ជិតលែងរងការរំខាន ផ្លូវ ៥ខ្សែក្នុងខណ្ឌដូនពេញ គ្រោងបញ្ចប់ការកែលម្អ នៅចុងសប្ដាហ៍នេះ
ភ្នំពេញ ៖ ខណៈមានការរំខានដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងអ្នកដំណើរ ពីការជួសជុលផ្លូវចំនួន ៥ខ្សែ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ រដ្ឋបាលរាជធានីភ្នំពេញ កំពុងដំណើរការជួសជុលគ្រឹះ ចាក់អ៊ុត និងគូសគំនូសចរាចរណ៍លើកំណាត់ផ្លូវទាំងនោះ ដោយគ្រោងនឹងសម្រេចឱ្យរួចរាល់ នៅចុងសប្ដាហ៍ ថ្ងៃទី៣០ ខែតុលាខាងមុខនេះ។
មន្ត្រីទទួលការស្ថាបនាផ្លូវបានឱ្យដឹងថា កំណាត់ផ្លូវដែលកំពុងដំណើរការអ៊ុតនេះ បានចាប់ដំណើរការតាំងពីថ្ងៃទី១៨ ខែតុលា ដែលគ្រោងនឹងបញ្ចប់ នៅថ្ងៃទី៣០ ខែតុលា។ កំណាត់ផ្លូវទាំង ៥ខ្សែនោះរួមមាន ផ្លូវជាប់ស្ថានទូតរុស្ស៊ី, ផ្លូវមុខរដ្ឋសភា, កំណាត់ផ្លូវសុធារស់ មុខព្រះបរមរាជវាំង, ផ្លូវលេខ១៨៤ ពីផ្លូវលេខ១៩ ដល់ផ្លូវព្រះស៊ីសុវត្ថិ និងផ្លូវលេខ ២៤០ ពីផ្លូវព្រះនរោត្តមដល់វិថីព្រះស៊ីសុវត្ថិ។ មន្ត្រីជំនាញបានឱ្យដឹងទៀតថា ផ្លូវនេះធ្វើឡើងទាំងធ្វើគ្រឹះ ចាក់អ៊ុត និងគូសគំនូសចរាចរណ៍ព្រមគ្នាតែម្តង។
ក្រោមការណែនាំពី លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីជំនាញនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កំពុងដំណើរការជួសជុល កែលំអរផ្លូវជាច្រើនខ្សែ ក្នុងគោលបំណងលើកកម្ពស់សោភណ្ឌភាពបរិស្ថាន រាជធានីភ្នំពេញកាន់តែស្រស់បំព្រង។
អភិបាលរាជធានីភ្នំពេញតែងបានណែនាំដល់មន្ត្រីជំនាញឱ្យយកចិត្តទុកដាក់កែលំអរ ជួសជុល ផ្លូវដែលមានជង្ហុកសំបុកមាន់ឱ្យបានល្អប្រសើរឡើងវិញ ស្របពេលរាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា ស៊ីហ្គេម នាពេលខាងមុខនេះ៕