ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រយៈពេលមួយខែ នៃការបើកឱ្យប្រើប្រាស់ សាកល្បងដោយឥតគិតថ្លៃ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានទទួលយានយន្តចំនួនជិត ៤៤ម៉ឺនគ្រឿងឱ្យធ្វើចរាចរណ៍

121

 

ភ្នំពេញ៖ បើតាមកំណត់ត្រាស្ថិតិយានយន្ត និងស្ថានភាពចរាចរណ៍ ក្នុងរយៈពេល៣១ថ្ងៃ នៃការបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ដោយរាប់ចាប់ពីម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដល់ម៉ោង ២៤:០០នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ មានយានយន្តចំនួន ៤៣៧ ៣៨១គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយចេញចូលតាមស្ថានីយទាំង៨ទីតាំង ខណៈដែលករណីគ្រោះថ្នាក់មានចំនួន១៩ករណី (ស្មើនឹង ០,០០៤% បើធៀបទៅនឹងទំហំចរាចរណ៍ដែលបានកត់ត្រា)។

ក្នុងចំណោមយានយន្តចំនួនជិត ៤៤ម៉ឺនគ្រឿង ដែលបានចរាចរណ៍ក្នុងពេលបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃមួយខែនេះ មានករណីប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះ សរុបចំនួន ១២៩១ខ្សែ បានធ្វើការទាក់ទងទៅកាន់លេខ ១៣៩៩ ដែលជាលេខទូរស័ព្ទសង្គ្រោះរបស់ក្រុមហ៊ុន។

សូមជម្រាបជូនដែរថា៖ ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ នឹងផ្តើមគិតថ្លៃសេវាធ្វើដំណើរ ចាប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៧:០០នាទីព្រឹក នេះតទៅហើយ។ ចំពោះសេវាធ្វើដំណើរ នឹងត្រូវគណនាតាមចម្ងាយជាក់ស្តែងនៃការបើកបរ និងតាមប្រភេទយានយន្ត។ ក្រុមហ៊ុនក៏មានការបញ្ចុះតម្លៃសេវាចំនួន ២០% ជូនដល់បងប្អូនអ្នកធ្វើដំណើរផងដែរ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ចូលរួមស្វែងយល់ និងអនុវត្តតាមសេចក្តីណែនាំឱ្យបានម៉ឺងម៉ាត់ ចំពោះគ្រប់លក្ខខណ្ឌក្នុងការបើកបរលើផ្លូវល្បឿនលឿននេះ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការធ្វើដំណើររបស់ប្រកបទៅដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង