ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នេរសមុទ្រអូរឈើទាល ពោរពេញដោយសំរាម និងគ្មានមនុស្ស ភ្ញៀវទេសចរ ជាតិ អន្តរជាតិ ទៅលេងកម្សាន្ត ដូចមុន

119

ភ្នំពេញ៖ ប្រជាពលរដ្ឋមួយចំនួនបានសម្តែងនូវការខកចិត្ត ហួសចិត្ត និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរតែនិយាយលែងចេញ នៅពេលដែលបានឃើញរូបភាពសន្លឹក និងវីដេអូ ជាច្រើនត្រូវបានចែកចាយលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក្នុងរយៈពេលចុងក្រោយនេះ បង្ហាញពីឆ្នេរសមុទ្រដ៏មានសក្តានុពលនៅខេត្តព្រះសីហនុ ពោរពេញដោយសំរាម និងគ្មានមនុស្ស ភ្ញៀវទេសចរ ជាតិ អន្តរជាតិ ទៅលេងកម្សាន្ត ខណៈតំបន់នោះត្រូវបាន គេហ៊ុមព័ទ្ធរបងស័ង្កលីជិតឈឹង។ ប៉ុន្តែគេមិនបានដឹងនោះទេថា រូបភាពទាំងនោះជាការពិត ឬគ្រាន់តែជារូបភាពប្រឌិត កែច្នៃដោយបច្ចេកទេសកាត់។ ទន្ទឹមគ្នានឹងរឿងនេះ កំពុងតែក្លាយជាប្រធានបទក្តៅ សម្រាប់អ្នកលេងបណ្តាញសង្គមនោះ ស្រាប់តែតារាសម្តែងប្រុស លោក ជា វណ្ណរិទ្ធ បញ្ចេញមតិភ្លាមៗ ក្នុងន័យព្រួយបារម្ភចំពោះឆ្នេរសមុទ្រកម្ពុជានាថ្ងៃអនាគត។ ចំណែកម្ចាស់ផេកហ្វេសប៊ុកម្នាក់​ បានស្នើសុំអាជ្ញាធរខេត្តព្រះសីហនុ ដើម្បីរៀបចំឆ្នេរខ្សាច់ និងសំរាមឲ្យស្អាតល្អដូចដើមវិញ។

លោក ជា វណ្ណរិទ្ធ ដែលជាពិធីករទូរទស្សន៍បាយ័ន បានបញ្ចេញមតិលើផេករបស់លោកថា “ពេលដែលសមុទ្រស្ងប់ស្ងាត់ មិនសូវមានមនុស្សទៅលេងដូចមុន​ ហាងមួយចំនួនធំ ត្រូវបានសេង និងជួលឲ្យថៅកែចិន​បន្ត​ តាមឆ្នេរលែងសូវមានអ្នកអើពើ ក្នុងការសម្អាត​ មាត់ឆ្នេរចាប់ផ្តើមគរសំរាមបន្តរសាត់អណ្តែត តាមទឹករាលដាលដល់ឆ្នេរផ្សេងទៀត។​
ឆ្នេរសមុទ្រកម្ពុជា តារារះនាទិសនិរតី ថ្ងៃមុខនឹងទៅជាយ៉ាងណា?”។

បើតាមផេក ឈ្មោះ Tan Kimsour បានសរសេរថា ខ្ជិលរៀបរាប់ច្រើន បើថាធ្វើមិនកើត ខ្ញុំស្ម័គ្រចិត្តកៀរគរយុវជនស្ម័គ្រចិត្តទៅធ្វើការសំអាតនិងរៀបចំនៅទីនោះនិងតំបន់ផ្សេងៗជាច្រើនទៀត។ ផេកដដែលបានបន្តថា “ខណៈពេលខ្ញុំកំពុងនៅឆ្នេរអូរឈើទាល នៅម្តុំកន្លែងដែលធ្លាប់តែអ៊ូអរ ហើយប្រហែលពុកម៉ែបងប្អូន មើលតាមរយៈវីដេអូនេះស្គាល់ហើយ ដែលកន្លែងនេះកាលពីមុនសម្បូរទៅដោយបារបារាំង ប៉ុន្តែពេលនេះគគ្រិចមែនទែន ។ យុវជនស្ម័គ្រចិត្តរបស់យើងមានច្រើនណាស់ បើសិនជាអាជ្ញាធរនៅតំបន់នេះ គិតថា ពិបាកធ្វើណាស់ អីចឹងអាចពឹងពាក់ពួកខ្ញុំបាន គឺពួកខ្ញុំចុះមកជួយរៀបចំឲ្យបានស្អាតដូចដើមវិញ និងអាចឈូសវាលខ្យាច់ដ៏ស្រស់ស្អាតរបស់យើងនេះ ឲ្យស្នើស្អាត និងប្រមូលសំរាមទាំងអស់នោះចេញ ។ បើសិនជា អាជ្ញាធរគិតថាប៉ប៉ុណ្ណឹងធ្វើអត់កើត ។ ខ្ញុំឃើញមានជនបរទេស កាន់កាមេរ៉ាដើរថតរូបភាព អ៊ីចឹងខ្ញុំចង់សួរថាតើ នៅពេលដែលគាត់បានយករូបថតនោះ ទៅផ្សព្វផ្សាយដល់ប្រទេសគាត់លើឆាកអន្តរជាតិ តើពួកយើងជាខ្មែរ មានអារម្មណ៍យ៉ាងម៉េច ខ្មាសអត់”។

រីឯបណ្តាញទំនាក់ទំនងសង្គមជាច្រើនទៀត ក៏បានបញ្ចេញនូវសារផងដែរ ដូចជាថា ថែឲ្យកូនយើង…! រលកសមុទ្របោកច្រាំងព្រោះខ្យល់ ឆ្នេរខ្សាច់បន្សល់ផ្តល់ជូនខេមរា ដំណើរកម្សាន្តជួបជុំគ្រួសារ លំហែរកាយាក្រោយការនឿយហត់។
សមុទ្រពីមុនមិនខុសឥឡូវ ប្លែកតែដងផ្លូវចិនច្រើនដេរដាស អគារឈរខ្ពស់ផ្លូវជួសជុលប៉ះ ខ្មែរបាត់ឱកាសចិនកើនទ្វេដង។ ស្ពានថ្មខ្ពស់រឹងប្រឹងឈរទ្រខ្មែរ កៀកដៃមិនប្រែថែឆ្នេរឲ្យសុខ បើដល់ដៃចិនខ្មែរច្បាស់បាត់មុខ រវល់សោយសុខជួលទ្រព្យឲ្យចិន។
ភ្លៀងអើយធ្លាក់មកកុំក្រែងចិន្ថា លាងចិត្តខេមរាឲ្យភ្លឺស្រឡះ ចេះស្តាយទឹកដីព្រៃដែនអាកាស ប្រឹងប្រែងឲ្យណាស់ថែឲ្យកូនយើង។

ចំណែក តារាសម្តែង Un Sethea បានចូលរួមបញ្ចេញមតិនឹងគេដែរថា “តើយើងត្រូវបោះបង់ខេត្តមួយនេះ ដោយមិនដឹងខ្លួនហើយឬយ៉ាងម៉េច​ ? មានអារម្មណ៍ថាសោកស្តាយខេត្តដ៏ស្រស់ស្អាតនេះណាស់”។

ផេក Chea Yat បានលើកឡើងថា អាសូរណាស់តំបន់ទេសចរណ៍ដែលធ្លាប់មានមនុស្សកកកុញ បែរមកជាកន្លែងសំរាមទៅវិញ។
ស្លុតចិត្ត! ឆ្នេរអូរឈើទាលដ៏ស្រស់ស្អាត ក្លាយជាឆ្នេរផ្ទុកទៅដោយសំរាមពាសពេញឆ្នេរ ។ តាមរយៈរូបភាពជាច្រើនសន្លឹកដែលត្រូវបានបង្ហោះឡើង ដោយម្ចាស់គណនីឈ្មោះ Chea Yat ពី​ស​ភាព​​ឆ្នេរសមុទ្រលេខ១ រ​បស់កម្ពុជានៅខេត្តព្រះសីហនុ បានក្លាយជាទីតាំង​ចាក់សំរាម យ៉ាង​អាក្រក់​មើល ​ព្រម​ដោយសារហួសចិត្ត។

ស្របពេលឃើញរូ​បភាព​គំនរ​សម្រាមតាមមាត់ឆ្នេរនេះ មជ្ឈដ្ឋានក៏បានចោទជាសំណួរថា តើ​រដ្ឋា​ភិ​បាល​លោក​មាន​បានមើលឃើញបញ្ហាដែលនាំឲ្យឈានដល់កម្រិតនេះទេ បើគ្មានការ​យកចិត្តទុក្ខ​ដាក់នោះ​ឆ្នេរ​សម្រស់ល្អឯកមួយនេះនឹងបាត់បង់ជាក់ជាមិនខាន។

ក្នុងនោះ​ម្ចាស់គណនីឈ្មោះ Kim Theng ក៏បានលើកឡើងដោយពាក្យពេចន៍មានខ្លឹម​សារថា លទ្ធផលចង់​បា​ន​ការអភិវឌ្ឍន៍ពេក មុនពេលដែលមនុស្សរៀនចេះអភិវឌ្ឍន៍ខ្លួន​ឯង។ ជាមួយគ្នានោះម្ចាស់​គណនី​ហ្វេស​ប៊ុក Hoeun Rith បានថ្លែងដោយ​ភាពមិ​នគួរ​ជឿបើទោះឃើញរូបភាពហើយក្តីថា «បើសិនរូបនេះពិតមែន គួរ​អោយ​សង្វេគណាស់ ឆ្នេរសមុទ្រកម្ពុជា មិនគួរ​ដល់​ថ្នា​ក់ហ្នឹងសោះ។

ការបង្ហាញទស្សនៈរបស់បណ្តាញសង្គមពេលនេះ បានធ្វើឱ្យទស្សនិកជនកាន់តែព្រួយបារម្ភបន្ថែម ហើយមានអ្នកខ្លះ ក៏បានសម្ដែងការសោកស្តាយ និងបញ្ចេញប្រតិកម្មរិះគន់ មិនសំចៃមាត់ ដោយពួកគេបានអះអាងថា ខេត្តព្រះសីហនុ ដែលជាទីរមណីយដ្ឋានដ៏ផូរផង់ របស់កម្ពុជា ត្រូវបានផ្លាស់ប្ដូរស្ទើរតែទាំងស្រុង បន្ទាប់ពីប្រជាជនចិន ចាប់ផ្តើមចូលមករស់នៅច្រើនឡើងៗស្ទើររាល់ថ្ងៃ។

តែយ៉ាងណា នេះគ្រាន់តែជាការនិយាយតៗគ្នា ដោយមិនបានទៅមើលពីស្ថានភាពជាក់ស្តែងតែប៉ុណ្ណោះ ខណៈឆ្នេរសមុទ្រកម្ពុជា បច្ចុប្បន្ននៅតែមានទេសភាពស្រស់ស្អាត មានភ្ញៀវទេសចរណ៍ទៅដើរលេងកម្សាន្តជាធម្មតា ដូចសព្វមួយដង។ ប្រសិនបើឆ្នេរសមុទ្រកម្ពុជា មានសំរាមដូចដែល អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកលើកឡើង សួរថា តើអភិបាលខេត្ត និងអ្នកគ្រប់គ្រងកំពុងធ្វើអ្វី? ផ្ទុយទៅវិញ អ្នកគ្រប់គ្រងខេត្តកំពុងតែ យកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការថែរក្សា និងអភិវឌ្ឍឆ្នេរសមុទ្រមួយនេះ កាន់តែទាក់ទាញបន្ថែមទៀត។

ចំណែកបុរសម្នាក់ ដែលជាអ្នកបកប្រែភាសាចិន កំពុងបម្រើការងារនៅក្រុមហ៊ុនមួយ បានបញ្ចេញមតិប្រាប់អ្នកសារព័ត៌មានថា ឆ្នេរអូរឈើទាល ត្រូវគេដាក់របងហ៊ុមព័ទ្ធមិនចូលលេងទៀតទេ ហើយឧបករណ៍ សម្ភារជាច្រើន សម្រាប់លេងកម្សាន្ត ត្រូវបានគេទុកចោល ក្នុងកន្លែងនោះដដែល ដោយមិនទៅណាទេ គឺយកតែលុយប៉ុណ្ណោះ ព្រោះគេជួលកន្លែងឲ្យជនជាតិចិន បានតម្លៃថ្លៃ ទៅខ្វល់អីនឹងរបស់របរទាំងនោះ ទុកចោលទៅ ក៏មិនខាតបង់អ្វីដែរ ។

សូមបញ្ជាក់ថា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដាក់ចេញអនុសាសន៍ និងស្នើសុំកិច្ចសហការជាមួយរដ្ឋបាលខេត្តជាប់ឆ្នេរសមុទ្រទាំង៤ មានខេត្តព្រះសីហនុ កំពត កោះកុង និងខេត្តកែប ត្រូវបង្កើតឲ្យមានសួនទេសចរណ៍ដ៏ស្រស់បំព្រង គួរជាទីទាក់ទាញឲ្យបានគ្រប់ៗខេត្ត ។ អនុសាសន៍ថ្មីនេះ ត្រូវបានលើកឡើងក្នុងសិក្ខាសាលាស្តីពី វឌ្ឍនភាពនៃការអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា ក្នុងនាមជាសមាជិកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ នៅសណ្ឋាគារឆ្នេរឯករាជ្យ ខេត្តព្រះសីហនុ ក្រោមវត្តមានលោករដ្ឋមន្ត្រី ថោង ខុន និងលោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក និងមានការចូលរួមពីអភិបាល-អភិបាលរងខេត្តតំបន់ឆ្នេរទាំង៤ រួមនឹងមន្ទីរពាក់ព័ន្ធក្នុងខេត្តជាប់សមុទ្រទាំង៤ផងដែរ។ លោកបានបន្តដាក់អនុសាសន៍ទៀតថា វិស័យឯកជន វិនិយោគិនទាំងអស់ ដែលទទួលបានកិច្ចសន្យាសម្បទានទេសចរណ៍ពីរាជរដ្ឋាភិបាល និងបណ្តាប្រតិបត្តិករទេសចរណ៍ទាំងអស់ ដែលជាអ្នកគ្រប់គ្រងឆ្នេរ ទាំងឆ្នេរធម្មជាតិ ឆ្នេរកែច្នៃ ឆ្នេរកម្សាន្ត និងឆ្នេរតាមកោះនានា ត្រូវចូលរួមឱ្យបានសកម្មក្នុងចលនាប្រឡងប្រណាំងឆ្នេរស្អាត ហើយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសូចនាករទាំងអស់ ពិសេសការរៀបចំក្រុមការងារទទួលបន្ទុកគ្រប់គ្រងឆ្នេរសមុទ្រ ការគិតគូរលើការគ្រប់គ្រងសំណង់រឹង និងរាវ ព្រមទាំងគុណភាពទឹកសមុទ្រ ការថែរក្សាភាពស្អាត ការបំពាក់ធុងសំរាមដែលមានការបែងចែក និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ នៅតាមទីតាំងអាជីវកម្ម ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយនិរន្តរភាព ការធានាដល់ការរីកចម្រើនធុរកិច្ចរបស់ខ្លួនផង និងសង្គមជាតិទាំងមូលផង។ លោករដ្ឋមន្ត្រីក៏បានស្នើឱ្យក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើពិភពលោក ជួយជាបច្ចេកទេស និងជាដៃគូដល់កម្ពុជា ក្នុងរៀបចំបង្កើតជាវេទិការួមមួយ ដោយចងជាបណ្តាញអ្នកជំនាញទេសចរណ៍ វិនិយោគិននៅឆ្នេរសមុទ្រកម្ពុជា ប្រមូលផ្តុំគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឈរលើគោលការណ៍ 4P (Public-Private-People-Partnership) ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់រួមគ្នា រួមគិត រួមធ្វើ រួមទទួលខុសត្រូវ សំដៅធានាដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវនៅតាមតំបន់ឆ្នេរសមុទ្រកម្ពុជា។ លើសពីនេះ ត្រូវបន្តពង្រីកពិពិធកម្មផលិតផលទេសចរណ៍ ឱ្យកាន់តែសម្បូរបែបនៅតាមឆ្នេរសមុទ្រកម្ពុជា ៕

ខាងក្រោមនេះ ជាវីដេអូឃ្លីប បង្ហាញពីឆ្នេរសមុទ្រកម្ពុជា នាពេលបច្ចុប្បន្ន ពោរពេញ ដោយសំរាម និងគ្មានអនាម័យ ដែលហ៊ុមព័ទ្ធដោយរបងស័ង្កសី៖

អត្ថបទដែលជាប់ទាក់ទង