ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំពង់ធំរៀបចំប្រដាល់គុនខ្មែរ ដើម្បីអបអរបុណ្យអុំទូករបស់ខេត្ត

98

ភ្នំពេញ៖ក្នុងខណៈដែលខេត្តកំពង់អំរៀបចំពិធីបុណ្យអុំទូករយៈពេល២ថ្ងៃគឺថ្ងៃទី៤និ៥វិច្ឆិកានោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)សហកាជាមួយរដ្ឋបាលខេត្តកំពង់ធំនិងសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរលក្ខណៈមិត្តភាពចំនួន១១គូនៅព្រលប់ថ្ងៃទី០៤ខែវិច្ឆិកានេះដើម្បីអបអរសាទរពិធីអុំទូកខេត្តកំពង់ធំ ឆ្នាំ២០២២។
សម្រាប់ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកាស្អែកនេះ NOCC ក៏នឹងមានរៀបចំនូវកម្មវិធីរត់កម្សាន្ដ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលរួមរត់ឮដើម្បីសុខភាពក៏ដូចជាផ្សារភ្ជាប់នូវយុទ្ធនាការប្រជាជនម្នាក់លេងកីឡាមួយប្រភេទដើម្បីបំផុសចលនាមហាជនក្នុងដំណើរឆ្ពោះព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំ នាឆ្នាំ២០២៣ ខាងមុខផងដែរ។
ការប្រកួតក្បាច់គុនបុរាណខ្មែរនេះបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់
លោកបណ្ឌិតថោងខុនប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)និងជាអនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មាធិការជាតិCAMSOCហើយឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការរៀបចំការប្រកួតនេះ គឺជាការបំផុតចលនាមហាជនឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
លោករដ្ឋមន្ដ្រី និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ធំ បានបន្ថែមថា នៅក្នុងកម្មវិធីឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ គឺជាចលនាមហាជន មានន័យថាគ្រប់គ្នាទាំងអស់ប្រជាជនម្នាក់ត្រូវចេះលេងកីឡាមួយមុខ។ដូច្នេះការប្រកួតកីឡានេះក៏ដើម្បីអបអរសាទរពិធីបុណ្យអុំទូកនៅខេត្តយើងផងតែក៏ដើម្បីចូលរួមផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅថ្ងៃខាងមុខទៀតផង។

លោកបណ្ឌិតថោងខុនបានណែនាំដល់កីឡាករចូលរួមប្រកួតទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវស្មារតីកីឡាគោរពបទបញ្ជាការប្រកួតគោលការណ៍Fair-Playពិសេសការគោរពឲ្យតម្លៃដៃ
គូប្រកួត ចាត់ទុកដៃគូប្រកួតជាគ្រួសារកីឡាជាមួយគ្នា មិនមែនជាសត្រូវគ្នានោះទេ ។ ក្រោយបង្ហាញសមត្ថភាព ជំនាញ និងបច្ចេកទេសកីឡាប្រដាល់ គឺត្រូវចេះស្រលាញ់គ្នា សាមគ្គីភាពគ្នា ចងមិត្តភាពនឹងគ្នា ទើបទទួលបានជោគជ័យក្នុងអាជីបជាកីឡាករពិតប្រាកដ ។ ក្នុងកីឡា មិនសំខាន់ ការឈ្នះ-ចាញ់ទេ សំខាន់បំផុត គឺការចូលរួម ដែលជាកត្តាសំខាន់។
លោកងួនរតនៈអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានថ្លែងអំណរគុណឯកឧត្តមបណ្ឌិត ថោង ខុន ក៏ដូចជាថ្នាក់ដឹកនាំ NOCC ដែលបានពាំនាំមកនូវកីឡាប្រដាល់គុនខ្មែរ ដើម្បីបង្កលក្ខណៈកាន់តែអធិកអធមថែមទៀត នៅក្នុងពិធីអុំទូកខេត្តកំពង់ធំ ឆ្នាំ២០២២ ។ លើសពីនេះលោកថែមទាំងបានប្ដេជ្ញានឹងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាប្រដាល់គុនខ្មែរក្នុងខេត្តរបស់ខ្លួនឲ្យរីកចម្រើនដើម្បីលើកមុខមាត់កីឡាអត្តសញ្ញាណជាតិមួយនេះនៅក្នុងមូលដ្ឋានរបស់ខ្លួនទៀតផង។
សូមបញ្ជាក់ថាការប្រកួតកីឡាប្រដាល់គុនខ្មែរមានបងប្អូនអ្នកខេត្តកំពង់ធំនិងភ្ញៀវជាតិ-អន្ដរជាតិចូលរួមទស្សនាយ៉ាងច្រើនកុះករ៕

អត្ថបទដែលជាប់ទាក់ទង