ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការរ៉ួតារីក្លឹប អូស្រ្ដាលី ផ្ដល់អគារសិក្សា១ខ្នងជូនសិស្សានុសិស្ស បឋមសិស្សាធិបតីបិទការ៉ា សៀមរាប

74

ភ្នំពេញ៖ អង្គការរ៉ូតារីក្លឹប មកពីប្រទេសអូស្រ្តាលីតាមរយៈអង្គការចក្ខុវិស័យកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ បានផ្តល់អគារសិក្សា១ ខ្នង មាន២បន្ទប់ ជូនសាលាបឋមសិក្សាធិបតីបិទការ៉ា ស្ថិតនៅភូមិថ្មគោល ,ឃុំត្រីញ័រ ,ស្រុកពួក ខេត្តសៀមរាប ដែលជាសាលាឧបសម្ព័ន្ធរបស់ សាលា បឋមសិក្សាធិបតី។

លោក ស៊ត់ ចន្ថា ប្រធានអង្គការចក្ខុវិស័យកម្ពុជា បានថ្លែងថា៖ បច្ចុប្បន្ន នេះរាជរដ្ឋាភិបាលកម្ពុជា បានសាងសង់សាលារៀនជាច្រើន ទាំង នៅក្នុងទីប្រជុំជនក្រុង និងតំបន់ជនបទ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏នៅមានកន្លែងជនបទមួយចំនួនមិនទាន់ មានសាលារៀនគ្រប់គ្រាន់ នៅ ជិតផ្ទះរបស់បងប្អូនដែរ។ ជាក់ស្តែងនៅភូមិថ្ម គោលនេះ ក្មេងតូចៗត្រូវទៅរៀននៅសាលា ឆ្ងាយ ប្រហែល ជិត៣គីឡូម៉ែត្រពីផ្ទះ។ លោកបានបន្ដថា ដោយមើលឃើញពីភាព ជាក់ស្តែង ថា កុមារតូចៗនៅក្នុងភូមិនេះ មានការពិបាក និងក្តីបារម្ភពីសុវត្ថិភាពរបស់មាតាបិតាផងនោះ អង្គការចក្ខុវិស័យកម្ពុជាដោយមានជួយឧបត្ថម្ភពីរ៉ូតារីក្លិបមកពីប្រទេសអូស្រ្តាលី និងមានការ សហការជួយពីអាជ្ញាធរមូលដ្ឋាន បានសាងសង់សាលា១ខ្នងនេះបន្ថែម ដើម្បីឱ្យកុមារតូចៗ នៅក្នុងភូមិនេះ ងាយស្រួលក្នុងការទៅរៀនឱ្យបានគ្រប់ៗគ្នា។

លោក ប៊ែរី ថេនីន(Barry Tennent) ប្រធានរ៉ូតារីក្លឹបមកពីប្រទេសអូស្រ្តាលី បានបញ្ជាក់ ថា លោកពិតជាមានការសប្បាយចិត្ត នៅពេលដែលជួយចំគោលដៅដែលក្មេងៗ កំពុងមាន ត្រូវការខ្លាំង។ លោករំពឹងថា ក្មេងៗនៅក្នុងភូមិនេះ និងបានចូលរៀនគ្រប់ៗគ្នា។

លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក ខេតសៀមរាបបានមានប្រសាសន៍ថា ការ ជួយ សាងសង់អគារសិក្សានេះ មានសារៈសំខាន់ណាស់សម្រាប់ក្មេងៗនៅក្នុងភូមិនេះ។ លោក បន្តថា ការចូលរួមបណ្តុះបណ្តាលធនធានមនុស្សនៅតំបន់ជនបទ ជាចំណែកមួយធ្វើឱ្យ តំបន់ជន បទឆាប់មានការរីកចម្រើន។ លោកបានពន្យល់ថា នៅពេលក្មេងៗទាំងនេះ បានរៀន សូត្រមានចំណេះដឹង ពួកគាត់អ្នកខ្លះអាចក្លាយជាមន្រ្តីមានឋានៈធំៗ អ្នកខ្លះទៀតអាច នឹង ក្លាយជាអ្នកមាន អ្នកជំនួញធំ ដែលពួកគាត់ទាំងនេះ ប្រកដណាស់ថា និងមកជួយ អភិវឌ្ឍន៍ នៅមូលដ្ឋាននេះ ឱ្យមានការរីកចម្រើន និងជួយទៅដល់ក្មេងៗជំនាន់ក្រោយនៅភូមិនេះ បន្ត ទៀតផងដែរ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង