ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ូតូបោលបុកគ្នាពេញទំហឹងទាំងកណ្តាលយប់ ស្លាប់និងរបួសធ្ងន់៤នាក់

446

 

ភ្នំពេញ៖ យ៉ាងហោចណាស់ក៏មានយុវជនម្នាក់ បានបាក់កស្លាប់ និងប្រុសស្រី៣នាក់ទៀត រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូមួយគ្រឿង កំពុងជិះក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹងនោះ។

ហេតុការណ័គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវសុធារស ជិតសួនច្បារមុខវត្តបុទុម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ មឿន សុវណ្ណារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នមពេញ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនម្នាក់ រួមដំណើរនឹងនារីម្នាក់ ជិះម៉ូតូ Suzuki Nex  ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GN-0927 ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានទៅបុកម៉ូតូមួយគ្រឿងម៉ាក Click ពណ៌ស លាយពងក្រសា ពាក់ស្លាកលេខ ភ្នំពេញ 1AL-4449 ធ្វើដំណើរដោយយុវជនពីរនាក់ ពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចគ្នា ចំពីមុខពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង ហើយត្រូវរថយន្តគ្លីនិចឯកជនដឹកយកទៅសង្គ្រោះ តែអកុសលយុវជនម្នាក់ ជាអ្នកបើកបរម៉ូតូនិក ត្រូវបានស្លាប់នៅតាមផ្លូវបាត់ទៅហើយ រួចរថយន្តសង្គ្រោះក៏ដឹកជនរងគ្រោះមកកន្លែងកើតហេតុវិញ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ទាក់ទងជំនាញចរាចរណ៍ក្រុង មកវាស់វែងយកម៉ូតូទាំងពីរគ្រឿង ទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពជនគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង