ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកវិនិយោគលើវិស័យអចលនទ្រព្យ របស់អារ៉ាប់រួម នៅកម្ពុជា បានកើនដល់ជិត ៣លាន ដុល្លារគិតត្រឹមឆមាសទី១ឆ្នាំ ២០២២នេះ

162

ភ្នំពេញ៖ ការវិនិយោគលើវិស័យអចលនទ្រព្យរបស់អារ៉ាប់រួមនៅកម្ពុជា បានកើនដល់ជិត ៣លាន ដុល្លារគិតត្រឹមឆមាសទី១ឆ្នាំ២០២២នេះ ខណៈកម្ពុជាចាត់ទុកអារ៉ាប់រួម ជាដៃគូ ពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជាក្នុងចំណោមប្រទេសអារ៉ាប់ ដែលបានរួមចំណែក រហូតដល់៧៧% នៃពាណិជ្ជកម្មកម្ពុជានៅតំបន់ឈូងសមុទ្រ។

ក្នុងវេទិកាធុរកិច្ចកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលប្រព្រឹត្តទៅនៅទីក្រុងអាប៊ូដាប៊ី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ចាប់ពីថ្ងៃទី២៤-២៦ ខែតុលានេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ក្នុងរយៈពេល២០ឆ្នាំ ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏ល្អក្នុងរង្វង់ ៧%ក្នុងមួយឆ្នាំ ដែលញ៉ាំងឱ្យកម្ពុជាបន្តសិ្ថតក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចរីកលូតលាស់ខ្លាំង។ ជាក់ស្ដែងទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អារ៉ាប់រួម ក្នុងរយៈពេលប្រាំបីខែដំបូងនៃ ឆ្នាំ២០២២ បានកើនឡើងដល់ជិត ៣០០លានដុល្លារអាមេរិក កើនឡើងជាង ៤០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

លោក រដ្ឋមន្រ្តី បានលើកទឹកចិត្តដល់អ្នកវិនិយោគអារ៉ាប់រួមទាំងអស់ ឱ្យចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជំរុញពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីប្រើប្រាស់សក្តានុពលអាជីវកម្មរបស់កម្ពុជាឱ្យបានពេញលេញ ទាក់ទងនឹងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងអារ៉ាប់រួម ព្រមទាំងបានអំពាវនាវឱ្យធុរជន និងវិនិយោគិនអារ៉ាប់រួមផ្សេង ទៀត ដែលមិនទាន់បានប្រកបអាជីវកម្មនៅកម្ពុជា ទៅសិក្សាពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជាដោយផ្ទាល់។

លោកបណ្ឌិត បានបន្តថា សព្វថ្ងៃនេះ អារ៉ាប់រួមគឺជាដៃគូពាណិជ្ជកម្មកំពូលរបស់កម្ពុជាក្នុងចំណោមប្រទេសអារ៉ាប់ ដែលមានចំនួន ៧៧% នៃពាណិជ្ជកម្មរបស់កម្ពុជា ជាមួយតំបន់ឈូងសមុទ្រ។ ចំពោះការវិនិយោគរបស់កម្ពុជាទៅកាន់អារ៉ាប់រួម មានចំនួនសរុបជិត ១លានដុល្លារអាមេរិក នៅចុងឆ្នាំ២០២០ ដែលភាគច្រើនផ្តោតលើវិស័យអចលនទ្រព្យ ហើយការវិនិយោគរបស់អារ៉ាប់រួមនៅកម្ពុជាវិញ មានចំនួនសរុបប្រមាណ ២.៧លានដុល្លារអាមេរិក នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២ ក៏ស្ថិតក្នុងវិស័យអចលនទ្រព្យ ផងដែរ។

ឯកឧត្តមបណ្ឌិតបន្ថែមថា ក្រៅពីនេះ សម្លៀកបំពាក់ ស្បែកជើង និងឧស្សាហកម្មទំនិញធ្វើដំណើរ កសិកម្ម និងសន្តិសុខស្បៀង នៅតែជាផ្នែកសំខាន់នៃការផ្តោតអារម្មណ៍សម្រាប់ឱកាសបង្កើនភាពជាដៃគូរវាងអារ៉ាប់រួម-កម្ពុជា ផងដែរ។
គួរបញ្ជាក់ថា បើផ្អែកតាមតួលេខពីក្រសួងពាណិជ្ជកម្ម បានបង្ហាញថា នៅឆ្នាំ២០២១កន្លងទៅ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអារ៉ាប់រួម មានប្រមាណ១៥០លានដុល្លារ កើនឡើងជាង៥០% ធៀបនឹងឆ្នាំ២០២០ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញទៅកាន់អារ៉ាប់រួម មានតម្លៃ ៥២លានដុល្លារ ខណៈទំនិញដែលអារ៉ាប់រួម បាននាំចូលមកកម្ពុជា មានទំហំទឹកប្រាក់ ជិត១០០លានដុល្លារ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង