លោកនាយករដ្ឋមន្រ្តីនេប៉ាល់ បានសាទរចំពោះជោគជ័យគណបក្សប្រជាជនកម្ពុជា នាំមកនូវស្ថេរភាពនយោបាយដ៏ល្អ
បុរីញូវយ៉ក៖ លោកនាយករដ្ឋមន្រ្តីនេប៉ាល់ បានសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យ ភ្លូកទឹកផ្លូកដី អំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលនាំមកនូវស្ថេរភាពនយោបាយដ៏ល្អ សម្រាប់កម្ពុជា។ នៅរសៀលថ្ងៃទី ២៨ កញ្ញាដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ខាតហ្កា ប្រាសាដ សាម៉ាអូលី (Khadga Prasad Shama Oli) នាយករដ្ឋមន្រ្តីនេប៉ាល់។
ក្នុងជំនួបនេះ សម្តេចតេជោ បានសំដែងនូវក្តីរីករាយដែលមានឱកាសបានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមនាយករដ្ឋមន្រ្តីសារជាថ្មីនៅសហរដ្ឋអាមេរិក។ សម្តេចតេជោ បានថ្លែងនូវអំណរគុណ ជូនចំពោះប្រទេសនេប៉ាល ដែលបានបញ្ជូនអ្នកអង្កេតការណ៍របស់ខ្លួន ទៅពិនិត្យមើលដំណើរការបោះឆ្នោតសកលនីតិកាលទី៦ កាលពីពេលថ្មីៗនេះនៅកម្ពុជា ដោយបានវាយតម្លៃខ្ពស់ ចំពោះដំណើរការបោះឆ្នោត ដែលបានប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តាមបែបប្រជាធិបតេយ្យ និងលទ្ធផលគឺទទួលយកបាន។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ជម្រាបថា សម្តេចបានទទួលសំបុត្រអញ្ជើញពីលោកនាយករដ្ឋមន្រ្តី ដើម្បីអញ្ជើញទៅចូលរួមកិច្ចប្រជុំ គណបក្សនយោបាយនិយមកណ្តាល នៅប្រទេសនេប៉ាល់ ក្នុងពេលខាងមុខ ព្រមទាំងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសនេប៉ាល់ ពិសេសអញ្ជើញទៅទស្សនាតំបន់ប្រវត្តិ របស់ព្រះពុទ្ធផងដែរ។
នៅក្នុងជំនួបពិភាក្សាថ្ងៃនេះ ប្រមុខដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានស្នើឲ្យរដ្ឋមន្រ្តីក្រសួងការបរទេស នៃប្រទេសទាំងពីរ ធ្វើការពិភាក្សាគ្នាជុំវិញការរៀបចំកម្មវិធីនៃដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ទៅកាន់ប្រទេសនេប៉ាល់ ដែលគ្រោងធ្វើឡើងនៅចុងខែវិច្ឆិកា និងដើមខែធ្នូ ២០១៨ ខាងមុខ ជាពិសេសគឺរៀបចំនូវកិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់គ្នា សម្រាប់ចុះហត្ថលេខាជាមួយគ្នា ដែលនឹងមានសេចក្តីប្រកាសរួមនៃដំណើរទស្សនកិច្ច កិច្ចព្រមព្រៀងលើកលែងទិដ្ឋាការលើលិខិតឆ្លងដែនការទូតនិងផ្លូវការ កិច្ចព្រមព្រៀងស្តីពីការការពារវិនិយោគ អនុស្សារណៈស្តីពីការពិគ្រោះពិភាក្សាខាងនយោបាយ រវាងក្រសួងការបរទេសទាំងពីរ និងកិច្ចព្រមព្រៀងស្តីពីការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច នយោបាយ វប្បធម៌ នៃប្រទេសទាំងពីរ ។
លោកនាយករដ្ឋមន្រ្តីនេប៉ាល់ បានសំដែងនូវការអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យភ្លូកទឹកផ្លូកដីអំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលនាំមកនូវស្ថេរភាពនយោបាយដ៏ល្អសម្រាប់កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមនាយករដ្ឋមន្រ្តីបានសន្យាថានឹងរៀបចំទទួលសម្តេចតេជោ អោយបានល្អ និងជោគជ័យក្នុងពេលអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសនេប៉ាល់នៅពេលខាងមុខ៕