ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាល់បោះរទេះ ជនពិការនារី នឹងចូលរួមព្រឹត្តិការណ៍ 3rd Edition of ICRC International Wheelchair Basketball Tournament នៅឥណ្ឌា

92

ភ្នំពេញ៖ក្រុមកីឡាការិនីបាល់បោះរទេះជនពិការនារីកម្ពុជានឹងទៅចូលរួមប្រកួតលក្ខណៈអន្តរជាតិ 3rd Edition of ICRC International Wheelchair Basketball Tournament នៅប្រទេសឥណ្ឌា រយៈពេល៨ថ្ងៃ ពីថ្ងៃទី៥ ដល់ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេស មុនអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា។
គ្រូបង្វឹកកីឡាបាល់បោះជិះរទេះជនពិការ លោក ម៉ៅ សុខជា បានអោយដឹងថា ការចូលរួមប្រកួតខាងលើ តបតាមការអញ្ជើញរបស់ប្រទេសឥណ្ឌា ដោយមាន៨ប្រទេសចូលរួម ដូចជា ប្រទេសនេប៉ាល់ បង់ក្លាដេស កម្ពុជា លីប៊ី អាហ្គានីស្ថាន ស៊ីរី ហ្គាណា និងឥណ្ឌា ជាម្ចាស់ផ្ទះ។
លោកបន្តថាការប្រកួតកម្រិតអន្តរជាតិច្រើនមានសារសំខាន់សម្រាប់អត្តពលិកបាល់បោះជនពិការកម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ ប្រកបដោយភាពជឿជាក់ និងជាម៉ែត្រវាស់វែងមួយ ក្នុងការដុសខាត់សមត្ថភាព បង្កើនសិទ្ធផលអោយបានល្អប្រសើរ។
ក្រៅពីការប្រកួតកម្រិតអន្តរជាតិ នៅឥណ្ឌា កីឡាករ កីឡាការិនីបាល់បោះជនពិការ នឹងត្រៀមចូលរួមការប្រកួតជម្រុះជាមួយប្រទេសហ្វីលីពីននិងឡាវដើម្បីយកសិទ្ធិចូលរួមការប្រកួតអាស៊ីប៉ារ៉ាហ្គេម នៅប្រទេសចិន ឆ្នាំ២០២៣ ខាងមុខនេះ។
សូមបញ្ជាក់ថាកីឡាបាល់បោះជិះរទេះជនពិការផ្នែកនារីគឺជាកីឡាសក្តានុពលរបស់កម្ពុជា ដែលធ្លាប់ឈ្នះមេដាយមាស១គ្រឿង ប្រាក់១គ្រឿង ពីអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០២២ កន្លងទៅថ្មីនេះ ក្នុងចំណោម១១ប្រភេទកីឡា ចូលរួមប្រកួត គឺកីឡាអត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរស និងនារី បាល់បោះរទេះបុរស និងនារី បាល់បោះជនពិការភ្នែក បាល់ទាត់ចលករខួរក្បាល (៥ម្ខាង) វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុកអន្តរជាតិ និងប៊ូស្យា។ ជាលទ្ធផល អត្តពលិកជនពិការកម្ពុជា ដណ្តើមបានមេដាយសរុប២៨គ្រឿង ក្នុងនោះ មេដាយមាស៧ ប្រាក់១០ និងសំរឹទ្ធ១១គ្រឿង។
សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២នាឆ្នាំ២០២៣កម្ពុជាដែលធ្វើជាម្ចាស់ផ្ទះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (CAMAPGOC ) បានត្រៀម១២ប្រភេទកីឡា ដាក់អោយប្រកួតប្រជែង រួមមាន អត្តពលកម្ម, ប៊ូស្យ៉ា, វាយសី, អុក, បាល់ទាត់ (៥ម្ខាង), បាល់ទាត់ (៧ម្ខាង), បាល់ទះ, លើកទម្ងន់, បាល់ទះអង្គុយ, ហែលទឹក, វាយកូនឃ្លីលើតុ និងបាល់បោះជិះរទេះ ដែលការប្រកួតនេះ នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងទឹកដីខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង