វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើ ឡើង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើររបស់ប្រជាពលរដ្ឋ
ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅមហោស្របចេនឡា សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក នៅព្រឹកថ្ងៃទី២៥ តុលានេះ ប្រជាពលរដ្ឋបានស្នើអោយអាជ្ញាធរជួយ ដោះស្រាយជាសំណើរ សំណូមពរមួយចំនួន មានទាំងការស្នើសុំអោយជួយអន្តរាគមន៍រឿងថវិកាឧបត្ថមអ្នកស្លាប់ដោយជម្ងឺកូវីដ-១៩មិនទាន់ទទួលបានប្រាក់ ការស្នើសុំកម្មសិទ្ធដីធ្លី និងការសុំអោយជួយសាងសង់អាគារសិក្សាបន្ថែមជាដើម។ អ្វីដែលជាការកត់សំគាល់ បញ្ហាកកស្ទះសំរាម ការផ្តល់
អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងការស្នើសុំផ្តល់សេវាសាធារណៈផ្សេងៗទៀត
មិនត្រូវបានលើកឡើងក្នុងវេទិកានេះទេ។
វេទិកានេះធ្វើឡើងក្រោមវត្តមានលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកមាន ចាន់យ៉ាដា តំណាងអោយលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងម៉ាន់ ឈឿន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌទួលគោក។
វេទិកានេះមានប្រជាពលរដ្ឋចំនួន៣នាក់ប៉ុណ្ណោះដែលបានលើកឡើងជាសំណួរសំណើរផ្ទាល់មាត់ ក្នុងនោះរួមមាន៖ ទី១ ស្នើសុំអោយអាជ្ញាធររាជធានីជួយអន្តរាគមន៍ចំពោះប្រជាពលរដ្ឋរស់នៅភូមិ១៣ សង្កាត់ផ្សារដើមគរ ដែលមានក្រុមគ្រួសារ២នាក់បានស្លាប់ដោយជម្ងឺកូវីដ-១៩មិនទាន់ទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាល។ ទី២ ប្រជាពលរដ្ឋរស់នៅសហគមន៍មិត្តភាព ជាប់របងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ស្នើសុំកម្មសិទ្ធដីធ្លី (ប្លង់រឹង )និងទី៣ អតីតលោកគ្រូបង្រៀន បានស្នើសុំអោយ ជួយសាងសង់អាគារសិក្សានៅវិទ្យាល័យជា ស៊ីមសាមគ្គីបន្ថែម ខណៈដែលសិស្សានុសិស្សបានកើនឡើង៣ដង ។
ចំពោះការលើកឡើងជាសំណើរផ្ទាល់មាត់៣នាក់ខាងលើកនេះ ត្រូវបានលោកមាន ចាន់យ៉ាដា ដោះស្រាយជូនភ្លាមៗតែម្តង ដោយ លោកបញ្ជាក់ថា៖ ចំពោះ ការស្នើសុំអោយអាជ្ញាធររាជធានីជួយអន្តរាគមន៍ចំពោះប្រជាពលរដ្ឋរស់នៅភូមិ១៣ សង្កាត់ផ្សារដើមគរ ដែលមាន២នាក់បានស្លាប់ដោយជម្ងឺកូវីដ-១៩មិនទាន់ទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាលនោះ លោកស្នើអោយពលរដ្ឋក្នុងគ្រួសារសព សូមធ្វើសំណើរមករដ្ឋបាលខណ្ឌទួលគោក ហើយរដ្ឋបាលខណ្ឌបន្តស្នើទៅរដ្ឋបាលរាជធានី ក្នុងរយៈពេលយ៉ាងយូ៤ថ្ងៃ ថវិកានោះនឹងបានមកដល់ដៃគ្រួសារនៃសពហើយ។ ប្រជាពលរដ្ឋរស់នៅសហគមន៍មិត្តភាព ជាប់របងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ស្នើសុំកម្មសិទ្ធដីធ្លី (ប្លង់រឹង ) លោកសន្យាថា នឹងអោយមន្ទីរជំនាញពាក់ព័ន្ធនិងអាជ្ញាធរ ចុះពិនិត្យជាក់ស្តែងនៅទីតាំងសហគមន៍ បើមានសម្បទាគ្រាប់គ្រាន់ សមស្របទៅនឹងច្បាប់ អាជ្ញាធរមិនទុកនោះទេ គឺត្រូវប្រគល់ជូនប្រជាពលរដ្ឋហើយ។ ចំពោះការស្នើសុំអោយ ជួយសាងសង់អាគារ
សិក្សានៅវិទ្យាល័យជា ស៊ីមសាមគ្គីបន្ថែមនោះ លោកបានស្នើអោយប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានី បន្តស្នើសុំទៅក្រសួងអប់រំ យុវជននិងកីឡា បន្ថែមទៀត ចំណែកលោកក៏នឹងស្នើសុំទៅលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញដើម្បីអោយជួយកសាងសាលានេះផងដែរ។
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកម៉ប់ សារិន បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធនិងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងលឺ និងរកយន្តការដោះស្រាយជូន។
វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើ ឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើររបស់ប្រជាពលរដ្ឋ ។ប៉ុន្តែក្នុងរយៈពេល២ឆ្នាំជាប់គ្នានេះត្រូវបានខកខានដោយការរាតត្បាតជម្ងឺកូវីដ-១៩ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តដោះស្រាយទុក្ខកង្វល់ប្រជាពលរដ្ឋជានិច្ច៕