ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គកឋិនទានសាមគ្គីដង្ហែវេរប្រគេន ព្រះសង្ឃវត្តសង្កែរ ស្រុកកំចាយមារ ខេត្តព្រៃវែង ប្រមូលបានបច្ច័យជិត ៨៣លានរៀល

54

 

ព្រៃវែង៖ លោកបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ទីប្រឹក្សារាជរដ្ឋាភិបាល និងលោក ស្រី រួមនិងពុទ្ធ បរិស័ទចំណុះជើងវត្តជាច្រើនរូបទៀតបានមូលមតិគ្នាជាឯកច្ឆ័នធ្វើអង្គកឋិនទានសាមគ្គីដង្ហែវេរប្រគេនព្រះសង្ឃវត្តសង្កែរ ស្ថិតក្នុងភូមិសង្កែរ ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែងដោយប្រមូលបានបច្ច័យជិត ៨៣លានរៀលទុកសម្រាប់ព្រះសង្ឃយកទៅប្រើប្រាស់ក្នុងការកសាងសមិទ្ធផលនានាក្នុងវត្ត ជាពិសេ ស ការកសាងឧបដ្ឋានសាលាដែលកំពុងដំណើរការសាងសង់។

អង្គកឋិនទានសាមគ្គីមួយនេះបានដង្ហែចូលវត្តសង្កែរកាលពីព្រឹកនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា និងលោកជំទាវ រួម និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។ ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ ព្រះសង្ឃ គណៈកម្ម ការអាចារ្យវត្ត និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តសង្កែរ នៃភូមិសង្កែរ ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្ត ព្រៃវែងបានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តម បណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ទីប្រឹក្សារាជរដ្ឋាភិបាល និងលោកជំទាវ រួមនិងពុទ្ធបរិស័ទដទៃៗទៀត ដែលមានសទ្ធាជ្រះថ្លាផ្តើមធ្វើអង្គកឋិនទានសាមគ្គី ដើម្បីប្រមូលបច្ច័យសម្រាប់ការកសាងសមិទ្ធផល ចាំបាច់នានានៅវត្តសង្កែរនេះឡើងទុកសម្រាប់បំរើសេចក្តីត្រូវការខាងវិស័យព្រះពុទ្ធសាសនាតរៀងទៅ។
ក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានគូសបញ្ជាក់ថា កឋិនទានបវេណី ព្រះពុទ្ធសាសនា គឺជាឧត្ដមបុណ្យរបស់ពុទ្ធបរិស័ទ។ ពាក្យថា “កឋិន“ជាភាសាបាលីសំដៅយកក្របក្ដារ ដែលភិក្ខុសង្ឃសម័យបុរាណឥណ្ឌាប្រើសម្រាប់ដេរសំពត់ធ្វើជាស្បង់ចីវរ។ សំពត់ដែលបានរៀបចំតាក់ តែងឡើងនោះមានឈ្មោះថា“សំពត់កឋិន“។

បុណ្យកឋិន ជាពិធីបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា។ អង្គកឋិនទានតែងត្រូវបាន ដង្ហែចូលគ្រប់ទីអារាមទាំងអស់ពុំមានទំនេរវត្ដណាមួយត្រូវបានខកខានឡើយ។ ដូច្នេះគេតែងតែឃើញ ក្បួនកឋិនទានតែងបានដង្ហែទៅកាន់ទីអារាមរៀងៗខ្លួនចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ហើយបើទីអារាមណាមួយមិនមានកឋិនហែចូលទេ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្ត ដែរ។
សូមជម្រាបជូនថា នៅរសៀលថ្ងៃដដែលនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ក៏បាន អញ្ជើញទៅពិនិត្យមើលដំណើរការនៃការស្ថាបនាទីលានបាល់ទាត់នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ពារាំង ស្ថិតក្នុងស្រុកពាំង ខេត្តព្រៃវែង ក្រោមការឧបត្ថម្ភដោយផ្ទាល់ពីសំណាក លោកនិងលោកស្រី ក្នុងទំហំទឹកប្រាក់ ប្រមាណ ១ម៉ឺន ៦ពាន់ដុល្លារអាមេរិកទុកសម្រាប់ការហ្វឹកហាត់ និងការប្រកួតនានា ដោយក្នុងឱកាសនេះ លោក
ទេសរដ្ឋមន្ត្រីបានជម្រុញគណៈគ្រប់គ្រងសាលាយកចិត្តទុកដាក់ពិនិត្យទៅ លើការសាងសង់របស់ក្រុមជាងអោយត្រូវតាមស្តង់ដា ដើម្បីអោយទីលានបាល់ទាត់មួយនេះមានលក្ខណៈ គ្រប់ជ្រុងជ្រោយ និងអាចធានាការប្រើប្រាស់បានយូរអង្វែង៕ សំរិត

អត្ថបទដែលជាប់ទាក់ទង