ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា លើកទី៥ អាណត្តិទី១ តាមប្រព័ន្ធអនឡាញ
រាជធានីភ្នំពេញ ៖ រសៀលថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាសមាជិកគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា លើកទី៥ អាណត្តិទី១ តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា។
កិច្ចប្រជុំមានរបៀបវារៈចំនួន ៣៖
១-ពិនិត្យ និងសម្រេចលើសេចក្តីព្រាងប្រកាសស្តីពី បែបបទ និងនីតិវិធីនៃការដាក់ទណ្ឌកម្មរដ្ឋបាល និងពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម
២-ពិនិត្យ និងសម្រេចលើសេចក្តីព្រាងប្រកាសស្តីពី នីតិវិធី បែបបទ និងលក្ខខណ្ឌនៃការផ្តល់ និងការបន្តសុពលភាពអាជ្ញាបណ្ណបុគ្គលិក ពិសេសកាស៊ីណូ
៣-ពិនត្យពិភាក្សាលើបញ្ហាផ្សេងៗ ៕