតិឡើងវិញតាមគន្លងប្រក្រតីភាពថ្មី។ សម្តេចតេជោក៏បានសង្កត់ធ្ងន់ថា ភាពជោគជ័យនៃការទប់ស្កាត់កូវីដ-១៩នេះហើយ ដែលធ្វើអោយកម្ពុជាយើងអាចទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដ៏ទៃទៀតឆ្នាំក្នុងឆ្នាំ២០២២នេះ រាប់ទាំងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលកម្ពុជាយើងបានធ្វើ និងទទួលបាននូវភាពជោគជ័យនាពេលកន្លងទៅថ្មីៗនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកដល់មន្រ្តីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា៖ ចោរកម្ម ប្លន់ប្រដាប់អាវុធ ការជួញដូរគ្រឿងញៀន ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាព នៃការរស់នៅ និងការប្រកបរបរការងារផ្សេងៗរបស់ប្រជាពលរដ្ឋ។ ទន្ទឹម នឹងនេះត្រូវយកចិត្តទុកដាក់ការផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានាជូនប្រជាពលរដ្ឋ អោយបានលឿន និងមានប្រសិទ្ធិភាព ក្នុងនោះមន្ត្រីត្រូវគិតថា ខ្លួនជាអ្នកបម្រើ ប្រជាពលរដ្ឋ ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ អាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការអោយបានច្រើន ដោយមិនត្រូវលំអៀងខាងភាគីណានោះទេត្រូវឈរនៅកណ្ដាល ដើម្បីបម្រើផលប្រយោជន៍ទាំងសងខាង។ សម្ដេចតេជោក៏សុំឲ្យអាជ្ញាធរកងកម្លាំងប្រដាប់អាវុធត្រូវមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងដែលស្ថិតជាប់នឹងខេត្តរបស់ខ្លួនដូចជាប្រទេសថៃជាដើម ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្ដិការ ជាពិសេសពង្រឹងលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសជិតខាងអោយបានល្អប្រសើរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានរួមសហការគ្នា អភិវឌ្ឍ ខេត្តសៀមរាបអោយកាន់តែរីកលូតលាស់ទៅមុខ។ កិច្ចការដែលសម្រេចទៅបានដោយជោគជ័យ គឺអាស្រ័យ ដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ប្រកបដោយមនសិការ និងឆន្ទះល្អមុះមុត និងការទទួល ខុសត្រូវខ្ពស់ ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ៕

អត្ថបទដែលជាប់ទាក់ទង